Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​តំបន់​អភិវឌ្ឍន៍​បឹងកក់​២២​គ្រួសារ ទទួលបាន​ប័ណ្ឌកម្មសិទ្ធិ ហើយ​បញ្ឈប់​ការតវ៉ា​តាម​ដងផ្លូវ​សាធារណៈ

spot_img

ភ្នំពេញ​៖ នៅ​ព្រឹ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការចែក​ប័ណ្ណកម្មសិទ្ធិ ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​និង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ចំនួន​២២​គ្រួសារ ហើយ​នៅសល់​ចំនួន​៧​គ្រួសារ​ទៀត ដែល​កំពុង​ធ្វើ​ការដោះស្រាយ​បន្ត​។ ជាមួយគ្នា​នោះ អាជ្ញាធរ​រាជធានី​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​នេះហើយ សូម​បញ្ឈប់​ការដើរ​តវ៉ា​តាម​ដងផ្លូវ​សាធារណៈ​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី ហើយ​បើ​ដើរ​តវ៉ា​ក្នុង​រឿង​ផ្សេងៗ នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា បានបញ្ជាក់​ថា បញ្ហា​ក្នុង​តំបន់​អភិវឌ្ឍន៍ ដែលមាន​នា​ពេល​កន្លងមក​នេះ គឺជា​បញ្ហា​ស្មុគ្រស្មាញ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​ធ្វើ​ការងា​រ​នេះ​តាំងពី​រាជរដ្ឋាភិបាល​ប្រគប់​តំបន់បឹង​កក់ជូន​ក្រុមហ៊ុន​កូកា​កូ​អ៊ីន​ធ្វើការ​អភិវឌ្ឍន៍​តាំងពី​ឆ្នាំ​២០០៥​ដែល​មាន​លក្ខណៈ​ស្មុគ្រស្មាញ ទាំង​លក្ខណៈ​បច្ចេកទេស និង​នយោបាយ ។ ហើយ​ដើរ​មក​ដល់​ដំណាល់​កាល ក្រោយ​ពេល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាង​៤០០០​គ្រួសារ និង​ឈាន​ទៅ​បញ្ចប់​ស្ទើរតែ​១០០​ភាគរយ ដែល​នៅ​សេសសល់​ប្រមាណ​៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ទៅ​វាស់ដី​ជូន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​បាន​បញ្ជាក់ថា នេះ​បង្ហាញឲ្យឃើញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សាលា​រាជធានី​ភ្នំពេញ​នាពេល ដែល​បន្ត​តាំងពី​អាណត្តិ​របស់​លោក​កែប ជុតិមា លោក​ប៉ា សុជាតិ​វង្ស និង​លោក​ឃួង ស្រេង​។ ការដោះស្រាយ​ដែល​សម្រេច​បាន​រហូត​ដល់​ពេលនេះ ឈរលើ​គោលការណ៍​ពីរ​សំខាន់ គឺ​ការយោគយល់​និង​អធ្យាស្រ័យ និង​ធ្វើការ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​គោលការណ៍​សិទ្ធិ​លំនៅដ្ឋាន ដោយ​ព្យាយាម​ឲ្យអស់​លទ្ធភាព​។

​លោក​មាន ចាន់​យ៉ាដា បាន​ថ្លែងបន្តថា នៅពេល​នេះ​បងប្អូន​អាច​ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ទៅ​ប្រើប្រាស់​ដោយ​ស្របច្បាប់ អាស្រ័យ​ផល​លើ​ដី​របស់​បងប្អូន ហើយ​ប័ណ្ណកម្មសិទ្ធិ​បងប្អូន​អាច​យក​ទៅ​ប្រើប្រាស់​ក្នុងន័យ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ក្នុង​កាស​ឱ​នោះដែរ លោក​ក៏​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ក្រោយពេល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​រួចហើយ សូម​បញ្ឈប់​ការដើរ​តវ៉ា​តាម​ផ្លូវ​សាធារណៈ​តទៅទៀត រឿង​ដីធ្លី តាម​ការ​ញុះញង់​របស់​ជន​មួយ​ក្តាប់​តូច ដែល​ជា​ការបម្រើ​នយោបាយ​របស់​ក្រុម​មនុស្ស​មួយចំនួន ហើយ​ប្រសិនបើ​បងប្អូន​នៅ​តែ​តវ៉ា​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​ដីធ្លី​នោះ គឺ​បងប្អូន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ហើយ​បងប្អូន​ត្រូវតែ​ថែរក្សា​នូវ​សុខសន្តិភាព សាធារណៈ ដើម្បី​ការអភិវឌ្ឍ គឺ​យើង​មិន​ចង់​សង្គម​យើង​ក្លាយ​ជា​សង្គម​អនាធិបតេយ្យ សង្គម​មួយ​ដែល​មាន​តែ​ការតវ៉ា ការបំផ្លាញ ការធ្វើ​សកម្មភាព​នៅ​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ គឺ​យើង​ចង់ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅក្នុង​សង្គម​មួយ​ប្រកបដោយ​សុខសន្តិភាព ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត នៅតាម​មុខរបរ​រៀងៗ​ខ្លួន​។

​អ្នកស្រី​មាស ដា​ណែ​ត តំណាង​ប្រជាពលរដ្ឋ​បឹងកក់ បាន​សម្តែង​នូវ​ការសប្បាយ​រីករាយ​ដែល​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់ និង​បាន​ថ្លែងអំណរគុណរ​ដល់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​បាន​ទទួល​ប្លង់​ដី​ស្របច្បាប់​ត្រឹមត្រូវ​។ លោកស្រី បានបញ្ជាក់​ថា បញ្ហា​តំបន់​បឹងកក់​នេះ នៅសល់​ចំនួន​៧​គ្រួសារ​ទៀត ដែល​ដោះស្រាយ​មិន​ទាន់​ត្រូវ​គ្នា​។​

​ចំណែក​លោក​ចាន់ ពុទ្ធិ​ស័ក្តិ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​បឹងកក់ ដែល​ទទួលបាន​ប្លង់ដី​មួយ​ប្លង់​ដែរ​នេះ បាន​ថ្លែងថា “​ខ្ញុំ​មាន​ការសប្បាយ​រីករាយ​ដែល​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អរគុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជំរុញ​ការដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​តំបន់​បឹង​កក់ រហូត​ឈាន​ទៅដល់​ការផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួកយើងខ្ញុំ​ទាំងអស់គ្នា “៕ ដោយ​៖​កូឡាប​

spot_img
×