Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​នៃ​នេ​ប៉ាល់ អញ្ជើញ​ជា​អធិបតី​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍ ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ និង​លោកជំទាវ រ៉ា​ឌី​កា សា​គី​យ៉ា (Radhika Shakya) នៅក្នុង​ឱកាស​ដែល ឯកឧត្តម​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។

​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​ការដែល​បានធ្វើ​ឡើង​នៅ​វិមាន​រដ្ឋាភិបាល​សន្តិភាព​ គឺមាន​រួមទាំង​ពិធីត្រួតពល​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា នៅក្នុង​បរិយាកាស​ស្និទ្ធស្នាល រីករាយ​រាក់ទាក់ និង​កក់ក្តៅ​បំផុត​។

​ដំណើរ​ទស្សនកិច្ច​រប​ស់ឯ​.ឧ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ K. P. Sharma Oli មកកាន់​កម្ពុជា​នាពេល​នេះ នឹង​ពង្រឹង​នូវ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​២​អោយ​កាន់តែ​រឹងមាំ​ថែមទៀត រួមជាមួយ​និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​អោយ​កាន់តែ​ស៊ីជម្រៅ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​។​

​នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រួចហើយនោះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ​ប៉ាល់ បាន​អញ្ជើញ​ជា​អធិបតី​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ រួមមាន​៖

១) ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម និង ​វិនិយោគ ចុះហត្ថលេខា​ដោយ ឯកឧត្តម ហេ​ដា បា​ហា​ដូ​ល អាល់​ឌី​ការី រដ្ឋលេខា​ទទួលបន្ទុក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ និង ឯកឧត្តម ប៉ាន់ សូរ​ស័ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ។​

២) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង សភាពាណិជ្ជកម្ម​កម្ពុជា ចុះហត្ថលេខា​ដោយ ឯកឧត្តម រ៉ា​ឆី​ស កា​ហ្ស៊ី ស្ត្រា​លតា ប្រធានសភា​ពាណិជ្ជកម្ម​នេ​ប៉ាល់ និង​ឧកញ៉ា លឹម ហេង អនុប្រធាន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ ឯកឧត្តម​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មកកាន់​កម្ពុជា​នាពេល​នេះ នឹង​បាន​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ចំណងមិត្តភាព និង​លើកតម្កើង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×