Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​ទី ១០០​ឆ្នាំ នៃ​ព្រះរាជ​ពិធី​សម្ភោ​ធ ព្រះទីនាំង​ទេវាវិនិច្ឆ័យ នៃ​ព្រះបរមរាជវាំង​ចតុម្មុខ​មង្គល

spot_img

​ភ្នំពេញ ​៖ ​ខួប​ទី ១០០​ឆ្នាំ នៃ​ព្រះរាជ​ពិធី​សម្ភោ​ធ ព្រះទីនាំង​ទេវាវិនិច្ឆ័យ នៃ​ព្រះបរមរាជវាំង​ចតុម្មុខ​មង្គល ១៦​ ឧសភា ​១៩១៩-១៦ ឧសភា ២០១៩ ។ នេះ​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង​។

​ព្រះទីនាំង​ទេវាវិនិច្ឆ័យ​សាងសង់​ក្នុង​រជ្ជកាល​ ​ព្រះបាទ​សម្ដេចព្រះ​សុីសុវត្ថិ ព្រះរាជានុ​កោដ្ឋ ក្នុង​ឆ្នាំ ១៩១៣ – ១៩១៧ ហើយ​ធ្វើ​ព្រះរាជ​ពិធី​សម្ពោធ នៅ​ថ្ងៃ​ទី​១៦ មិថុនា ១៩១៩​។ ទំហំ​ប្រាសាទ បណ្តោយ ៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ និង​មាន​កំពូល​ស្រួច​កំពស់ ៥៩​ម៉ែត្រ​ជា​ព្រះទីនាំង សម្រាប់ធ្វើ ​៖

​ព្រះរាជ​ពិធី​រាជាភិសេក ព្រះមហាក្សត្រ​ឡើង​សោយរាជ្យ​

​ព្រះរាជ​ពិធី​បុណ្យ​ទ្វារទសមាស​

​ព្រះរាជសា​វនា​ការថ្វាយ​សារតាំង​

​ព្រះរាជ​ពិធី​ពិធី​សច្ចាប្រណិធាន​

​ព្រះរាជ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​។​

ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ ចែកចេញ​ជា​ ៖

​ព្រះទីនាំង​ស្វេត​ឆ័ត្រ

​ព្រះទីនាំង​ហោ​រាជបណ្ឌិត

​ព្រះទីនាំង​ហោព្រះអដ្ឋិ​

ព្រះទីនាំង​ក្សិណ

​ព្រះទីនាំង​បុស្បុក​

ព្រះទីនាំង​មហា​មន្ទីរ

​ព្រះទីនាំង​នារីរ័ត្ន​សោភា

​ព្រះទីនាំង​ចក្រពត្តិ

​ព្រះទីនាំង​ព្រះស្ងោ​យ​

​នៅលើ​កំពូល​ស្រួច មាន​រូប​ព្រះ​ភក្ត្រ​ព្រះព្រហ្ម មុខ​៤ ដែល​បែរ​ព្រះ​ភក្ត្រ​ទៅរក​ទិស​ទាំង​៤​ ។​

​ការស្ថាបនា​ព្រះបរមរាជវាំង​ចុងក្រោយ បាន​រៀបចំ​ឡើង​នៅ​ភ្នំពេញ ចំនួន​២​លើក គឺ​លើក​ទី​១ ក្នុង​ឆ្នាំ​១៤៣៤ ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត និង​លើក​ទី​២ ក្នុង​ឆ្នាំ​១៨៦៦ ក្នុង​រាជ្យ​ព្រះបាទ​នរោត្ដម និង​ត្រូវ​រុះរើ​សាងសង់​ជាថ្មី នៅ​ឆ្នាំ ១៩១៣ ក្នុង​រាជ្យ ព្រះបាទ​ស៊ី​សុវត្ថិ រហូតមកដល់​សព្វថ្ងៃ ដែល​មានឈ្មោះ​ថា ព្រះបរមរាជវាំង​ចតុមុខ​មង្គល ដោយ​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំង​បួន មាន ទន្លេមេគង្គ​លើ ទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប​។ ព្រះបរមរាជវាំង សាងសង់​បែរមុខ​ទៅ​ទិស​ខាងកើត គឺ​បែរ​ទៅរក​ទន្លេចតុមុខ​។​

​ព្រះបរមរាជវាំង​មាន​កំពែង ព័ទ្ធជុំវិញ​ប្រវែង ១៧៧២​ម៉ែត្រ ដោយ កំពែង​ខាងកើត​ប្រវែង ៤២១​ម៉ែត្រ ខាង​លិច​ប្រវែង ៤៣៥​ម៉ែត្រ ខាងជើង​ប្រវែង ៤៨៤​ម៉ែត្រ និង​ខាងត្បូង​ប្រវែង ៤៣២​ម៉ែត្រ​។ កំពែង​ថ្ម​រឹងមាំ​ទាំងនោះ លំអ​ទៅ​ដោយ​សន្លឹក​សីមា​នៅ​ពី​លើ ត្រូវបាន​កសាងឡើង នៅ​ឆ្នាំ​១៨៦៦ – ១៨៧០ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្ដម​។ ព្រះបរមរាជវាំង​កសាង​តាម​រចនាបថ​បាយ័ន ដែល​មាន​ក្លោងទ្វារ​ចេញចូល ចំនួន​៥ ហើយ​ទ្វា​រទាំង​៥​នោះ ត្រូវបាន​គេ​សង់​មិន​ឲ្យ​ចាក់​ចំ​គ្នា​ឡើយ​។ នៅ​ប្រាសាទ​បាយ័ន ទ្វារ​ជ័យ​និង ទ្វារ​ខ្មោច​ស្ថិត​នៅ​ទិស​ខាងកើត ហើយ​ទ្វារ​ខ្មោច ស្ថិត​នៅ​ខាងស្តាំ​ដៃ ទ្វារ​ជ័យ​។ ចំនែកឯ​ព្រះបរមរាជវាំង​ចតុមុខ​មង្គល​វិញ ទ្វារ​ជ័យ​ស្ថិត​នៅ​ទិស​ខាងកើត ដែរ​តែ​ទ្វារ​ខ្មោច​វិញ​ស្ថិតនៅ​ឯ​ទិស​ខាងជើង​ទៅវិញ​។ ទ្វារ​ខ្មោច​នេះ ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ប្រើ តែ​ពេល​ណា​មាន​ព្រះមហាក្សត្រ​ចូល​ទីវង្គត ដើម្បី​ដង្ហែ​ព្រះ​សព ទៅ​ធ្វើ​ឈាបនកិច្ច​នៅ​ឯ​ទី​វាលមេរុ​។ សំណង់​ទាំងឡាយ ក្នុង​ព្រះបរមរាជវាំង ត្រូវបាន​គេ​កសាង​ឡើង​ទៅ​តាម ស្ថាបត្យកម្ម​ប្រពៃណីជាតិ ដោយ​អ្នកឧកញ៉ា​ទេព​និម្មិត ម៉ក់ ជា​ស្ថាបត្យករ​ដ៏​ឆ្នើម​។ ប្រាសាទ​ជាច្រើន មាន​រាង​បង្អួត​សង្ហារ ទៅតាម​ក្បូរ​ក្បាច់រចនា មាន​ដំបូល​ច្រើន​ជាន់ ប្រក់​ក្បឿង​ពណ៌​មាស និង​មាន​ប្រាង្គ​កណ្ដាល​សារពើ​សូត្រ កំពូល​ស្រួច​បាញ់​ទៅលើ ដែល​ជា​និមិត្តរូប​នៃ ការរីកចម្រើន​មិន​ចេះ​ចប់​។​

​ព្រះបរមរាជវាំង ត្រូវបាន​ចាត់ទុក​ជា​តំណាង​ប្រទេសជាតិ​ទាំងមូល ហើយ​រាល់​សំណង់​ប្រាសាទ នៅក្នុង​ព្រះបរមរាជវាំង ត្រូវបាន​គេ​លាប​លំអ ដោយ​ពណ៌​លឿង តំណាង​ឲ្យ​ព្រះពុទ្ធសាសនា និង​ពណ៌​ស តំណាង​ឲ្យ​ព្រហ្មញ្ញសាសនា​។​

ប្រាសាទ​ទេវាវិនិច្ឆ័យ​

​ប្រាសាទ​ទេវាវិនិច្ឆ័យ​សាងសង់​ក្នុង​រាជ​ព្រះបាទ​ស៊ី​សុវត្ថិ ក្នុង​ឆ្នាំ ១៩១៣ – ១៩១៧ ហើយ​ធ្វើ​ពិធី​សម្ពោធ នៅ​ថ្ងៃ ទី ១៦ មិថុនា ១៩១៩​។ ទំហំ​ប្រាសាទ បណ្តោយ ៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ និង​មាន​កំពូល​ស្រួច​កំពស់ ៥៩​ម៉ែត្រ ជា​ព្រះទីនាំង សម្រាប់ធ្វើ​ ៖

ពិធី​រាជាភិសេក​

ព្រះមហាក្សត្រ​ឡើង​សោយរាជ្យ​

ព្រះរាជ​ពិធី​បុណ្យ​ទ្វារទសមាស​

ព្រះរាជសា​វនា​ការថ្វាយ​សារតាំង​

ពិធី​សច្ចាប្រណិធាន​

ព្រះរាជ​បដិសណ្ឋារកិច្ច ចំពោះ​ភ្ញៀវ​ជាន់ខ្ពស់​ជាតិ និង​អន្តរជាតិ​

​ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ ចែកចេញ​ជា ព្រះទីនាំង​ស្វេត​ឆ័ត្រ ហោ​រាជបណ្ឌិត ហោព្រះ​អ​ដ្តិ ព្រះទីនាំង​ក្សិណ ព្រះទីនាំង​បុស្បុក ព្រះទីនាំង​មហា​មន្ទីរ ព្រះទីនាំង​នារីរ័ត្ន​សោភា ព្រះទីនាំង​ចក្រពត្តិ និង​ព្រះទីនាំង​ព្រះស្ងោ​យ​។ នៅលើ​កំពូល​ស្រួច មាន​រូប​ព្រះ​ភក្ត្រ​ព្រះព្រហ្ម មុខ​៤ ដែល​បែរ​ព្រះ​ភក្ត្រ​ទៅរក​ទិស​ទាំង​៤​។​

ព្រះមហា​ប្រាសាទ​ខេមរិន្ទ​

​ព្រះមហា​ប្រាសាទ​ខេមរិន្ទ ស្ថិតនៅ​ខាងលិច ឈៀង​ខាងជើង ប្រាសាទ​ទេវាវិនិច្ឆ័យ កសាង​ក្នុង​ឆ្នាំ ១៩២៧ – ១៩៣០ ដោយ​អ្នកឧកញ៉ា​ទេព​និម្មិត ខៀវ ក្នុង​រជ្ជកាល [[​ស៊ីសុវត្ថិ​មុនី​វង្ស​|​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​។ បច្ចុប្បន្ន​ជា​ព្រះរាជដំណាក់​ដែល​ព្រះមហាក្សត្រ​គង់​នៅ​ជា​អចិន្ត្រៃយ៍​។ ប្រាសាទ​នេះ ត្ត្រូវបាន​ព្រះមហាក្សត្រ​ប្រើប្រាស់​សម្រាប់ ទទួល​ភ្ញៀវ​កិត្តិយស​ធំៗ បណ្ដា​ប្រមុខរដ្ឋ​បរទេស ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នាក់អាស្រ័យ ដូចជា លោក​ប្រធានាធិបតី​បារាំង​សាល​ដឺ​ហ្គោល ជាដើម​។​

ប្រាសាទ​សហ​មេត្រី​

​ប្រាសាទ​សហ​មេត្រី ស្ថិតនៅ​ខាងជើង​ហោ​សម្រាន្ត​ភិរម្យ​ក្បែរ​កំពែង​ព្រះបរមរាជវាំង​ខាងជើង កសាង​ឡើង​នៅ​ឆ្នាំ ១៩៥០ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្ដម​សីហនុ ជា​ព្រះរាជដំណាក់ថ្មី សម្រាប់​ព្រះមហាក្សត្រី​ស៊ីសុវត្ថិ​កុសុមៈ​នារីរ័ត្ន ជា​ព្រះវររាជ​មាតា របស់​ព្រះអង្គ​តាំង​ឧបោសថសិល​នៅទីនោះ ក្រោយពេល​ដែល​ព្រះ​ស្វាមី ព្រះបាទ​នរោត្តម​សុរាម្រិត បាន​ចូល​ទិវង្គត​។ ពីមុន​ជា​កន្លែង​សំរាប់​ជួបជុំ​នាយទាហាន​ការពារ​ព្រះបរមរាជវាំង ហើយ​ក្រោយមក​ទៀត ត្រូវបាន​ប្រើប្រាស់​ជា​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​។​

​ប្រាសាទ​ហោ​សំរាន្ត​ភិរម្យ​

​ប្រាសាទ​ហោ​សំរាន្ត​ភិរម្យ ស្ថិតនៅ​ខាងជើង​ប្រាសាទ​ទេវាវិនិច្ឆ័យ កសាង​ឡើង​ក្នុង​ឆ្នាំ ១៩១៥ – ១៩១៧​ក្នុង​រាជ្យ​ព្រះបាទ​ស៊ី​សុវត្ថិ ជា​កន្លែង​សម្រាប់​ទុក​ឧបករណ៍​តន្ត្រីបុរាណ និង​ប្រពៃណី​ខ្មែរ ព្រមទាំង​ត្រៀម ប្រដាប់ប្រដា​សម្រាប់ ព្រះរាជ​ពិធី​ហែ​ក្បួន​ផ្សេងៗ ។ នៅ​ជាន់​ខាងលើ ជា​បន្ទប់​សម្រាប់​ព្រះមហាក្សត្រ​ទ្រង់​សំរួល​ព្រះកាយ​មុន​និង​ក្រោយ ពេល​ព្រះអង្គ​ទ្រង់​គង់ និង​ចុះ​ពី​គជេន្ទ្រ នៅ​ពេល​ត្រលប់​ពី​បរបាញ់​សត្វ​។ ប្រាសាទ​នេះ​បាន​ក្លាយទៅជា​សារមន្ទីរ​ព្រះសីហនុ ដែលមាន តម្កល់​ទុក​វត្ថុ​អនុស្សាវរីយ៍ ដ៏​មាន​តម្លៃ ដែល​មហា​អគ្គបុរស​រដ្ឋ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ​។ ក្រោយមក​សារមន្ទីរ​នេះ​ត្រូវ បាន​រើ​ទៅ​ដាក់​នៅ​ថែវ​ខាងមុខ​ប្រាសាទ​ភោជនីយ​វិញ​នៅ​ឆ្នាំ ២០០៥ រហូត​ដល់​សព្វថ្ងៃ​។​

ប្រាសាទ​ច័ន្ទ​ឆាយា​

​ប្រាសាទ​ច័ន្ទ​ឆាយា​កសាង ស្ថិតនៅ​ជាប់​កំពែង​ខាងមុខ ឈៀង​ខាងជើង​នៃ​ព្រះបរមរាជវាំង ឡើង​នា​ឆ្នាំ ១៩១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ សំណង់​ស្ថាបត្យកម្ម មាន​រាង​ខ្ពស់​ស្រលះ គ្មាន​ជញ្ជាំង ដើម្បី​ឲ្យ​ព្រះច័ន្ទចាំ​ង​រស្មី​ទៅ​ខាង​ក្នុង ផ្នែក​ខាងលើ​នៃ​ប្រាសាទ​នេះ គ្មាន​បន្ទប់​ទេ គឺជា​ធ្លា​សម្រាប់​រាំក្បាច់​របាំ ដើម្បី​សម្ដែង​ទស្សនីយភាព និង ព្រះរាជ​ពិធី​លៀង​សាយភោជន៍​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាន់ខ្ពស់​។ បច្ចុប្បន្ន ប្រាសាទ​នេះ គឺ​សំរាប់​ជា​វេទិកា​កិត្តិយស ដែល​ព្រះមហាក្សត្រ​ទ្រង់​ទត ការហែក្បួន​ព្យុះ​ហយា​ត្រា​កងទ័ព​ជាតិ និង​ជា​វេទិកា​កិត្តិយស ពេល​ដែល​ព្រះមហាក្សត្រ ទ្រង់​ថ្លែង​សុន្ទ​រក ថា​ទៅ​កាន់​ប្រជារាស្ត្រ​របស់​ព្រះអង្គ នៅពេល​មាន​ពិធីបុណ្យ​សំខាន់ៗ ដូចជា ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ របស់​កម្ពុជា គឺ​ថ្ងៃ​ទី​៩​ខែវិច្ឋិកា ដែល​ប្រារព្ធ​ធ្វើ​ពិធី​ធំ ក្នុង​រយៈពេល​៥​ឆ្នាំ​ម្ដង ផ្សេងៗ​។​

ប្រាសាទ​សំរិទ្ឋ​ភិមា​ន ឬ ហោ​ព្រះខ័ន​

​ប្រាសាទ​នេះ ស្ថិតនៅ​ខាងត្បូង​ប្រាសាទ​ទេវាវិនិច្ឆ័យ ត្រូវបាន​កសាងឡើង ដំណាលគ្នា នឹង​ប្រាសាទ​ហោ​សំរាន្ត​ភិរម្យ​ដែរ គឺ​នៅ​ឆ្នាំ ១៩១៥ – ១៩១៧​។ ប្រាសាទ​នេះ​ប្រើប្រាស់ សម្រាប់​ជា​កន្លែង​តម្កល់​នូវ​គ្រឿង​បញ្ច​ក​កុធភណ្ឌ ដែល​រួមមាន ព្រះខ័ន​រាជ្យ ម្កុដ​រាជ្យ ព្រះ​សុព៌ណ​បាទុកា ព្រះ​លំពែង​ជ័យ ព្រះ​វាលវីជនី ក្រិស ផ្ទិល​ធំ … ។ នៅ​ហោ​ព្រះខ័ន​នេះ ត្រូវបាន​ក្រុម​បារ​គូ រៀបចំ​អាសនៈ ថ្វាយ​ទេវតា​ខាង​ព្រហ្មញ្ញសាសនា មាន ព្រះ​សិវៈ ព្រះ​វិស្ណុ ព្រះ​ចន្ទ ព្រះ​គណេស និង ព្រះ​កម្ចាយ​។​

ព្រះទីន័ង​ភោជនីយ​

​ព្រះទីន័ង​ភោជនីយ កសាង​ឡើង​នៅ​ឆ្នាំ ១៩១៣ – ១៩១៧ សំរាប់​ប្រើប្រាស់​ក្នុង​ពិធី​លៀង​សាយភោជន ក្នុង​ពិធី​បុណ្យចំរើនព្រះជន្ម ព្រះមហាក្សត្រ និង​សំរាប់​ការសំដែង​សិល្បៈ ឬ ផ្ទាំង​ទស្សនីយភាព ភាពយន្ត​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ជាន់ខ្ពស់ របស់​ព្រះមហាក្សត្រ​។ នៅក្នុង​ពិធី​ចំរើន​ព្រះជន្ម ព្រះមហាក្សត្រ​ជា​ទូទៅ​ប្រព្រឹត្ត​ទៅ​មាន​រយៈពេល​៥​ថ្ងៃ (​លើកលែង​តែ​ឆ្នាំ​ដែល​មាន​ឈ្មោះ​សត្វ​ត្រូវ​គ្នា​នឹង​កំណើត​ព្រះអង្គ គឺ​មាន​រយៈពេល​១​សប្តាហ៍​។​

​នៅពេលនេះ​ហើយ​ដែល​នាម៉ឺនា​សព្វ​មុខមន្ត្រី​បាន​រៀបចំដាក់តាំងផ​លិត​ផល​ដ៏​មាន​តំលៃ​ផ្សេងៗ​នៅ​លើ​តុ​ដែល​គេ​រៀបចំ​នៅ​តាម​ថែវ​ខាងកើត និង ខាងត្បូង​នៃ​ព្រះទីនាំង​ភោជនីយ​ដែល​គេ​អោយឈ្មោះ​ថា​បុណ្យ​តាំង​តុ​។​

​វិមាន​ស្តេច​ណាប៉ូឡេអុង​ទី​៣

​វិមាន​ស្តេច​ណាប៉ូឡេអុង​ទី​៣ កសាងឡើង​ដោយដែក​មាន​លំអ​ដោយ​រូប​នាឡិកា​១​ដ៏​ធំ សំរាប់​រាជ​នី​ជា ព្រះ​ជាយា​របស់ ព្រះ​ចៅ​អធិរាជ​ណាប៉ូឡេអុង​ទី​៣​ព្រះនាម ព្រះ​អធិរាជ​នី អី​ហ្ស៊េ​នី នៅពេល​បើក​សម្ពោធ​ព្រែកជីក​ស៊ុយអេ នៅ​ឆ្នាំ ១៨៦៩​។ បន្ទាប់​មក​ព្រះ​ចៅ​អធិរាជ​ណាប៉ូឡេអុង​ទី​៣​បាន​ថ្វាយ​ជា អនុស្សាវរីយ៍​ដល់​ព្រះបាទ​នរោត្តម ក្នុង​ឆ្នាំ​១៨៧០ ដើម្បី​ជា​ចំណង​មិត្តភាព​បារាំង​-​ខ្មែរ​យូរអង្វែង ហើយ​ប្រាសាទ​នេះ ត្រូវបាន​រៀបចំ​ដំឡើង​ឡើងវិញ តាម​គំរូ​ដើម​ទាំង​អស់ ក្នុង​ឆ្នាំ ១៨៧៦​។ វិមាន​នេះ​ត្រូវបាន​ធ្វើ​ការជួសជុល​ជា ថ្មី​ដោយ​ក្រុម​អ្នកបច្ចេកទេស​ស្ម័គ្រចិត្ត​បារាំង​១​ក្រុម​នៅក្នុង​ឆ្នាំ ១៩៩២​។ បច្ចុប្បន្ន ប្រាសាទ​នេះ​ត្រូវបាន​គេ​រៀបចំ ដាក់តាំង​នូវ​ផ្ទាំងគំនូរ វត្ថុ​សិល្បៈ និង​ព្រះ​ឆាយា​លក្ខណ៍ អតីត​។​

ព្រះរាជដំណាក់​ច័ន្ទ ឬ ព្រះរាជ​ការិយាល័យ​

​ប្រាសាទ​នេះ ស្ថិតនៅ​ខាងក្រោយ​ប្រាសាទ​ណាប៉ូឡេអុង​ទី​៣ ត្រូវបាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩៥៤ – ១៩៥៩​ក្នុង​រជ្ជកាល ព្រះបាទ​នរោត្ដ​ម​សុរាម្រឹត ក្រោយ​ការដាក់រាជ្យ​បាន​៤​ឆ្នាំ នៃ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ដែល​បាន​ដាក់​រាជ្យ​នៅ ថ្ងៃទី ៣ មីនា ១៩៥៥​។ ប្រាសាទ​នេះ​ចែកចេញ​ជា​២​ជាន់​គឺ ១​ជាន់ សំរាប់​ទុកដាក់​គ្រឿងអលង្ការ​ក្រុម​របាំ​ព្រះ​រាជ្យទ្រព្យ ព្រះ​ពស្ដ្រ និង​វត្ថុ​អនុស្សាវរីយ៍​ការទូត​។ ឯ​មួយ​ជាន់​ទៀត នៅ​ខាងត្បូង រៀបចំ​ជា​ការិយាល័យ​របស់​មន្ត្រី​នៃ​ព្រះបរមរាជវាំង និង​ជា​ព្រះរាជ​ការិយាល័យ​ព្រះប្រមុខរដ្ឋ សម្តេច​នរោត្តម​សីហនុ​។ បច្ចុប្បន្ន ព្រះរាជដំណាក់​ច័ន្ទ ជា​មន្ទីរ​ការិយាល័យ​រដ្ឋបាល នៃ​ក្រសួង​ព្រះបរមរាជវាំង​។​

ព្រះវិហារ​ព្រះ​កែវ​មរកត​

​ព្រះវិហារ​ព្រះ​កែវ​មរកត​មាន​ដំកល់​ព្រះ​ពុទ្ឋបដិមា​១​អង្គ ធ្វើ​អំពី​ត្បូង​កែវ​ដ៏​មាន​តំលៃ​ដែល​មាន​ព៌ណ​ដូច​មរកត​។ រូប​ព្រះ​កែវ​មរកត​ពិត​នោះ​ត្រូវបាន​សៀម​ប្រមូល​យក​ទៅ​ជាមួយ​នឹង​រូប​ព្រះ​គោ​នៅពេល​វាយលុក​បាន​ក្រុង​អង្គរ ក្នុង​ឆ្នាំ ១
៤២០​។ ភ្ញៀវ​បរទេស​និយម​ហៅ​ថា វត្ត​ប្រាក់ ព្រោះ​បាត​ក្រោម​នៃ​ព្រះវិហារ​មាន​ក្រាល​ការ៉ូ​អំពី​ប្រាក់​សុទ្ឋ​ដែល​មាន​ទំងន់​១,១២៥​គីឡូក្រាម ក្នុង​មួយ​សន្លឹក ហើយ​មាន​ចំនួន​សរុប ៥,៣២៩​សន្លឹក​ការ៉ូ​ប្រាក់​។ ។ ព្រះវិហារ​ព្រះ​កែវ​មរកត​ត្រូវបាន​កសាងឡើង​អំពី​ឈើ​ដោយ​ព្រះបាទ​នរោត្តម ក្នុង​ឆ្នាំ​១៨៩២ រួច​សាងសង់​ជាថ្មី ឡើងវិញ​អំពី​ថ្ម ដោយ​ព្រះបាទ​នរោត្តម​សីហនុ ក្នុង​ឆ្នាំ ១៩៦២​។ វត្ត​នេះ​មានឈ្មោះ​ថា​វត្ត តែ​ពុំ​មាន​ព្រះសង្ឃ​គង់នៅ ដូច​វត្ត​ដ៏​ទៅ​ឡើយ​។​កាលពី​ឆ្នាំ ១៩៤៧ ទីនេះ​មាន​តែ​ព្រះបាទ​នរោត្តម​សីហនុ​ទេ​ដែល​គង់នៅ​ទីនោះ ព្រោះ​ព្រះអង្គ បាន​សាង​ព្រះ​ផ្នួស អស់​រយៈពេល​១​ព្រះវស្សា គឺ​នៅ​ថ្ងៃទី ១​កក្កដា ឆ្នាំ ១៩៤៧​។​

សារមន្ទីរ​រោងដំរី​

​សារមន្ទីរ​រោងដំរី កសាង​ក្នុង​ឆ្នាំ​១៨៩២ ស្ថិតនៅ​ខាងត្បូង វត្ត​ព្រះវិហារ​ព្រះ​កែវ​មរកត ជាប់​របង​ព្រះបរមរាជវាំង ដែល​ពី​ដើម គេ​ហៅថា រោងដំរី ជា​កន្លែង​រក្សាទុក​ប្រដាប់ប្រដា និង​ចិញ្ចឹមសត្វ​ដំរី ត្រៀម​ទុក​ហែ​ក្បួន ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ផ្សេងៗ ។ នៅ​ឆ្នាំ ១៩៩៦ ក្រោយ​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ព្រះរាជ​អង្គ​មហេសី​នរោត្ដម មុនីនាថ​សីហនុ រោងដំរី​នេះ ត្រូវបាន​រៀបចំ​ជួសជុល កែលំអ​ទៅជា​សារមន្ទីរ​រោងដំរី ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​គ្រឿង​ប្រដាប់ប្រដា​ហែ​ក្បួន​ដំរី ហើយ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែល​រួមមាន​សាល​ពិព័រណ៍ រូបថត លំនៅស្ថាន​ខ្មែរ និង​សំលៀកបំពាក់​ប្រពៃណី​ខ្មែរ ផ្ទះ​បុរាណ​ខ្មែរ ចំនួន​២ រូបសំណាក​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សាល​តាំង និង​លក់​វត្ថុ​អនុស្សាវរីយ៍ បន្ទប់​តាំង​គ្រឿង​ហែ​ក្បួន​ដំរី បន្ទប់​តាំង​ព្រះ​ឆាយា​លក្ខណ៍ ស្ដី​ពី​ព្រះរាជ​សកម្មភាព ព្រះករុណា​ព្រះបាទ នរោត្ដម​សីហនុ និង​ចុងក្រោយ បន្ទប់​តាំង​គ្រឿង​ហែ​ក្បួន​ព្រះរាជ​ពិធី​ទ្វារទសមាស​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×