Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បញ្ជូន​កងកម្លាំង ចំនួន​ពីរ​កង ទៅ​បំពេញ​បេសកកម្ម នៅ​សាធារណរដ្ឋ​ម៉ាលី ទោះបី​ការបំពេញ​បេសកកម្ម​នេះ អាច​ជួបប្រទះ​ការរីក​រាលដាល​នៃ​អំពើហិង្សា​

spot_img

​ភ្នំពេញ ​៖ ​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​ ៨៩១ និង​កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​ ២៣១ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី ត្រូវបាន​ធ្វើ​ពិធី​ជូន​ដំណើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​។

​លោក​ទេសរដ្ឋមន្ត្រី​ប៉ុល សារឿ​ន ទទួល​បន្ទុក​បេសកកម្ម​ពិសេស​បាន​គូសបញ្ជាក់ថា អស់​រយៈពេល​ ១៣​ឆ្នាំ​មកហើយ ដែល​កម្ពុជា​បាន​ចូលរួម​បញ្ជូនកងកម្លាំង​មួក​ខៀវ​រាប់ពាន់នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែការរក្សា​សន្តិភាព​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា ដោយ​តួអង្គ​មិនមែន​រដ្ឋ បាន​បង្ក​សង្គ្រាម​ឧទ្ទាម​វាយប្រហារមក​លើ​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា បណ្តាល​ឱ្យ​បាត់បង់​ជីវិត និង​ពិការ​ជាច្រើន​នាក់​។ លោក​ទេសរដ្ឋមន្ត្រី សូម​កោតសរសើរ​ដោយស្មោះ និង​ដឹងគុណ​យ៉ាង​ធំធេង ចំពោះ​ពលី​កម្ម​របស់​កងកម្លាំង​កម្ពុជា ដែល​ជា​វីរបុរស​ថែរក្សា​សន្តិភាព នៃ​អង្គការ​សហប្រជាជាតិ​។ ក៏ប៉ុន្តែ មរណភាព​និង​ពលិកម្ម​របស់​កម្លាំង​យើង ពុំ​បាន​កែប្រែ​នូវ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបន្ត​រួមចំណែក​ដល់​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម នៃ​សន្តិភាព​នេះឡើយ​។ ជាក់ស្តែង ថ្ងៃនេះ កម្ពុជា​បន្ត​បញ្ជូន​កងកម្លាំង​របស់​ខ្លួន ចំនួន​ពីរ​កង​ទៅ​បំពេញ​បេសកកម្ម​នៅ​សាធារណរដ្ឋ​ម៉ាលី ទោះបី​ការបំពេញ​បេសកកម្ម​នេះ អាច​ជួបប្រទះ​ការរីក​រាលដាល​នៃ​អំពើ​ហិង្សា​នានា ប្រឈម​នឹង​អស្ថិរភាព ដែល​បង្ក​ដោយ​ក្រុម​ជ្រុលនិយម ក្រុម​ជម្លោះ​ប្រដាប់អាវុធ ឬ​ក្រុម​ឧទ្ទាម​ជាដើម និង​អាច​ជួប​ហានិភ័យ​នៃ​គ្រោះ​ធម្មជាតិ ជំងឺឆ្លង​ផ្សេងៗ ដែល​គំរាម កំហែង​ដល់​សន្តិសុខ សុខភាព ការរស់នៅ និង​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​របស់​បងប្អូន​ក៏ដោយ ប៉ុន្តែ​កងកម្លាំង​យើង​មិន​រាថយ ពីព្រោះ វា​ជា​បុព្វហេតុ​រួម​ដ៏​ថ្លៃថ្លា​បំផុត​ដើម្បី​សន្តិភាព និង​មនុស្សធម៌​ក្នុង​លោក​។​

ដើម្បី​ជា​ទុន​បន្ថែម​សម្រាប់​បំពេញភារកិច្ច លោក​ប៉ុល សារឿ​ន សូម​ផ្តាំផ្ញើ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​កង​ទាំងពី ដែល​ត្រូវប្រកាន់យក​៖ ត្រូវ​ប្រកាន់ខ្ជាប់​និង​អនុវត្ត​ឱ្យបាន​ដាច់ខាត​នូវ​អនុសាសន៍ ដែល​ជា​បទបញ្ជា​៤​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជូន​ដំណើរ​កងអនុសេនាធំ​លេខ​១៣៥ ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០០៦ កន្លងទៅ​។ គោរព​វិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា និង​ស្វែងយល់​ពី​របៀបរបប​ធ្វើការ​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​។ រក្សា​ភាព​ថ្លៃថ្នូរ​និង​កិត្តិយស​របស់​កង​យោធពល​ខេមរភូមិន្ទ និង​របស់​ប្រទេសជាតិ​។ រៀនសូត្រ​ដក​ពិសោធន៍​បង្កើន​ចំណេះដឹង និង​ឈរ​ជា​មជ្ឈមណ្ឌល​សាមគ្គី​ឯកភាព ស្រឡាញ់គ្នា និង​ជួយ​ថែរក្សា​គ្នា​ទៅវិញទៅមក សំដៅ​សម្រេច​បាន​ភារកិច្ច​។ ខិតខំ​សិក្សា​រៀនសូត្រ​ភាសាបរទេស​បន្ថែម ដើម្បី​ងាយស្រួល​ទំនាក់ទំនង ជាមួយ​សហការី​សហប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ដែល​យើង​បោះ​ទីតាំង​។ សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ​សង្គម ការ​ប្រឈម​ទាំងឡាយ​នៃ​បេសកកម្ម យកចិត្តទុកដាក់​ក្នុង​ការរៀបចំ​កម្លាំង និង​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រោះ​ថ្នាក់​គ្រប់​ប្រភេទ ដែល​អាច​កើតឡើង​ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប្រដាប់អាវុធ​នានា ដោយ​ការវាយប្រហារ ពួនស្ទាក់​ឬ​គ្រោះធម្មជាតិ និង​គ្រោះថ្នាក់​ដោយ​ជំងឺឆ្លង​នានា​។ ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស ជាមួយ​ប្រជាជន គោរព​ទំនៀមទម្លាប់ និង​ចេះ​ជួយ​ប្រជាជន​នៅ​ទីកន្លែង ដែល​កងកម្លាំង​យើង​បំពេញ​ប្រតិបត្តិការ ដូចជាជួយ​ទំនុកបម្រុង ឧបត្ថម្ភ ចែករំលែក​ស្បៀងអាហារ ជួយសង្គ្រោះ ពិនិត្យ​ព្យាបាល ជំងឺ និង​ការពារ​ប្រជាជន​នៅ​ទីនោះ​។ នេះ​គឺជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌ គុណធម៌ ស័ក្ដិសម​ជា​កងយោធពល​ខេមរភូមិន្ទ ដែល​កើតចេញ​ប្រជាជនធ្វើ​អ្វី​ដើម្បី​ប្រជាជន ​៕​ ដោយ ​៖​ កូឡាប​

spot_img
×