Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ស្តេច​យាង​ទៅ​បារាំង អបអរសាទរ​ខួប ២៥​ឆ្នាំ អា​យ ស៊ី ស៊ី អង្គរ​

spot_img

​ភ្នំពេញ​ ៖ ​ព្រះមហាក្សត្រ ស្តេច​យាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ទៅកាន់ សាធារណរដ្ឋ​បារាំង ដើម្បី​យាង​ចូលរួម​ក្នុង ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អា​យ ស៊ី សុី អង្គរ ICC-Angkor ​។​

​បើ​តាម​ហ្វេ​សប៊ុក​ព្រះបរមរាជវាំង បានឲ្យដឹងថា ​នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ទៅកាន់ សាធារណរដ្ឋ​បារាំង ដើម្បី​យាង​ចូលរួម​ក្នុង ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា អា​យ សុី សុី អង្គរ ICC-Angkor ។ ក្នុង​ឱកាស​ដ៏​ឧត្តុង្ឥឧត្តម​នេះ ក៏​មាន​ការយាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ព្រះរាជវង្សានុវង្ស ឥស្សរជន​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើន​រូប​ផង​ដែរ​។​

​សូមបញ្ជាក់​ថា គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ហៅ​កាត់​ថា ICC-Angkor ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃ​ទី​២១-២២ ខែ​ធ្នូ ឆ្នាំ​១៩៩៣ ក្នុង​គោលដៅ​អភិរក្ស និង​អភិវឌ្ឍន៍​អង្គរ បន្ទាប់​ពី​ប្រាសាទ​ជា​មរតក​ដ៏​មាន​តម្លៃ​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ ត្រូវបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេត​កភណ្ឌ​មនុស្ស​ជាតិរប​ស់​អង្គការ​យូណេស្កូ ក្នុង​កិច្ចប្រជុំ​នៅ​សា​ន់តា​ហ្វេ សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២​។​

​គណៈកម្មាធិការ​មួយ​នេះ​បង្កើត​ឡើង​ដំបូង​មាន​រយៈពេល​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ​។ តែ​ដោយ​មើលឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​គណៈកម្មាធិកា​រ​មួយ​នេះ​ក្នុង​អភិរក្ស និង​អភិវឌ្ឍន៍​អង្គរ​នោះ ទើប​មាន​ការបន្ថែម​សុពលភាព​រយៈពេល ១០​ឆ្នាំ​ចំនួន​ពីរ​ដង​ទៀត​។ ការបន្ថែម​សុពលភាព​ចំនួន​ពីរ​ដង​នេះ មួយដង​ត្រូវបាន ធ្វើឡើង​តាមរយៈ កិច្ចប្រជុំ នៅ​ទីក្រុង​ប៉ារីស ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០០៣ និង​មួយដង​ទៀត​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៣​។​

ICC-Angkor មាន​បារាំង និង​ជប៉ុន ជា​សហប្រធាន​, លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍ ទទួលបន្ទុក​ដោយ​ការិយាល័យ​តំណាង អង្គការ​យូណេស្កូ​ប្រចាំ​ព្រះ រាជាណាចក្រ កម្ពុជា និង អាជ្ញាធរ​ជាតិ​អប្សរា តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សមាជិក ICC-Angkor មាន​ចំនួន​៣៧​ប្រទេស មកពី​៥​ទ្វីប និង​មាន​អង្គការ​អន្តរជាតិ​ចំនួន ១៣​ទៀត​។ ចំនួន​អ្នកជំនាញ​បច្ចេកទេស ចូលរួម​ក្នុង​កិច្ចប្រជុំ ICC-Angkor ក៏​បាន​កើនឡើង​ជា​លំដាប់​ផងដែរ ពី​ចំនួន​៥០​នាក់ មក​ក្នុង​ចន្លោះ ៣៥០​នាក់ នាពេល​បច្ចុប្បន្ន​នេះ​។​

ICC-Angkor មាន​តួនាទី និង​ភារកិច្ច​សំខាន់​ក្នុងការ​ស្រោចស្រង់ អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​អង្គរ​។ ICC-Angkor បានបញ្ចប់​ដំណាក់កាល​ស្រោចស្រង់​អង្គ​រហើយ ក្នុង​រយៈពេល​១០​ឆ្នាំ (១៩៩៣-២០០៤) ។ ដំណាក់កាល​បច្ចុប្បន្ន​នេះ គឺ​ការអភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (២០០៤ មកដល់​បច្ចុប្បន្ន​)​។​

​សមិទ្ធផល​សំខាន់ៗ ដែល ICC-Angkor សម្រេចបាន​ក្នុង​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​អង្គរ​នោះ​មានដូចជា​៖ កិច្ចការ​ជួសជុល​ប្រាសាទ និង​អភិរក្ស​បេតិកភណ្ឌ​, គម្រោង​បណ្តុះបណ្តាល​ថែទាំ​ប្រាសាទ ស្រាវជ្រាវ អភិវឌ្ឍ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​, លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​, ការពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍​, បណ្តុះបណ្តាល​ភ្នាក់ងារ​ទេសចរណ៍​ប្រចាំការ​តាម​ប្រាសាទ​, សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី​ក្រោម​ជំនួយ​របស់​ជប៉ុន​, សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ីអាគ្នេយ៍ ក្រោម​កិច្ចសហការ​ទន្លេមេគង្គ​-​គង្គា (MEKONG-GANGA COOPERATION-MGC) និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រទេស​ឥណ្ឌា​, បន្ត​សិក្សា​និង​រៀបចំ​ផែនការ​គ្រប់គ្រង​ទេសចរណ៍​នៅ​អង្គរ​(TMP) ដោយ​សហការ​ជាមួយ​ប្រទេស​អូស្ត្រាលី​, ការងារ​ជួសជុល និង​ស្ថាបនា​ផ្លូវ​ក្រោម​ជំនួយ​អន្តរជាតិ និង​មាន​បដិភាគ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​, ការងារ​ត​បណ្តាញ​អគ្គិសនី និង​ការថែទាំ​ស្ទឹង​សៀមរាប និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ បង្ការ​ទឹកជំនន់​ជាដើម​។​

​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨ ខួប ២៥​ឆ្នាំ នៃ​ការបង្កើត ICC-Angkor ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធឹកអធម​នៅ​លើទឹក​ដី​សៀមរាប​អង្គរ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ ពិធី​អបអរសាទរ​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​, ប្រធាន​អង្គការ​យូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO ផងដែរ​។​

​ការរៀបចំ​ពិធី​អបអរសាទរ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត ICC-Angkor​នេះ មាន​គោលបំណង​សំខាន់ៗ​មួយចំនួន​រួមមាន ​៖
​អបអរសាទរ​ភាពជោគជ័យ ដែល​កើត​ចេញ​មក​ពី​យន្តការ អា​យ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជា​គំរូ​នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្រាប់​បណ្តា​ប្រទេស​នានា​លើ​សាកលលោក​។​

បង្ហាញ​មោទនភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​មហាអំណាច​វប្ប​ធម៌ និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មកហើយ ព្រម​ទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​។​

សម្តែង​កតញ្ញូតាធម៌ និង​គុណូបការៈ ចំពោះ​វីរជន ឥស្សរជន និង​បុព្វបុរស​គ្រប់​ជំនាន់ ដែល​បាន​លះបង់​កាយ​ចិ​ត្ត ស្មារតី​ក្នុង​ការកសាង ថែរក្សា ការពារ និង​អភិរក្ស​មរតក​វប្បធម៌​។​

បណ្តុះ​ស្មារតី​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់ ចូលរួម​ថែរក្សា ការពារ និង​លើកតម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ផូរផង់​របស់​កម្ពុជា និង​បង្ហាញ​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​បេតិកភណ្ឌ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ​ដោយ​ ៖​ កូឡាប​

spot_img
×