Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ដាំ​ស្មៅ​ចំណី Sorghum Silage តាម​ខ្សែចង្វាក់​គ្រឿងចក្រ​ទាំងស្រុង​

spot_img

​ភ្នំពេញ ​៖ ក្រុមការងារ​អនុវត្ត​គម្រោង​ដាំ​ដំណាំ​ស្មៅ ​sorghum ផលិត​ចំណី​ផ្អាប់​សត្វពាហនៈ បាន​ជួប​សំដែង​គួរសម​និង​រាយការណ៍​វឌ្ឍន៍ភាព​នៃ​ការអនុវត្តន៍​គម្រោង ជូន​លោក​រដ្ឋមន្ត្រី​កសិកម្ម​។ គម្រោង​នេះ​មាន​រយៈពេល​២​ឆ្នាំ មាន​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ ដោយ​ជួយ​សាងសង់​ឃ្លាំង​ចំនួន​១ ទិញ​ត្រា​ក់ទ​រ័​៤​គ្រឿង និង​សម្ភារៈវេច​ខ្ចប់ ផលិតកម្ម​ផលិត​ចំណី​ផ្អាប់​ស្មៅ​ sorghum តាម​ខ្សែចង្វាក់​គ្រឿងចក្រ​ទាំងស្រុង​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​អង្គារ ៣​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោក Yuji SEGOSHI ទីប្រឹក្សា និង​ជា​អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ JICA លោក​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា និង​សហការី​ដើម្បី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ពី​គម្រោង​ស្តីពី​ការដាំ និង​ការធ្វើ​អាជីវកម្ម​ប្រភេទ​ស្មៅ​ចំណី Sorghum Silage ដែល​គម្រោង​នេះ​ទទួលបាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ JICA សម្រាប់​រយ​:​ពេល​០២​ឆ្នាំ អនុវត្ត​ដោយ​ក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការ​និង​សម្របសម្រួល​ជាមួយ​អង្គការ CMAC និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ខេត្តបាត់ដំបង​។

​សូមបញ្ជាក់ថា គម្រោង​នេះ ទទួលបាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​អង្គការ​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​ជប៉ុន​(JICA)​សម្រាប់​រយ​:​ពេល​០២​ឆ្នាំ​(២០១៨-១៩) អនុវត្ត​ដោយ​ក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការ និង​សម្របសម្រួល​ជាមួយ​អង្គការ CMAC និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​ត្រូវ​ដាំ​ដុះ​នៅ​មណ្ឌល​អភិវឌ្ឍន៍​សុី​ម៉ាក់​មរតក​តេ​ជោ ស្ថិតនៅ​ឃុំ​ឆ្លាស់​មាន់ ស្រុក​គាល់​ក្រឡ ខេត្តបាត់ដំបង​។ គម្រោង​នេះ​មាន​រយះពេល​២​ឆ្នាំ មាន​ទឹកប្រាក់​ជិត​១​លាន​ដុល្លារ ដោយ​ជួយ​សាងសង់​ឃ្លាំង​ចំនួន​១ ទិញ​ត្រា​ក់ទ​រ័​៤​គ្រឿង និង​សំភា​រះ​វេច​ខ្ចប់ ផលិតកម្ម​ផលិត​ចំណី​ផ្អាប់​ស្មៅ​sorghum តាម​ខ្សែចង្វាក់​គ្រឿងចក្រ​ទាំងស្រុង​។​

​មានមតិ​ស្វាគមន៍ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយ​:​អង្គការ JICA ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ថវិកា​និង​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេល​កន្លងមក​។ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ថា ក្នុង​បរិបទ​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ និង​ជាពិសេស​ការប្រែប្រួល​អាកាសធាតុ បាន​តម្រូវ​ឲ្យ​ក្រសួង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ និង​គោលដៅ​របស់ខ្លួន​ពី​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​មក​ផលិត កែច្នៃ និង​ធ្វើការ​នាំចេញ​។ ពាក់ព័ន្ធ​នឹង​គម្រោង​ដាំ​ស្មៅ​ចំណី Sorghum Silage នេះ លោក​រដ្ឋមន្ត្រី​បានធ្វើ​ការគាំទ្រ និង​លើកទឹកចិត្ត​ដោយ​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​ក​សិ​កម្ម​មានការ​រីកចម្រើន ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ស្ទើរតែ​ទាំងអស់ បានធ្វើ​ឲ្យ​កសិករ​បង្វែរ​គោលដៅ​ពី​ការចិញ្ចឹម​គោ ក្របី​សម្រាប់​ជា​កម្លាំង​អូសទាញ មក​ចិញ្ចឹម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​វិញ ដែល​ការផ្លាស់ប្តូរ​នេះ​បាន​ជួយ​ដល់​ពួកគាត់​រកបាន​ចំណូល​បន្ថែម​បាន​យ៉ាង​ល្អ ទន្ទឹមនឹង​ក្រសួង​កំពុង​ជំរុញ​ផលិតកម្ម​សត្វ និង​ចំណី​សត្វ​។

​នាឱកាស​នេះ លោក Yuji SEGOSHE បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ជ្រាបថា កាលពី​ឆ្នាំ ២០១៨ គម្រោង​ផលិត​បានជា​ចំណី​សត្វ​បាន​ប្រមាណ​ជា​២១១​តោន សម្រាប់​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​០១​តោន ទទួលបាន​តម្លៃ​ពី ៧០-៨០ ដុល្លារ​អាមេរិក ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ គ្រោង​បង្កើន​ការផលិត​ឲ្យ​បាន​៤៥០​តោន​។ លោក​បានបញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ផលិតកម្ម​នៅមានកម្រិត ការផ្គត់ផ្គង់​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ បញ្ហា​ចម្បង​ក្នុងពេល​បច្ចុប្បន្ន​គឺ​មធ្យោបាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន រួមជាមួយ​ការ​កង្វះ​ប្រភពទឹក​ស្រោចស្រព​។ ដោយឡែក ដោយ​ពិនិត្យឃើញ​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏មាន​បំណង​បោះទុន​វិនិយោគ​យក​ស្មៅ​ប្រភេទ​នេះ​មក​ផលិត​ជា​ជី​កុំ​ប៉ុស្តិ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នាពេល​អនាគត​ផងដែរ​។​

​ដូច្នេះ ដើម្បី​ឲ្យ​គម្រោង​ទទួលបាន​ជោគជ័យ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក Yuji SEGOSHE និង​ក្រុមហ៊ុន ANP ពិនិត្យ​លទ្ធភាព​ពង្រីក​ការអនុវត្ត​គម្រោង​ឲ្យ​បាន​ទូលំទូលាយ​ដោយ​ត្រូវ​÷ ទី​១. រៀបចំ​ចងក្រង​សហគមន៍​ផលិត ដើម្បី​បង្កើន​បរិមាណ​ផលិត ធានា​ដល់​ការផ្គត់ផ្គង់​។ ទី​២. បង្កើន​ការផ្សព្វផ្សាយ​ពូជ និង​បច្ចេកទេស​ដាំ​ដុះ​ស្មៅ​ប្រភេទ​នេះ​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ និង​កសិដ្ឋាន​។ ទី​៣. បង្វែរ​គោលដៅ​ផ្គត់ផ្គង់​មក​ផ្គត់ផ្គង់​ក្នុង​តំបន់​ផលិត​វិញ ដើម្បី​កាត់បន្ថយ​តម្លៃ​នៃ​ការដឹកជញ្ជូន​។ ទី​៤. សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បង្កើន​ការដាំដុះ ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ដើម្បី​ជួយ​ស្រទាប់ដី​មិន​ឲ្យ​បាត់បង់​ជាតិ​ទឹក និង​បង្កើន​គុណភាព​ដី​។ ទី​៥.​រៀបចំ និង​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​ពីមុន​ការដាំដុះ រហូតដល់​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​បាន​ពេញលេញ ដូចជា​ការដាំដុះ ចិញ្ចឹម និង​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ខ្លួនឯង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×