Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ពន្ធដា (TAX Day) ក្នុងន័យ​ជំរុញ​ភាពងាយស្រួល និង​បង្កើន​ការយល់ដឹង​អំពី​ពន្ធដារ ឱ្យ​កាន់តែ​ទូលំទូលាយ​

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ (JICA) ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី ថ្ងៃ​ពន្ធដារ (TAX Day) ក្រោម​ប្រធានបទ ការយល់ដឹង​អំពី​ពន្ធដារ​។ ការខិតខំ​ប្រឹងប្រែង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការកែទម្រង់​រដ្ឋបាល​សារពើពន្ធ និង​គោលនយោបាយ​សារពើពន្ធ ព្រម​ទាំង​ការ​ធ្វើ​ទំនើបកម្ម​ពន្ធដារ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ជួយ​សម្រួល​ក្នុង​ការផ្តល់​សេវា​ដល់​អ្នកជាប់ពន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ គុណភាព​ខ្ពស់ រហ័ស សាមញ្ញ និងស័​ក្កិសិទ្ធិ​ភាព​។ នៅ​បាត់ដំបង​សេចក្តី ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រនៃ​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី 23 ខែ​ឧសភា​។​

​លោក សេង ជា​សិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​គោលនយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដា​រ​អន្តរជាតិ បាន​ថ្លែងថា កម្មវិធី​ថ្ងៃ​ពន្ធដារ​នេះ (TAX DAY) ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​បទ​ប្បញ្ញត្តិ ប្រកាស និង​សេចក្តីជូនដំណឹង​ថ្មីៗ ស្តី​អំពី​ប្រព័ន្ធ​ពន្ធដារ​ជូន​សាធារណជន​ទូទៅ​។ លើសពីនេះទៅទៀត កម្មវិធី​ក៏​បាន​រៀបចំ​បង្ហាញ​ពី​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្កើតឡើង នា​ពេលកន្លងមក ក្នុងន័យ​ជំរុញ​ភាពងាយស្រួល និង​បង្កើន​ការយល់ដឹង​អំពី​ពន្ធដារ ឱ្យ​កាន់តែ​ទូលំទូលាយ​។​

តាមរយៈ​កម្មវិធី​នេះ​ផងដែរ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង JICA បាន​រៀបចំ​ការផ្សព្វផ្សាយ​ជា​សាធារណៈ ដោយ​មាន​ការផ្តល់ជូន​ដល់​សាធារណជន​ទូទៅ ដែល​បាន​អញ្ជើញ​ចូលរួម​នូវ​សៀវភៅ​ស្តីពី​តួនាទី និង​អត្ថប្រយោជន៍​នៃ​ពន្ធ និង​ប្រព័ន្ធ​ពន្ធដារ​នៅ​កម្ពុជា ខិត្តប័ណ្ណ បន្ទះ​ស៉ី​ឌី ផ្ទាំង​ផ្សព្វផ្សាយ (Poster) និង​មាន​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ដូចជា សៀវភៅ ប៊ិច អាវយឺត កែវ​ទឹក និង​ដប​ទឹក ដែល​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ មាន​បោះពុម្ពអក្សរ និង​សញ្ញា​ពាក់ព័ន្ធ​និង​កិច្ចសហប្រតិបត្តិកា​ររ​វាង JICA និង​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

លោក ព្រាប បូ​ណា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ជា​វាគ្មិន បានបង្ហាញ​ដល់​អ្នកចូលរួម អំពី​រចនាសម្ព័ន្ធ​នៃ​ចំណូល​ចរន្ត​ជាតិ ដែល​មាន​ចំណូល​សារពើពន្ធ ត្រូវ​បាន​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ចំណូល​មិនមែន​សារពើពន្ធ​រួមមាន ធនធានធម្មជាតិ ទេសចរណ៍ សម្បទាន​ដី​សេដ្ឋកិច្ច ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សហគ្រាស​សាធារណៈ និង​គ្រឹះស្ថាន​សាធារណៈ​។ ចំណូល​ពន្ធ​ដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​កើនឡើង​ជា​រៀងរាល់ឆ្នាំ និង​ថែម​ទាំង​លើស​ផែនការ ដែល​កំណត់​ដោយ​ច្បាប់​ហិរញ្ញវត្ថុ​។ លទ្ធផល​ដ៏​ប្រសើរ​នេះ បានមក​ពី​ការខិតខំ​ប្រឹងប្រែង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការកែទម្រង់​រដ្ឋបាល​សារពើពន្ធ និង​គោលនយោបាយ​សារពើពន្ធ ព្រម​ទាំង​ការ​ធ្វើ​ទំនើបកម្ម​ពន្ធដារ តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ជួយ​សម្រួល​ក្នុង​ការផ្តល់​សេវា​ដល់​អ្នកជាប់ពន្ធ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ គុណភាព​ខ្ពស់ រហ័ស សាមញ្ញ និងស័​ក្កិសិទ្ធិ​ភាព​។ លោក ព្រាប បូ​ណា បាន​បន្ត​បង្ហាញ អំពី​របប​កំណត់​ពន្ធ និង​ប្រភេទ​ពន្ធអាករ ដែល​បាន​នឹង​កំពុង​អនុវត្តន៍​នៅ​ប្រទេស​កម្ពុជា ព្រមទាំង​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ និង​បាន​សំណូមពរ ឱ្យ​ចូលរួម​បង់ពន្ធ​ទាំងអស់គ្នា ដើម្បី​កម្ពុជា​កាន់តែ​រីកចម្រើន​។​

លោក Mutoh Shizuki ប្រធាន​ទីប្រឹក្សា​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​បង្គើត កម្មវិធី​ថ្ងៃ​ពន្ធដារ​នេះ (TAX DAY) ដោយ​មាន​ការរៀបចំ​សម្ភារៈ​ផ្សព្វផ្សាយ ស្តី​ពី​ពន្ធដារ​ដល់​សាធារណជន​ដើម្បី​ស្វែង​យល់​បន្ថែម​។ លទ្ធផល​ការងារ​នេះ កើតចេញពី​កិច្ចសហប្រតិបត្តិការ រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ជាពិសេស​ក្រុម​ការងារ របស់​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ នៃ​នាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម និង​មាន​នាយកដ្ឋាន នីតិកម្ម​គោលនយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដា​រ​អន្តរជាតិ ជា​អ្នកសម្របសម្រួល ទើប​ធ្វើឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ជោគជ័យ​គួរ​ជាទី​មោទនៈ​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×