Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​យក​ឈ្មោះ និង​រូប​សម្ដេច​តេជោ ហ៊ុន សែន ទៅ​ប្រើប្រាស់​ខុសច្បាប់ សមត្ថកិច្ច​ចុះ​បិទ និង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន GCG Asia ២​នាក់​ប្តី​ប្រពន្ធ​

spot_img

​ភ្នំពេញ ​៖​ សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​ធនាគារជាតិ បាន​ចុះ​ទៅ​បិទ​​ក្រុមហ៊ុន GCG Asia Co., LTD ដែល​បាន​យកឈ្មោះ និង​រូប​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់ខ្លួន ដោយ​ខុសច្បាប់ និង​មាន​ប្រតិកម្ម​ភ្លាមៗ ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ត្រូវ​បាន​ចុះ​បិទ​និង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​នេះ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ​។ ក្រុមហ៊ុន GCG Asia ស្ថិតនៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​ថា កម្លាំង​នគរបាល ក៏​បាន​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ទាំង​២​នាក់ ប្តី​ប្រពន្ធ ជា​ជនជាតិ​ម៉ាឡេស៊ី យក​ទៅ​សួរនាំ​ដើម្បី​ចាត់ការ​បន្ត​ទៀត ហើយ​ឥឡូវ​កម្លាំង​របស់​សមត្ថកិច្ច សហការ​ជាមួយ​មន្ត្រី​ធនាគារជាតិ បាន​ចុះ​ឆែកឆេរ និង​បាន​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន រួម​ទាំង​ឃាត់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​ម៉ាឡេស៊ី យក​ទៅ​សួរនាំ​។ ក្រុមហ៊ុន​ខាងលើ​អាច​ជាប់​ព័ន្ធ​ការ​លាងលុយកខ្វក់ និង​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត តែ​យ៉ាងណា​នោះ​រង់ចាំ​ការសួរនាំ​បន្តទៀត​។​

​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា កម្លាំង​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​នគរបាលជាតិ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដើម្បី​សម្រេច​ចុងក្រោយ ឈានទៅរក​ការបន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ចំពោះ​ថៅកែ​ក្រុមហ៊ុន​នោះ​។​

សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​មក​ប្រកាស​អំពី​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់​មួយថា ក្រុមហ៊ុន​មួយ​ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត និង​ឈ្មោះ​សម្តេច ទៅ​បង្ហោះ​នូវលើ Website របស់ខ្លួន ដោយ​បាន​អះអាង​សម្តេច​នឹង​ចូលរួម​សម្ពោធ​ក្រុមហ៊ុន​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ ​។

​ក្រុមហ៊ុន​បាន​យកឈ្មោះ ធនាគារ​ជាតិ​កម្ពុជា និង​ធនាគារ​ចិន​ថា​ ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ជួញដូរ Crypto Currency ប៉ុន្តែ​ក្រុមហ៊ុន​នេះ ត្រូវបាន​ស្ថានទូត​ឥណ្ឌូណេស៊ី បញ្ជាក់ថា ជា​ក្រុមហ៊ុន​រកស៊ី​មិនត្រូវ និង​ដាក់​ក្នុង​បញ្ជីខ្មៅ​ទៅហើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​ទី​១៦​ឧសភា​ថា​ ៖ «​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់ ! កាលពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិន​ស៊ី (Crypto Currency)​។ តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ ត្រូវបាន​ដាក់​ចូល​ក្នុង Black List»​។​

​សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ នៅ​យប់​ថ្ងៃទី​១៦​ឧសភា​នេះ​បានប្រកាសថា ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធន៍​ព័ត៌មាន​ដែល​ផ្សាយ​ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធទាំង​អស់​ពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​រក​មុខ​ជនខិលខូច​យកមក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​ជាបន្ទាន់​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជក​រទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×