Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​បំភ្លៃ​និង​បន្លំ​ព័ត៌មាន​របស់​ក្រុមហ៊ុន GCG Asia និង​សូម​ថ្កោលទោស​ចំពោះ​ការប្រព្រឹត្តិ​អំពើ​ខុសច្បាប់​

spot_img

​ភ្នំពេញ ​៖ ពាក់ព័ន្ធ​ករណី​ក្រុមហ៊ុន GCG Asia ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដោយ​បដិសេធ​ទៅ​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត របស់​ក្រុមហ៊ុន GCG ASIA Co., LTD ដែល​ក្រុមហ៊ុន​នេះ ត្រូវបាន​សមត្ថកិច្ច​ចុះ​ឆែកឆេរ និង​បិទ​អាជីវកម្ម​កាលពី​ព្រឹក​ថ្ងៃទី​១៧ ​ឧសភា ពាក់ព័ន្ធ​ការ​យក​ឈ្មោះ និង​រូប​សម្ដេច​តេជោ ហ៊ុន សែន ទៅ​បង្ហោះ​នៅលើ​គេហទំព័រ​របស់ខ្លួន​ខុសច្បាប់​។

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ធនាគារជាតិ បានបញ្ជាក់​ថា “​ក្រុមហ៊ុន​ឈ្មោះ GCG ASIA Co., LTD បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ប្តូរ​ប្រាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ប្រើប្រាស់​ឈ្មោះ​និង​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា​លើ​គេហទំព័រ​របស់ខ្លួន​ក្នុង​គោលបំណង​ទុច្ចរិត​។ ធនាគារជាតិ​នៃ​កម្ពុជា មិន​ធ្លាប់​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ ប្រតិបត្តិការ​ប្តូរប្រាក់ ឬ​អាជ្ញាប័ណ្ណ​ណាមួយ​ដល់​ក្រុមហ៊ុន GCG ASIA Co., LTD ទេ​។ ធនាគារជាតិ នៃ​កម្ពុជា​សូម​បដិសេធ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន GCG ASIA Co., LTD​។​

​ជាមួយគ្នានេះ ធនាគារជាតិ នៃ​កម្ពុជា សូម​អំពាវនាវ​ឲ្យ​សាធារណជន ចៀសវាង​ពី​ការបោកប្រាស់​ណាមួយ និង​ប្រុងប្រយ័ត្ន ចំពោះ​ព័ត៌មាន​ផ្សេងៗ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន GCG ASIA Co., LTD​។ កន្លងមក ធនាគារជាតិ នៃ​កម្ពុជា ធ្លាប់​បាន​ជូនដំណឹង​ដល់​សាធារណជន​រួចមកហើយ​អំពី​ការមិនទទួលស្គាល់ Crypto Currencies ឬ​ឧបករណ៍​ទូទាត់​ដែល​មាន​លក្ខណៈ​ប្រ​ហាក់ ប្រហែល និង​ហានិភ័យ​ពាក់ព័ន្ធ​។​

​ធនាគារជាតិ​នៃ​កម្ពុជា សូម​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​កំពុង​សហការ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ការ​ក្លែងបន្លំ​ព័ត៌មាន​របស់​ក្រុមហ៊ុន GCG ASIA Co., LTD តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​៖ ក្រុមហ៊ុន GCG Asia មិន​មាន​ការពាក់ព័ន្ធ ឬ​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជាទេ​ ​សូម​សាធារណ​ជន​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ ក្រុមហ៊ុន GCG Asia ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​ពី​ឈ្មោះ​និង​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​បំណង​ទុច្ចរិត​។​

ធនាគារជាតិ​នៃ​កម្ពុជា​សូម​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​មិន​ដែល​ទទួលស្គាល់ ឬ​មាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន GCG Asia នេះឡើយ​។ ធនាគារជាតិ​នៃ​កម្ពុជា កំពុង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​បំភ្លៃ​និង​បន្លំ​ព័ត៌មាន​របស់​ក្រុមហ៊ុន GCG Asia និង​សូម​ថ្កោលទោស​ចំពោះ​ការប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នេះ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×