Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​យាង​ទៅ​ទីក្រុង​ប៉េកាំង ចូលរួម​ក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ តប​តាម​ការយាង​របស់លោក​ប្រធានាធិបតី​ចិន​

spot_img

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១៩ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​យាង​ចូលរួម​ក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន តប​តាម​ការយាង​របស់ លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។

​នៅក្នុង​ឱកាស​នេះ​ដែរ គឺ​មាន​មន្ត្រី​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ព្រះបរមរាជវាំង ព្រះ​ញាតិវង្ស​ជាច្រើន បាន​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះអង្គ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​មិញ​នេះ​យ៉ាងច្រើន​កុះករ ។

​សូម​ជំរាប​ផងដែរ​ថា កិច្ចប្រជុំ​សន្ទនា​អរិយធម៌​អាស៊ី​នេះ នឹង​ផ្តោត​លើ​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌​អាស៊ី ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក និង​សហគមន៍​រួម​វាសនា​។ គោលបំណង​សំខាន់ គឺ​ឆ្ពោះទៅមុខ​ដើម្បី​ទទួលបាន​នូវ​សមិទ្ធិផល​ដ៏​អស្ចារ្យ​នៃ​អរិយធម៌​នៅ​អាស៊ី​និង​ពិភពលោក បង្កើត​ជា​វេទិកា​សម្រាប់​ការរៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​និង​ទទួលបាន​នូវ​ការអភិវឌ្ឍ​ទៅវិញទៅមក បង្កើន​ទំនុកចិត្ត​លើ​វប្បធម៌​អាស៊ី លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ី និង​ការជឿទុកចិត្ត​គ្នា​ទៅវិញទៅមក រួម​កម្លាំង​គ្នា​ដោយ​​មាន​ការយោគយល់​គ្នា​ក្នុង​ការអភិវឌ្ឍ​តំបន់​អាស៊ី ជំរុញ​ឱ្យ​មាន​ភាពរឹងមាំ​នៃ​ការបង្កើត​ថ្មី​នៅ​អាស៊ី ផ្ដល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​សហគមន៍​រួម​វាសនា​នៅ​អាស៊ី និង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​។​

​ព្រះអង្គ នឹង​យាង​និវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោយ​បញ្ចប់​វេទិកា​នៅ​ប្រទេស​ចិន​។

​សូម​ព្រះអង្គ​មាន​ព្រះរាជ​សុវត្ថិភាព​ទាំង​ក្នុង​ពេល​យាង​ទៅ​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចិន និង​ក្នុង​ពេល​យាង​និវត្តន៍​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​៕​ ដោយ​៖​កូឡាប​

spot_img
×