Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិ​ខ្លះ ​នៃ​​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ​

spot_img

​ភ្នំពេញ ​៖ ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែ​ពិសាខ នៅឯ​វាល​ព្រះមេរុ ស្ថិតនៅ​ខាងជើង​ព្រះបរមរាជវាំង នៃ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ តែ​ឆ្នាំ​ខ្លះ​ព្រះរាជ​ពិធី​នេះ ក៏​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ដែរ ជា​ព្រះរាជ​ពិធី​មួយ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មកហើយ​។ នេះ​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​២០ ​ឧសភា​នេះ​។​

​ព្រះរាជ​ពិធី​បុណ្យ​ប្រពៃណី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុកទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។ ម្យ៉ាង​ទៀត​ក៏​ជាការ​ដាស់តឿន ក្រើនរំឭក​ដល់​ប្រជាជន​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹង​ថា រដូវវស្សា​បាន​ចូលមក​ដល់​ហើយ​។ ចំណែក​ឆ្នាំនេះ​ព្រះរាជ​ពិធី​បុណ្យ​ទ្វារទសមាស ច្រត់ព្រះនង្គ័ល នឹង​ប្រារព្ធ​ធ្វើ​នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះៗ នៃ​ព្រះរាជ​ពិធី​បុណ្យ ច្រត់ព្រះនង្គ័ល​៖

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ គឺជា​ព្រះរាជ​ពិធី​មួយ សំខាន់បំផុត បន្ទាប់​ពី​ព្រះរាជា​អភិ​សេក ហើយក៏​ជា​ព្រះរាជ​ពិធី​មួយ ស្ថិតក្នុង​ចំណោម​ព្រះរាជ​ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ ដែល​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារទសមាស​។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ការប្រកប​របរ​កសិកម្ម​ជា​មុខរបរ​ចម្បង ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគផល ដំណាំ​ដទៃៗ​ទៀត (​បច្ចុប្បន្ន ប្រជានុរាស្ត្រ​ខ្មែរ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​ពី ៨៣ ទៅ ៨៥%)​។​

​តាមពិតទៅ ការបង្កើត​ផលិតផល​ស្រូវ​អង្ករ ឬក៏​ផលដំណាំ​ផ្សេងៗ ដូចជា​ពោត សណ្តែក ល្ង ដោយ​ព្រះរាជា​តាមរយៈ​ព្រះរាជ​ពិធី​ខាងលើនេះ បណ្តាលមកពី​កត្តា​ចម្បង​មួយ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ «​ស្តេច​» ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​។ មានន័យ​ថា ផលដំណាំ​ពុំមែន ស្ថិត​នៅ​ត្រឹម​តែ​ការដាំដុះ បច្ចេកទេស ឬ​សេដ្ឋកិច្ច​នោះទេ ពោល​គឺ​ប្រាកដ​ជា​បណ្តាលមកពី​ពិធី​កម្ម​នេះឯង​។​

​តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុង​ការ​ផ្សង មើល​ប្រថ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ ស៊ីផឹក របស់ “ គោ​ឧសភរាជ ”​។ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ​២ នឹម​ទៀត ដែល​សម្រាប់ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិន​ទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើ​មក ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម ។ ឯ «​គោ​ឧសភរាជ​» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោម​ស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នក​តំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប យ៉ាង​ពណ៌​មាស ។ នៅត្រង់​កនា​គ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះ​រាជគ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់​សណ្ដែក​១​តុ គ្រាប់​ពោត​១​តុ គ្រាប់​ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វី​មួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅ​ខាង​មុខ​តាម​នោះ​ប្រកាស​ផ្សាយ​។

​ខាងក្រោម​នេះ​ជា​ព្រះ​បរម​ឆាយា​លក្ខណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ស្តេច​សព្វព្រះរាជហឫទ័យ​យាង​ច្រត់ព្រះនង្គ័ល​ដោយផ្ទាល់​ព្រះអង្គ កាល​ពី​អតីត​កាល។

​ចំណែក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះន័ង្គ​ល ឆ្នាំ​២០១៩​នេះ នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ទឹកដី​ក្រុង​ដូន​កែវ ខេត្តតាកែវ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០១៩​។ ក្នុងការ​ខិត​ចូលមក​ដល់​នេះ​ដែរ​គេ​សង្កេតឃើញថា លោក​អភិបាលខេត្ត​តាកែវ រួមជាមួយ​និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត បាន​ចូលរួម​ធ្វើ​ការហ្វឹកហាត់​ដើរ​សម សម្រាប់​ត្រៀម​ក្នុងការ អនុវត្ត​ន៏​ជាក់ស្តែង​នៅក្នុង​ពិធី​ច្រត់ព្រះនង្គ័ល ហើយ​ពិធី​នេះ​ផង​ដែរ ស្ថិតក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា ៕​ ដោយ​៖​កូឡាប​

spot_img
×