ប្រទេសកូរ៉េខាងជើងបានទាមទារឲ្យសហរដ្ឋអាមេរិចប្រគល់កប៉ាល់ដឹកទំនិញមកខ្លួនវិញ ដែលអាមេរិចបានចាប់កាលពីពេលថ្មីៗនេះ។
សូមរម្លឹកថា សហរដ្ឋអាមេរិចបានចាប់កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់កូរ៉េខាងជើង ដោយចោទប្រកាន់ថា វាបានល្មើសទៅនឹងទណ្ឌកម្ម។
ការចាប់កប៉ាល់របស់កូរ៉េខាងជើងនេះ ទំនងជាធ្វើឲ្យមានភាពតានតឹងកើនឡើងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ក្នុងពេលនេះ ការព្យាយាមរបស់អាមេរិចក្នុងការបញ្ចុះបញ្ចូលកូរ៉េខាងជើងមិនឲ្យផលិតអាវុធនុយក្លេអ៊ែរ បានជាប់គាំង ក្រោយពេលកិច្ចប្រជុំកំពូលបានបរាជ័យកាលពីខែកុម្ភៈកន្លងទៅ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កប៉ាល់នោះមានឈ្មោះថា M/V Wise Honest ហើយវាត្រូវបានប្រើប្រាស់ដើម្បីដឹកធ្យូងថ្មពីកូរ៉េខាងជើង សម្រាប់លក់នៅក្នុងប្រទេសដទៃ ដូចជាចិនជាដើម។
អាមេរិច និងអង្គការសហប្រជាជាតិបាននិយាយថា កូរ៉េខាងជើងបានប្រើប្រាស់ការលក់ខុសច្បាប់ ដើម្បីបានលុយយកទៅគាំទ្រដល់កម្មវិធីផលិតអាវុធ និងមីស៊ីលរបស់ខ្លួន។
កប៉ាល់ M/V Wise Honest គឺជាកប៉ាល់ដឹកទំនិញដ៏ធំបំផុតទី ២ របស់កូរ៉េខាងជើង ដែលអាចមានសមត្ថភាពដឹកទំនិញបានរាប់ម៉ឺនតោន។ ព្រះរាជ្យអាជ្ញាអាមេរិច បាននិយាយថា កប៉ាល់នោះក៏ត្រូវបានគេប្រើប្រាស់ដើម្បីដឹកគ្រឿងចក្រធ្ងន់ៗចូលកូរ៉េខាងជើងផងដែរ រួមមានការដឹកដែលទម្ងន់ ៤១២.៥៨៤គីឡូក្រាម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN