Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ជាង ១,៨​លាន​នាក់ ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ជាង ៦៨​ម៉ឺន​នាក់​

spot_img

​ប៉េកាំង ​៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ១,៨​លាន​នាក់ កើនឡើង ៩,៧% ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង ៦៨​ម៉ឺន​នាក់ កើន​ជាង ៣៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។​

​ថ្លែង​ក្នុង​វេទិកា​នៃ​ការសន្ទនា​ស្ដីពី​អរិយធម៌​អាស៊ី ក្រោម​ប្រធានបទ «​វប្បធម៌ ទេសចរណ៍ និង​ទំនាក់​ទំនងរវាង​ប្រជាជន និង​ប្រជាជន​» ដែល​រៀបចំ​ចាប់ពី​ថ្ងៃ​ទី​១៤-១៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​លើកឡើង​ថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី នឹង​ផ្ដល់​ឱកាស​ដល់​ប្រទេស​ទាំងអស់​តាម​វិថី​សូត្រ រួម​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​។​

​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​នេះ គឺ​អាច​ធ្វើឡើង​តាមរយៈ​ការបង្កើត​កញ្ចប់​ទស្សន​កិច្ច​នៃ​ផលិតផល​ទេសចរណ៍​វប្បធម៌​រួមគ្នា ហើយ​ការតភ្ជាប់​នេះ​នឹង​ចូលរួម​ជំរុញ​ឱ្យ​មាន​សន្តិភាព ការយោគយល់​គ្នា និង​ទំនាក់ទំនង​រវាង​ប្រជាជាតិ​នានា​ផងដែរ​។​

​អង្គ​វេទិកា​ខាងលើ​បាន​រំលឹកថា ពិភពលោក​បាន​ចាត់ទុក​ប្រទេស​ចិន​ជា​គោលដៅ​ទេសចរណ៍ និង​ជា​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​របស់​ពិភពលោក ដោយ​ឆ្នាំ​២០១៨ កន្លងទៅ ចិន​បាន​ទទួល​ទេសចរ​ចំនួន ១៤០​លាន​នាក់ ហើយ​ជនជាតិ​ចិន​ចេញ​ទស្សនា​ក្រៅ​ប្រទេស​កើន​ដល់ ១៦០​លាន​នាក់​។​

​ខណៈ​ដែល​ប្រទេស​ទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​មាន​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ចែករំលែក​ជូន​អង្គ​វេទិកា​ថា កម្ពុជា​បាន​រៀបចំ និង​កំពុង​អនុវត្ត​សៀវភៅ​ស​ស្ដីពី China Ready ដែលជា​ឯកសារ​គោល​សម្រាប់​ទាក់ទាញ និង​ផ្ដល់​សេវា​ដល់​ទេសចរ​ជនជាតិ​ចិន ព្រមទាំង​បាន​រៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរ​ចិន ឆ្នាំ​២០១៦-២០២០​។​

​លើសពីនេះ​ទៀត កម្ពុជា និង​ចិន​បាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​មួយកម្រិត​ទៀត តាមរយៈ​ការ​កំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន ដែល​បាន​ប្រកាស​ផ្សព្វផ្សាយ​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​មករា ឆ្នាំ​២០១៩ កន្លងទៅ រី​ឯ​កម្មវិធី​បិទ​ឆ្នាំ​ទេសចរណ៍ និង​វប្បធម៌​កម្ពុជា​-​ចិន​នេះ​នឹង​រៀបចំ​នៅ​ប្រទេស​ចិន​។ កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​ចិន​-​កម្ពុជា នឹង​កាន់តែ​ឈាន​ឡើង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ក្រោម​ស្មារតី​នៃ​ការអនុវត្ត​ផែនកា​សកម្មភាព​នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា នា​ឱកាស​កិច្ចប្រជុំ​កំពូល​ខ្សែក្រវាត់ និង​វិថី នៅ​ទីក្រុង​ប៉េកាំង​នា​ពេល​កន្លង​ទៅ​ថ្មីៗ​។​

​សូម​រំលឹក​ថា ឆ្នាំ​២០១៨ កម្ពុជា​បាន​ទទួល​ទេសចរ​អន្តរជាតិ​ចំនួន ៦,២​លាន​នាក់ ក្នុង​កំណើន ១១% ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន ២,០២​លាន​នាក់ កើនឡើង ៦៧% ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×