Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន និង លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ​ខណៈ​បច្ចុប្បន្ន​ការធ្វើ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មាន​កម្រិត​តិចតួច​បំផុត​

spot_img

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ១១​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​អញ្ជើញ​ជា​អធិបតី​រួមគ្នា​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។ វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ធុរកិច្ច​ជនកម្ពុជា និង​នេ​ប៉ាល់​ជាច្រើនរូប​។ ការរៀបចំ​វេទិការ​នេះ​ឡើង​ក្នុង​បំណង​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ធុរកិច្ច​រវាង​កម្ពុជា​-​នេ​ប៉ាល់ ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ខណៈ​បច្ចុប្បន្ន​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​កម្រិត​តិចតួច​បំផុត​។

​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​បានបង្ហាញរ​បាយ​ការណ៍​ពី​វិស័យ​ពាណិជ្ជកម្ម និង វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​រួចហើយ លោក ខេ​ភី សា​ម៉ា​អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ ក៏បាន​បង្ហាញ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការរីកចម្រើន និង​សក្តានុពល​នៃ​ប្រទេស​នេ​ប៉ាល់​ផងដែរ​។ លោក បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​ឯកឧត្តម​និង​ភរិយា ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​នេ​ប៉ាល់​មក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​នាពេលនេះ​។ លោក នាយករដ្ឋមន្ត្រី បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ជាការ​ចាប់ផ្តើម​នូវ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​នៃ​ប្រទេស​យើង​ទាំងពីរ​។ លោក​បាន​បន្តថា តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​កន្លងមក​គឺ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ដែល​អាចធ្វើ​កា​រ​ជាមួយគ្នា​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សប្បាយរីករាយ​ក្រៃលែង​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​បើក​វេទិការ​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ និង​គណៈប្រតិភូ​ធុរជន និង​អ្នកវិនិយោគ​នេ​ប៉ាល់ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​កនៅ​ម្ពុ​ជា​ដើម្បី​ស្វែងយល់​ដោយផ្ទាល់​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា និង សក្តានុពល​វិនិយោគ​។

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ សម្តេច​តេ​ជោ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​នេ​ប៉ាល់​ជា​លើក​ទី​១ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​ក្នុង​វិស័យ​ការទូត ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​កន្លងទៅ​ថ្មីៗ​នេះ​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​៤ រួមមាន​ ៖

១) កិច្ចព្រមព្រៀង​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​។

២)​កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន ការទូត និង​ផ្លូវការ​។​

៣) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការពិគ្រោះ​យោបល់​ទ្វេភាគី រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ

៤) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រា​សាសន៍​ថា កម្ពុជា និង​នេ​ប៉ាល់ បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​ឆ្នាំ​១៩៦៤ មកម្ល៉េះ ប៉ុន្តែ​ទំនាក់ទំនង​នេះ​ត្រូវ​ផ្អាក​មួយរយៈ​ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​។ ទំនាក់ទំនង​ការទូត​វាង​ប្រទេស​យើង​ទាំងពីរ​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​១៩៩៩ ហើយ​ទំនាក់ទំនង​នេះ មាន​លក្ខណៈ​ជា​មិត្តភាព​កាន់តែ​ស្និទ្ធស្នាល​តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ខេ ភី សា​ម៉ា អូ​លី មក​កម្ពុជា នាពេលនេះ បាន​បន្ត​ពង្រឹង​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ ជាក់ស្ដែង​កាលពី​ម្សិលមិញ​នេះ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួនទៀត ដែល​ក្នុងនោះ រួមមាន​៖ ១) កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​សហប្រតិបត្តិ​ការពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​រវាង​ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ និង ២) អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តទៀតថា ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ជា​មធ្យម ក្នុង​រង្វង់ ៧,៧% ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥​។ ជាងនេះទៅទៀត នៅក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ចកម្ពុជា​មានកំ​ណើ​ន​លើសពី​ការរំពឹងទុក ពោលគឺ​បាន​កើនឡើង​ក្នុង​អត្រា ៧,៥% ធៀប​នឹង​ការគ្រោងទុក ៧,១%​ពី​ដើមឆ្នាំ ដែលជា​មូលដ្ឋាន​នៃ​ការបន្ត​ភាពរឹងមាំ នៅក្នុង​ឆ្នាំ​២០១៩ នេះ​។ កម្ពុជា​កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ តាម​ការកំណត់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ​ដែលមាន​ស​ក្តា​នុព​ល សម្រាប់​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស​។ ជាក់ស្តែង ផ្អែក​តាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​រយៈពេល​៥​ឆ្នាំ​(២០១៤-២០១៨) ស្ថានភាព​វិនិយោគ​របស់​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ ដោយ​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២៣​ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​អាចបង្កើត​ការងារ​ចំនួន ១​លាន​កន្លែង​។ ដោយឡែក ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ នេះ គម្រោង​វិនិយោគ​ដែល​ត្រូវ​បានអនុម័ត​មាន​ចំនួន ១១៥​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ត្រឹមតែ ៨១​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ​ជា​៨៦៣​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​កាន់​កម្ពុជា​បន្ត​កើន​ឡើងជា​លំដាប់​។ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជា ១,៨៨​លាន​នាក់ មានការ​កើនឡើង ៩,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ យើង​រំពឹងថា ចំនួន​ភ្ញៀវទេសចរ​នឹង​កើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ និង​ធុរជន ក្នុងការ​បណ្តាក់ទុន​ក្នុង​វិស័យនេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥- ២០២៥ ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។ ជាក់ស្តែង គោលនយោបាយ​នេះ បានកំណត់​ប្រភេទ ឧស្សាហកម្ម​អាទិភាព​ចំនួន​៥ រួមមាន​៖ ១) ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មីៗ​ដែលមាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្តល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​,២) សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ត្រប់​វិស័យ​, ៣) ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ​និង​ទីផ្សារ​ក្នុងស្រុក​, ៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហ​កម្មត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែ​ច្រវាក់​តម្លៃ​​សកល​, និង ៥) ប្រភេទ​ឧស្សាហកម្ម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជ​ក្បាលម៉ាស៊ីន នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ យើង​បាន​បង្កើត​យន្តការ​សន្ទនា​មួយ ហៅថា “​វេទិកា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន​” ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា និង​តំណាង​ស្ថាប័ន​អន្តរជាតិ​មួយចំនួន​។ វេទិកា​វិស័យ​ឯកជន និង​រដ្ឋាភិបាល​នេះ បានដាក់​ចេញ​នូវ​វិធានការ​មុត​សិច​មួយចំនួន​គឺ ១) បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា​, ២) កែលម្អ និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​, និង ៣) ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​នេ​ប៉ាល់ ដែលមាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ ទន្ទឹមនឹងនេះ សម្តេច​ក៏​សូម​លើកទឹកចិត្ត ដល់​អ្នកវិនិយោគ​កម្ពុ​ជា​ដែលមាន​បំណង​ចង់​ពង្រីក អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស ពិចារណា​ប្រទេស​នេ​ប៉ាល់ ជា​ប្រទេស​គោលដៅ​របស់ខ្លួន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៤​ចំណុច​គឺ​៖ ទី​១)​ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។ ទី​២)​ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។ ទី​៣)​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។ ទី​៤)​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ បាននិងកំពុង​ក្លាយជា “​រោងចក្រ​នៃ​អាស៊ី​” ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក​, ទីផ្សារ​អនុតំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន​, និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្វាគមន៍ ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​នេ​ប៉ាល់​ដែល​មានបំណង​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ផ្តល់​ការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា​ដែលមាន បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស គឺ​ពិចារណា​លើ​ប្រទេស​នេ​ប៉ាល់ ដែលជា​ប្រទេស​គោលដៅ​របស់ខ្លួន​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្កា​នុព​ល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ​៤​ចំណុច​៖

១)​ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។​

២)​ការបើកចំហរ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។ គ្រប់​វិនិយោគិន​ទាំងអស់​អាចដាក់​ទុនវិនិយោគ​ភាគហ៊ុន​ផ្ទាល់ ១០០% ដោយ​មិនចាំបាច់​មាន​ភាគហ៊ុន​ក្នុងស្រុក​ឡើយ​។​

៣)​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ ៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។​

៤)​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាន​នឹង​កំពុង​ក្លាយជា “​រោងចក្រ​នៃ​អាស៊ី​”​។ ទំនិញ​ផលិតផល​នៅ​ប្រទេស​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក ទីផ្សារ​អនុតំបន់​មេគង្គ ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​នេ​ប៉ាល់ និង​វិ​និ​គិ​ន​បរទេស​ទាំងអស់ ដែល​មិនទាន់​បានមក​កម្ពុជា សូម​អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធានា​ជូន​អ្នក​វិនិយោគិន​​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុគ្រោះ និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ ពិសេស​គឺ​សន្តិភាព និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធ​ភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×