Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ បន្ត​ចុះ​ត្រួតពិនិត្យ និង​អប់រំ​ណែនាំ​ដល់​អាជីវករ​អំពី​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​អង្គរ​បូរី

spot_img

​តាកែវ ​៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​នេះ បាន​បន្ត​ចុះ​អប់​ណែនាំ និង​ផ្សព្វផ្សាយ​អំពីសុវត្ថិភាព ចំណីអាហារ ទៅ​ដល់​ក្រុម​អាជីវករ នៅ​ផ្សារ​អង្គរ​បូរី ដែល​ស្ថិតនៅ​ស្រុក​អង្គរ​បូរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដោយ​ផ្តោត​សំខាន់​លើ​ដាក់​លក់​ទំនិញ​ប្រកបដោយ​គុណភាព មាន​អនាម័យ​ល្អ​ត្រឹមត្រូវ និង​មិន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ។

លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​ខ្លួន សហការ​នឹង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​ទំនិញ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​អង្គរ​បូរី បាន​មានប្រសាសន៍ថា ការបន្ត​ចុះ​ត្រួតពិនិត្យ​នេះ គឺ​យើង​សង្កេតឃើញថា ក្រុមអាជីវករ​ភាគច្រើន គឺ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ ដោយ​ដាក់​លក់​ទំនិញ និង​ចំណី​អាហារ​ដែល​មាន​អនាម័យ​ត្រឹមត្រូវ ។

លោកប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បញ្ជាក់ទៀតថា ក្រោយពី​បាន​ពិនិត្យ​ទៅលើ​ទំនិញ​ជា​គ្រឿង​កំប៉ុង និង​ធ្វើ​តេស្តបឋម​ទៅលើ​បន្លែ​ជាច្រើន​មុខ នឹង​គ្រឿង​សមុទ្រ ក៏ដូចជា​បង្អែម​លត និង​គុណ​ទាវ​បាញ់​កា​ញ់ឃើញថា មាន​សភាព​ល្អ​ត្រឹមត្រូវ​ច្រើន ពោល​គឺ​ក្រុម​អាជីវករ ពួកគាត់​មានការ​យល់ដឹង​ច្រើន​អំពី​សុវត្ថិភាព និង​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តាមរយៈ​ការចុះ​មក​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ ក៏​ដូចជា​ការអប់រំ​ណែនាំ​បន្ថែម​ពី​មន្ត្រី​ជំនាញ​កាំកុងត្រូល ។

លោកបន្ថែមថា សុវត្ថិភាព​ចំណីអាហារ​នេះ វា​ពិត​ជា​សំខាន់​ខ្លាំងណាស់ សម្រាប់​មនុស្ស​ទូទៅ ព្រោះ​បើ​កាល​ក្រុមអាជីវករ លក់ទំនិញ និង​ចំណី​អាហារ​ដែល​មាន​អនាម័យ​ល្អ​ត្រឹមត្រូវ និង​គ្មាន​សារធាតុ​គីមី វា​នឹង​ឲ្យ​យើង​មាន​សុខភាព​ល្អ​រឹងមាំ ជៀសផុត​ពី​ជម្ងឺ​ផ្សេងៗ ដូច្នេះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ ក្នុងនាម​យើង​ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល គឺ​នៅតែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ​ជាប់​ជាប្រចាំ ពោល​គឺ​មិន​ឲ្យ​ទីផ្សា​ររបស់​យើង​ពោរពេញ​ទៅ​ដោយ​អាហារ​គីមី និង​ទំនិញ​មិន​ស្អាត​ល្អ​នោះ​ទេ ។

ជាចុងក្រោយលោកបញ្ជាក់ថា ការយល់ដឹង​ច្រើន​របស់​បងប្អូន​អាជីវករ​ចំពោះ​សុវត្ថិភាព​ចំណីអាហារ វា​នឹង​នាំ​ឲ្យ​ទីផ្សា​ររបស់​យើង ក្លាយជា​ទី​ផ្សារ​ដែល​មាន​សុវត្ថិភាព មាន​អនាម័យ និង​គ្មាន​ការប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​បរិភោគ ​៕​ ដោយ ៖ តាកែវ​

spot_img
×