Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ធ្វើឲ្យប៉ះពាល់​ដល់​គោលការណ៍​សិទ្ធិម​នុស្ស​ជា​មូលដ្ឋាន​

spot_img

​ភ្នំពេញ​ ៖ ​សហភាព​អឺរ៉ុប​បានបញ្ជាក់​ថា ថ្ងៃនេះ (17 ឧសភា ) គឺជា​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ និង​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ (IDAHOT) ដែល​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ស្ដីពី​ការរំលោភ​សិទ្ធិ​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​បាន​ទាំង​ពីរ​ភេទ អ្នក​ប្តូរ​យេនឌ័រ និង​មនុស្ស​អន្តរ​ភេទ (​ហៅ​កាត់​ថា អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​)​។ ក្នុង​ឱកាស​នេះ សហភាព​អឺរ៉ុប​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​រដ្ឋ​ជា​សមាជិក និង អង្គការ​នានា​ដែល​ធ្វើការ​លើ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដើម្បី​ផ្លាស់ប្ដូរ​ជុំវិញ​បញ្ហា​ប្រឈម​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅក្នុង​ប្រទេស​កម្ពុជា និង​វិធី​ដែល​សហភាព​អឺរ៉ុប អាច​គាំទ្រ​នូវ​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិ​របស់​ពួកគាត់​។​

​សហភាព​អឺរ៉ុប​បាន​បន្ថែមថា ក្នុង​សាមគ្គីភាព​ជាមួយ​មនុស្ស​ទាំងអស់ ដែល​ទទួលរង​ការរើសអើង លើ​អត្តសញ្ញាណ និង​និន្នាការ​ភេទ​របស់​ពួកគេ ទង់​ឥន្ទធនូ ត្រូវបាន​បង្ហូត​ឡើង នៅក្នុង​បរិវេណ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​

​សេចក្តីប្រកាស​របស់​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប លោកស្រី Federica Mogherini ក្នុងឱកាស នៃ​ទិវា​អន្តរជាតិ​ប្រឆាំង ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បានបញ្ជាក់​ថា នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​ការរើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​កែ​ភេទ​និង​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ សហភាព​អឺរ៉ុប​សូម​បញ្ជាក់​ជា​ថ្មី​អំពី​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​ខ្លួន ក្នុង​ការលើកកម្ពស់​និង​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​បាន​ទាំង​ពីរ​ភេទ អ្នក​ប្ដូរ​យេនឌ័រ និង​មនុស្ស​អន្តរ​ភេទ ហៅ​កាត់​រួម​គ្នា​ថា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ នៅ​ទូទាំង​ពិភពលោក​ទាំងមូល គុណ​តម្លៃ​នៃ​វប្បធម៌​ប្រពៃណី​ឬ​សាសនា នៅតែ​ត្រូវបាន​គេ​បន្ត​ប្រើប្រាស់​ជា​ហេតុផល ដើម្បី​ធ្វើ​ទុក​បុក​ម្នេញ រើសអើង បង្ក​ឬ​រំខាន នឹង​ធ្វើបាប​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដែល​ជា​ឬ​មាន​ដូចជា ការប្រព្រឹត្ត​បទល្មើស ដែល​នាំឲ្យ​មាន​ការ​ស្អប់ខ្ពើម​គ្នា និង​ការប្រពឹត្ត​អំពើ​ហិង្សា​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ផ្សេងៗ ដូចជា​ការធ្វើ​ទារុណកម្ម ការធ្វើឃាត​ជាដើម​។ ក្នុង​ប្រទេស​ចំនួន 72 ច្បាប់​ស្តីពី​និន្នាការ​ភេទ បន្ត​ចាត់​ទុក​ការ​រូប​ភេទ​ដូចគ្នា ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​នៅក្នុង​ប្រទេស​ផ្សេងៗ ច្បាប់​ពុំ​បាន​ផ្ដល់​ការការពារ​ក្នុង​កម្រិត​មួយ​ដែល​ចាំបាច់​នោះឡើយ ដែល​នេះ​បណ្ដោយឲ្យ​មាន​ការ​កើត​ឡើង​នូវ​ការរើសអើង ក្នុង​ទម្រង់​ជាច្រើន​ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​រស់នៅ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។ សហភាព​អឺរ៉ុប សូម​ធ្វើ​ការគូសបញ្ជាក់​យ៉ាង​មុតមាំ​ជាថ្មី​ម្ដងទៀត​ថា ការរើសអើង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ធ្វើឲ្យប៉ះពាល់​ដល់​គោលការណ៍​សិទ្ធិម​នុស្ស​ជា​មូលដ្ឋាន​សំខាន់ៗ ដែល​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​។​

​សភាព​អឺរ៉ុប​នៅតែ​បន្ត​ការប្រយុទ្ធប្រឆាំង​នឹង​និទណ្ឌភាព​ចំពោះ​ករណី​រើសអើង និង​ការប្រព្រឹត្ត​អំពើហិង្សា​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទាំង​នៅក្នុង​ទាំង​ក្រៅ​ដែនដី​របស់​ខ្លួន​​។ ក្នុង​បរិបទ​នេះ​គណៈកម្មការ​អឺរ៉ុប​បាន​ចេញផ្សាយ​នូវ បញ្ជី​វិធានការ​លើកកម្ពស់​សម​ភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ដែល​ត្រូវ​អនុវត្ត​ដោយ​គណៈកម្មការ​នេះ​ពី​ឆ្នាំ 2016 ដល់​ឆ្នាំ 2019 ដែល​ក្នុងនោះ​មាន​រៀបរាប់​ពី​សកម្មភាព​ក្នុង​ផ្នែក​គោលនយោបាយ​ពាក់ព័ន្ធ ចាប់​ពី​ការ​មិន​រើសអើង​ការអប់រំ​ការងារ​សុខ​ភាព ការ​ដើរហើរ​ដោយ​សេរី​សិទ្ធិ​ជ្រក​កោន សម្ដី​ដែល​នាំឲ្យ​មាន​ការ​ស្អប់ខ្ពើម​គ្នា ការប្រព្រឹត្ត​បទល្មើស​ស្អប់ខ្ពើម​គ្នា រហូត​ដល់​គោលនយោបាយ​ស្ដី​ពី​ការពង្រីក​សមាជិកភាព​និង​ការ​ប្រទេស​។ អ្នកការពារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់មិនអស់ កំពុង​ធ្វើ​ការងារ​ដើម្បី​ស្វែងរក​យុត្តិធម៌​និង​ផ្ដល់​សំឡេង​ដល់​អ្នក​ដែល​ទទួលរង​ការគៀបសង្កត់ និង​ការរើសអើង​ប៉ុន្តែ​ពួកគេ​បែរ​ជា​ប្រឈម​នឹង​ការវាយប្រហា​រទាំង​នៅក្នុង​អឺរ៉ុប ទាំង​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។

ដូច្នេះហើយ​ទើប​ចាប់តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ 2018 មក សហភាព​អឺរ៉ុប​តាមរយៈ​ឧបករណ៍ (​កម្មវិធី​) លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស កំពុង​ផ្ដល់​ការគាំទ្រ​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អង្គការ​ស្ថាប័ន​របស់​ពួកគេ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​តំបន់ ដែល​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ប្រឈម​នឹង​ការរើសអើង​ខ្លាំងជាងគេ​។ សហភាព​អឺរ៉ុប​តាមរយៈ​ការសហការ​ជាមួយ​នឹង​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន នឹង​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការងារ​សំខាន់​របស់​អ្នក​តស៊ូ​មតិ​ពីនេះ ហើយ​និង​មិន​ឈប់​ធ្វើ​សកម្មភាព​ទាំង​នេះ​ឡើយ រហូតដល់​ពេល​ដែល​អ្នក​ស្រលាញ់​ភេទដូចគ្នា​ទាំងអស់ អាច​រស់នៅ​ប្រកប​ដោយ​សេរីភាព​និង​សុវត្ថិភាព​៕​ ដោយ​៖​កូឡាប​

spot_img
×