ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបជូនឲ្យអភិបាលរាជធានី-ខេត្ត ករណីសំណើសុំឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើការស្រង់ឈ្មោះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងទាំងអស់ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ។
តាមលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ដើម្បីធានាឲ្យដំណើរការរៀបចំនិងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ បានត្រឹមត្រូវ និងទាន់ពេលវេលា ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានី-ខេត្ត ត្រូវណែនាំ គាំទ្រដល់ប្រធានប្រឹក្សាឃុំ-សង្កាត់ ធ្វើការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងទាំងអស់ ក្នុងឃុំសង្កាត់របស់ខ្លួន ដាក់ក្នុងបញ្ជីរាយនាមសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែង ដោយមានការបញ្ជាក់ឯកភាពតាមឋានុក្រមពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងបញ្ជូនមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងយូរ ត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ អាសនៈនៅក្នុងព្រឹទ្ធសភា អាណត្តិទី៤ មាន ចំនួន៦២អាសនៈ ក្នុងនោះសមាជិកចំនួន៥៨រូប ត្រូវជ្រើសតាំងតាមរយៈ ការបោះឆ្នោតជាអសកលដោយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងបច្ចុប្បន្នសរុប ១១.៦៩៥នាក់ ខណៈដែលសមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវចាត់តាំងដោយអង្គព្រះមហាក្សត្រ និងចំនួន២រូប ជ្រើសតាំងដោយរដ្ឋសភា៕ ដោយ៖កូឡាប