Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ប្រជាពលរដ្ឋ ៤២ គ្រួសារ បន្ត​ស្នើសុំ​លោក​ចៅសង្កាត់​កោះរ៉ុង ឲ្យជួយ​អន្តរាគមន៍​វិវាទ​ដី​ធ្លី​ជាមួយ លោក​ឧកញ៉ា សុខ ប៊ុន ថា​បាន​ក្លែង​ឯកសារ​រំលោភ​ដីធ្លី​ពួកគាត់​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ តំណាង​ប្រជាពលរដ្ឋ​ចំនួន ៤២​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ប្រមូលផ្តុំ​គ្នា​ជាថ្មីទៀត នៅ​ពីមុខ​សាលា​សង្កាត់​កោះរ៉ុង ដើម្បី​ស្នើសុំ​ឲ្យ​លោក សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង ឲ្យជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាថ្មីទៀត ដែល​ពួកគាត់​អះអាង ត្រូវបាន​លោក​ឧកញ៉ា សុខ ប៊ុន ក្លែង​ឯកសារ​រំលោភ​យក​។​

​ការប្រមូលផ្តុំ​ដាក់​ពាក្យបណ្តឹង​ជា​ថ្មី​ជូន​ចៅ​សង្កាត់​កោះរ៉ុង របស់​ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ បាន​ធ្វើដំណើរ​ទៅ​ដល់​សង្កាត់​កោះរ៉ុង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​នា​ឱកាស​នោះ​ដែរ តំណាង​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន រ៉ានី ហ៊ុន សែន ឲ្យជួយ​អន្តរាគមន៍ និង​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​អង្កេត​ទៅលើ​សកម្មភាព របស់​លោក​ឧកញ៉ា សុខ ប៊ុន និង​បក្សពួក​គេ ដែល​បាន​ក្លែង​ឯកសារ ប៉ុនប៉ង​រំលោភ​យក​ដី​ចម្ការ​ធ្លាប់​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ​នោះ ឲ្យមាន​សុវត្ថិភាព​ដីធ្លី​ឡើងវិញ​។​

​សូមបញ្ជាក់​ថា ក្តីបារម្ភ​នេះ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ បាន​ដល់​ជា​បន្តបន្ទាប់​មក​នេះ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​ទៅ​លោក សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ចុងខែ​មេសា ឆ្នាំ​២០១៩ ពា​ពិសេសលោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ស្នើ​សុំឲ្យ​ជួយ​អន្តរាគម​ន៍ បញ្ឈប់​សកម្មភាព​របស់លោក សុខ ប៊ុន ឲ្យបាន​ឆាប់ ដោយ​អនុគ្រោះ​។​

​ទាក់ទង​បញ្ហា​នេះ តំណាង​ប្រជាពលរដ្ឋ ៤២​គ្រួសារ រស់នៅ​សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ បាន​អះអាង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​ថា បើ​មិន​មាន​ដំណោះស្រាយ​ទេ ពួកគាត់​មាន​គម្រោង​ប្រមូលផ្តុំ​គ្នា​ឡើង​ទៅ​ដល់​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​សម្តេច ឲ្យជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​លោក​ឧកញ៉ា សុខ ប៊ុន បន្លំ​ឯកសារ​ប៉ុនប៉ង​រំលោភ​។​

​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៨ លោក សុខ ប៊ុន អគ្គ​នាយ ក្រុមហ៊ុន សុខ​ប៊ុន គ្រុប និង ក្រុម​ការងារ​ក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ បាន នាំ​យក​ម៉ាស៊ីន ជី​ភី​អេស (GPS) យក​ទៅ​ចុច វាស់​លើ​បរិវេណ​ដីធ្លី របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដែល​កំពុង​កាន់កាប់ នៅ​ចំណុច ពយ​តា​ផេង ពយ​អាពត និង ថ្ម​ជញ្ជាំង ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​និង​ខេត្ត​ព្រះសីហនុ​ម្តង​រួចមកហើយ ប៉ុន្តែ​កាលណោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​។​

​ងាក​មក​បណ្តឹង ឬ​លិខិត​ស្នើ​ជួយ​អន្តរាគមន៍ របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដាក់​ជូន​លោក សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ បង្ហាញថា ពួកគាត់​មាន​កិច្ចសន្យា​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​ពី​ឆ្នាំ ២០១៣ និង ពាក្យ​ស្នើ​សុំ​កាន់កាប់​ដី​ប្រើប្រាស់​ចុះ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០០៨ ចុះហត្ថលេខា ដោយ​លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង​។ ហើយ​ថា​ដីធ្លី​ខាងលើ​នេះ ពួកគាត់​មាន​សាលា​ក​ប័ត្រ​ព័ត៌មាន​ចុះ​ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ ២០១៥ និង​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ ត្រឹមត្រូវ​ស្របច្បាប់​។​

​ប្រជាពលរដ្ឋ​ខ្លះ​ឲ្យដឹងទៀតថា ពួកគាត់​បាន​មក​រស់​នៅលើ​កោះរ៉ុង កាលពី​ឆ្នាំ​១៩៩៣ និង​អ្នកខ្លះ​ទៀត បាន​មក​រស់នៅ​ឆ្នាំ​២០០០​មកម្ល៉េះ ដោយ​បាន​ប្រកប​របរ​ធ្វើ​ចម្ការ ដើម្បី​ចិញ្ចឹមជីវិត និង​បាន​ដាំ​ដំណាំ​កសិកម្ម​មួយចំនួន​នៅលើ​ដី​នោះ រួម​មាន​ដំណាំ ដូង ខ្នុរ និង ស្វាយចន្ទីរ​ជា​ដើម នៅលើ​ដី​នោះ​ជាក់ស្តែង​។​

​តំណាង​ប្រជាពលរដ្ឋ ៤២​គ្រួសារ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ការរស់នៅ និង​កាន់កាប់​ដីចំការ​រៀងៗ​ខ្លួន​របស់​ពួកគាត់​បាន​បន្ត​រហូត​មកដល់​បច្ចុប្បន្ន​នេះ ក៏​មាន​ការទទួល ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​សង្កាត់ និង​ក្រុងព្រះសីហនុ​ថែមទៀត​ផង​។ ពិសេស​ជាង​នេះ​ដី​លំនៅឋាន​និង​ដីចម្ការ​របស់​ពួកគាត់​ទាំង ៤២ គ្រួសារ ត្រូវបាន​ស្ថាប័ន​ជំនាញ នៃ​ក្រុមការងារ​ថ្នាក់​ជាតិ​មាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត ព្រះសីហនុ​បាន​ចុះ​វាស់វែង កំណត់​ក្បាលដី​ត្រៀម​ចេញ​បណ្ណ​កម្មសិទ្ធិ និង​បាន​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ក្បាល​ដី​ជា​សាធារណៈ នូវ​ឯកសារ​សុរិយោដី ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​អ្នក​កាន់កាប់​ដី​ដែល​ក្រុម​ការងារ​បច្ចេកទេស​បាន​ចុះបញ្ជី​ដីធ្លី និង​បាន​ចុះ​វាស់វែង​ប្រមូល​ទិន្នន័យ​ក្បាលដី​រួចរាល់ ស្រប​តាម​នីតិវិធី​ច្បាប់​។ ជាង​នេះ​ទៀត​ខាង​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី​ក៏បាន​ទុកពេល ១៥ ថ្ងៃ សម្រាប់ឲ្យ​អ្នកពា​ក់​ព័ន្ធធ្វើការ​តវ៉ា​គឺ​ចាប់ពី​ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី ២៨ ខែកក្កដា ឆ្នាំ​២០១៧​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ទាំង ៤២ គ្រួសារ បាន​សំណូមពរ​ដល់​លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ​, លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍ និង អង្កេត​ទៅលើ​សកម្មភាព​របស់​លោក​ឧកញ៉ា សុខ ប៊ុន និង​បក្សពួក ដែល​បាន​ឃុបឃិត​ក្លែង​ឯកសារ​ប៉ុនប៉ង​រំលោភ​យក​ដីធ្លី របស់​ពួកគាត់​នៅលើ កោះរ៉ុង ដោយ​ឲ្យបាន​ឆាប់​អនុគ្រោះ​ផង​។​

​យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន​គេហទំព័រ cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ជុំវិញ​វិវាទ​ដីធ្លី រវាង ប្រជាពលរដ្ឋ ៤២ គ្រួសារ​រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង មានទំនាស់​ជាមួយ​លោក​ឧកញ៉ា សុខ ប៊ុន ដើម្បី​បំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​ចំណែក លោក​ឧកញ៉ា សុខ ប៊ុន ដែល​មាន​លំនៅឋាន​ជា​អចិន្ត្រៃយ៍​នៅ​រាជធានី​ភ្នំពេញ ក៏​មិន​ទាន់​ស្នើ​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំង ៤២ គ្រួសារ ដែល​ចោទ​រូប​លោក​ថា​បាន​ក្លែង​ឯកសារ​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​បាន​នៅឡើយ​ដែរ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​យ៉ាងនេះ​ក្តី​យោង​តាម​ឯកសា ចុះ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០១៨ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ផ្ញើជូន​អភិបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី បាន​ឯកភាព​ជា​គោលការណ៍​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​វាស់វែង​ក្បាល​ដី​ទំហំ​ជាង ៥ លាន (៥.២៥០.០០០) ម៉ែត្រការ៉េ របស់​ឈ្មោះ សុខ ប៊ុន ស្ថិត នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​និង​ខេត្ត​ព្រះសីហនុ​។ លិខិត​នេះ​បាន​ស្នើសុំ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យចូល​រួម​អនុវត្ត​ការងារ​ខាងលើ នេះ​ឲ្យបាន​ជោគជ័យ​។​

​សំណើ​ខាងលើនេះ ក្រសួង​រៀបចំ​ដែនដី​បាន​ចាត់​ឲ្យ​លោក សួន សូ​ផា ដឹកនាំ​ក្រុម​ការងារ​ចុះ​សហការ​អនុវត្ត​ការងារ​វាស់វែង​ទំហំ​ផ្ទៃ​ដី​ខាងលើ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០១៨ ឲ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។​

​យ៉ាងនេះក្តី នៅក្នុង​លិខិត​សរសេរ​ដៃ មាន​ផ្តិត​ស្នាម​មេដៃ ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ របស់ ក្រុមការងារ​ចុះ​វាស់វែង​ចុះ​វាស់វែង​ដី​ជូន ឈ្មោះ សុខ ប៊ុន មាន​ទីតាំង​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​បដិសេធ និង​មិន​ទទួលស្គាល់​ទំហំ​ដី​លេខ ៦៩ ក​.​រ របស់លោក សុខ ប៊ុន ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២​ទេ​។​

​កាលណោះ​ក្រុម​ការងារ​ចុះ​វាស់វែង​ដី​ខាងលើ មាន​សមាសភាព​ចំនួន ៦​នាក់ ដោយ​ពួកគេ​បាន​អះអាង​ថា ការចុះវាស់វែង​ដី របស់លោក សុខ ប៊ុន ស្ថិតនៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ថា យោង​តាម​ការចុះ​វាស់វែង​ដី​ជាក់ស្តែង គឺ​ទីតាំង​ដី​ពិតប្រាកដ របស់លោក សុខ ប៊ុន ពេលនោះ គឺ​មាន​ទទឹង​ប្រវែង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ មាន​ទំហំ​សរុប ៥២៥០០​ម៉ែត្រការ៉េ​គត់​។​

​ត្រង់​ចំណុច​នេះ ក្រុមការងារ​ចុះ​វាស់វែង​ដី​ខាងលើ បាន​បញ្ជាក់​នៅក្នុង​លិខិត​ដដែល​ថា ព្រំ​ដី​របស់​លោក សុខ ប៊ុន គឺ​មាន​ព្រំ​៖ ខាងជើង​ទល់នឹង ឆ្នេរ​ថ្ម​សមុទ្រ ១០៥​ម៉ែត្រ​។ ខាងត្បូង​ទល់​នឹង​ចង្កេះភ្នំ​ថ្ម​ជញ្ជាំង​។ ខាងកើត​ទល់​នឹង ដី​លោក ទេព វុទ្ធី និង​ខាងលិច​ទល់​នឹង ៥០០​ម៉ែត្រ ពី​ដៃ​អូរ​ទឹកសាប​ជាប់​ដី ជី វិស័យ និង​ពី​កូន​កោះ​ដូង​។​

​ទាក់ទិន​បញ្ហា​នេះ លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ​បច្ចុប្បន្ន និង​លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង បានបញ្ជាក់​ថា ដី របស់លោក សុខ ប៊ុន មាន​ទំហំ​ត្រឹមតែ​ទទឹង ១០៥​ម៉ែត្រ និង​បណ្តោយ ៥០០​ម៉ែត្រ ឬ​មាន​ទំហំ​ស្មើ ៥​ហិច​តា និង​២៥​អា​តែប៉ុណ្ណោះ​។ ដី​ក្រៅពីនេះ គឺជា​ដី របស់​ប្រជាពលរដ្ឋ​ផ្សេង ដែល​រស់នៅ​ក្បែរ​នោះ​។ ដូច្នេះ​លោក​ទាំង​ពីរ​នាក់ បាន​បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​ទិញ​លក់​ដី របស់លោក សុខ ប៊ុន ដែល មាន​ទំហំ​លើ​ពី​ទំហំ​ដី​ខាងលើនេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក អ៊ួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង ក៏​បាន​បដិសេធ​មិន​ទទួលស្គាល់​លិខិត​លេខ ៦៩ ក​.​រ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០២ ដែល​ជា​ការទិញ និង​លក់ របស់ លោក សុខ ប៊ុន និង​លោក ម៉ា ទី ដែល​មាន​ទំហំ​ខុស​ពី​ការពិត​នោះ​ជា​ដាច់ខាត​។ ប៉ុន្តែ​លោក អ៊ួ​ង និត បាន​ទទួលស្គាល់​ទំហំ​ដី ទិញ​លក់ របស់ លោក សុខ ប៊ុន មាន​ទំហំ ១០៥​ម៉ែត្រ គុណ ៥០០​ម៉ែត្រ ឬ​ស្មើ​៥២៥០០​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។

​ចំណែក​លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ក៏​បាន​សរសេរ​លិខិត​បដិសេធ​មួយ​ច្បាប់​ផ្ញើ​ជូន លោក សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង​បច្ចុប្បន្ន និង​ផ្ញើជូន​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដោយ​បាន​បដិសេធ​ដែរ​ថា រូប​លោក​ក៏​មិន​ទទួលស្គាល់​លិខិត​ស្នើ​សុំ​កាន់កាប់​ប្រើប្រាស់​ដី​ចំការ​ចាស់ និង​លិខិត​ផ្ទេរសិទ្ធិ របស់ ឈ្មោះ សុខ ប៊ុន ដែល​បាន​ទិញ​ពី​ឈ្មោះ ម៉ា ទី ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​មាន​ទំហំ​ផ្ទៃ​ដី​ខុស​ពី​ការពិត​ខាងលើនេះ​ទេ​។

​ដោយឡែក លោក សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង​បច្ចុប្បន្ន កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ ក​បានឲ្យដឹងថា រូបលោក​នឹង​ដាក់​លុខិត​ជូន​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ក្រុមការងារ​ថ្នាក់ជាតិ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ឲ្យជួយ​រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ដើម្បី​ផ្តល់​យុត្តិធ៌ម​ជូន​ពួកគាត់​។​

​ជាង​នេះ លោក សេង ហួ​លាង ចៅ​សង្កាត់​កោះរ៉ុង បាន​ប្រកាស​គាំទ្រ និង​ទទួលស្គាល់​ការកាន់កាប់​ដីធ្លី របស់​ប្រជាពលរដ្ឋ​ទាំង ៤២​គ្រួសារ ថា​បាន​រស់នៅ​ភូមិ​ព្រែកស្វាយ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​ពិតប្រាកដ​មែន​។ ចំណែក​រាល់​ឯកសារ របស់​លោក​ឧកញ៉ា សុខ ប៊ុន ដែល​អះអាង​ថា មាន​ដី​រហូតដល់​ជាង ៥​រយ​ហិច​តា​នៅលើ​សង្កា​យកោះ​រ៉ុង​នោះ គឺ​លោក​បដិសេធ​មិន​ទទួលស្គាល់​ទេ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា លោក សុខ ប៊ុន មាន​ដី​ត្រឹមតែ ៥​ហិច​តា និង ២៥​អា​តែប៉ុណ្ណោះ​។

​គួររំលឹកថា លោក​ឧកញ៉ា សុខ ប៊ុន អគ្គ​នាយ​ក្រុមហ៊ុន សុខ ប៊ុន គ្រុប កាលពី​ថ្ងៃ​ទី ១៨ ខែកក្កដា ឆ្នាំ​២០១៥ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ដាក់គុក​ម្តង​រួចមក​ហើយ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​លោក សុខ ប៊ុន និង​អង្គរក្ស​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ CTN គឺ​កញ្ញាឯក សុជាតា នៅក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង រាជធានី​ភ្នំពេញ​៕ ដោយ ៖ ដែន សីមា​

spot_img
×