Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​អំពី​បទ​គ្រឿងញៀន ធ្វើ​ចរាចរណ៍រាល់ថ្ងៃ​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ជាថ្មីទៀត ចំពោះ​បទល្មើស​គ្រឿងញៀន ដែល​បាន​បន្ត​កើត​មាន​អនាធិបតេយ្យ​នា មូលដ្ឋាន​នេះ ប៉ុន្តែ​ការបង្ក្រាប របស់​កម្លាំង​សមត្ថកិច្ច​មិនទាន់​មាន​ប្រសិទ្ធភាព​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន អះអាងថា បទល្មើស​គ្រឿងញៀន​នេះ ត្រូវ​គេ​លួច​ចែកចាយ​រាល់ថ្ងៃ​នា​មូលដ្ឋាន​នេះ ជាពិសេស​នៅពេល​យប់ នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ​។ ក្នុងនោះ ក៏​ឃើញ​មាន​យុវជន​ញៀន​ថ្នាំ​មួយចំនួន បានធ្វើ​សកម្មភាព​ឈ្លោះប្រកែក​គ្នា​នៅតាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន បង្ក​ការភ័យខ្លាច​ដល់​ប្រជា​ល​រដ្ឋ​ថែម​ទៀត​ផង​។​

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​អាណាព្យាបាល រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យជួយ​ចេញ​បទបញ្ជា​ក្តៅ​ទៅ លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បន្ថែម​កម្លាំង​នគរបាល ចុះ​ស្រាវជ្រាវ​ទប់ស្កាត់ បទ​គ្រឿងញៀន នា​មូលដ្ឋានេះ ឲ្យបាន​ជាប្រចាំ និង​ឲ្យមាន​ប្រសិទ្ធភាព​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ បាន​អះអាង​ថា បទល្មើស​គ្រឿងញៀន ដែល​កំពុង​ធ្វើ​ចរាចរណ៍​នា​ខេត្ត​ព្រះសីហនុ ជាពិសេស​ក្នុង​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ បាន​កើតមាន​រាល់ថ្ងៃ​។ ទោះបី​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​នេះ បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ជា​បន្តបន្ទាប់​បែបណា​ក្តី​។ ប៉ុន្តែ​បទល្មើស​នេះ គេ​សង្កេតឃើញថា នៅតែ​បន្ត​កើត​មាន​ដដែល​។​

​ប្រជាពលរដ្ឋ​អះអាង​បន្តថា រាល់ថ្ងៃនេះ​គេ​កត់សម្គាល់ថា អ្នកធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នាទី​ខេត្ត​ព្រះសីហនុ មាន​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​។​

​ទាក់ទិន​បញ្ហា​នេះ តាមរ​បាយ​កាណ៍​ពី​កម្លាំង​នគរបាល​បានឲ្យដឹងថា កាលពី​យប់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ត្រាប​បទល្មើស​ចែកចាយ​គ្រឿង​ញៀន ១​ករណី​ទៀត នៅ​ខាងក្រោយ​សាលាក្រុង​ព្រះសីហនុ ស្ថិតក្នុង​ក្រុម​៤៥ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ហ៊ាង ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​សំណង់ ទីកន្លែង​កំណើត ភូមិ ដូង ឃុំ​ទ្វា ស្រុក​កំពង់បាយ ខេត្ត​កំពត​។

នា​ឱកាស​នោះ សមត្ថកិច្ច ក៏​បាន​ដកហូត​ថ្នាំញៀន​ចំនួន ៣​កញ្ចប់ ក្នុងនោះ​មាន​២​កញ្ចប់​ធំ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង​។​

​ទាក់ទិន​បទល្មើស​នេះ កន្លងមក លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ធ្លាប់បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ រស់នៅ​តាម​មូលដ្ឋាន​នានា ឲ្យចូល​រួម​សហការ​ផ្តល់​ព័ត៌​មាន មក​កម្លាំង​សមត្ថកិច្ច នៅ​ពេល​ពួកគាត់ បានឃើញ​បទល្មើស​អ្វីមួយ​។

​លោកស្នងការ​បន្តថា រាល់​ការ​ផ្តល់​ព័ត៌មាន របស់​ប្រជាពលរដ្ឋ មក​កម្លាំង​សមត្ថកិច្ច គឺ​សមត្ថកិច្ច​នឹង​លាក់​ប្រភព​ផ្តល់​ព័ត៌មាន​ទាំងនោះ​ជូន ប្រសិនបើ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​៕ ដែន សីមា​

spot_img
×