Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​កសាង​​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ កម្លាំង ១០០ មេហ្គា​វ៉ាត់ ក្នុងប្រទេស​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ឥណទាន​សម្បទាន ចំនួន ៧,៦៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការសាងសង់​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ កម្លាំង ១០០ មេហ្គា​វ៉ាត់ នៅ​កម្ពុជា ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើងវិញ ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល និង ពង្រឹង​ការប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃទី​២៤ ឧសភា ២០១៩​។​

​បន្ថែម​ពីលើ​ឥណទាន​សម្បទាន​របស់ ADB កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ក៏​មាន​ឥណទាន​សម្បទាន​ចំនួន ១១ លាន​ដុល្លារ និង ៣ លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផងដែរ​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ ទទួលបាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល កកើត​ឡើងវិញ​។ បន្ថែម​ពី​នេះ​ទៀត ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន ៥០០.០០០ ដុល្លារ ដែល​ផ្តល់​ដោយ​មូលនិធិ e-Asia និង​ភាព​ជា​ដៃគូ​ចំណេះដឹង នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា (EDC) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ដែលជា និយ័ត​ករ​អគ្គិសនី​ជាតិ អំពី បច្ចេកវិទ្យា​បម្លែង​ពន្លឺ​ទៅ​ជា​ថាមពលអគ្គិសនី និង ការរៀបចំ​ផែនការ​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​។ ADB នឹង​គ្រប់គ្រង​ធនធាន​ទាំងនេះ​។ ADB បាន​ជួយ​រៀបចំ​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​កាណាដា និង​សិង្ហបូរី​។​

​លោក Pradeep Tharakan ប្រធាន​ក្រុម​អ្នកឯកទេស​ខាង​ផ្នែក​ការប្រែប្រួល​អាកាសធាតុ​របស់ ADB មានប្រសាសន៍​ឱ្យដឹងថា “​ការ​មាន​ប្រភព​ថាមពល​ដែល​គួរឱ្យ​ជឿជាក់​បាន មាន​និរន្តរភាព និង តម្លៃ​សមរម្យ មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​មាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដូចជា​កម្ពុជា​”​។ “​ជំនួយ​របស់ ADB នឹង​មិន​គ្រាន់តែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ថាមពល​ពន្លឺព្រះអាទិត្យ ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់ខ្លួន យោង​តាម​កិច្ចព្រមព្រៀង ស្តី​ពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស ផងដែរ​។​”

​បើ​ទោះបី​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ក្នុង​ការអភិវឌ្ឍ​បណ្តាញ​ថាមពល​នៅ​កម្ពុជា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​កម្ពុជា ជិត ៥​លាន​នាក់ នៅ​តែ​ខ្វះ​លទ្ធភាព​ទទួលបាន​អគ្គិសនី​ប្រើប្រាស់​។ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​អាច ផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្តាញ​ដែល​បាន​តម្លើង​រួចរាល់ សរុប​ចំនួន ២១៧៥ មេហ្គា​វ៉ាត់ ដោយ​ក្នុង​នោះ​ថាមពល​ពី វា​រី​អគ្គិសនី​មាន​ចំនួន ១៣៣០ មេហ្គា​វ៉ាត់ ឬ ប្រមាណ ៦២% និង ការផលិត​ថាមពល​អគ្គិសនី​ពី ឥន្ធនៈហ្វូស៊ីល​មាន​ចំនួ​ន ៧៨០ មេហ្គា​វ៉ាត់ ឬ ប្រមាណ ៣៦%​។ បើ​ទោះបីជា​កម្ពុជា​មាន​ពន្លឺព្រះអាទិត្យ​ច្រើនក៏​ដោយ ប៉ុន្តែ សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ នាពេល​បច្ចុប្បន្ន គឺ​ត្រឹមតែ ១០ មេហ្គា​វ៉ា​ត់ប៉ុណ្ណោះ​។ ការសិក្សា​របស់ ADB បង្ហាញ​ឱ្យដឹងថា​ប្រទេស​កម្ពុជា​អាច​បន្ថែម​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប្រមាណ ២០០ មេហ្គា​វ៉ាត់​ទៅក្នុង​បណ្តាញ​ចែក​ចាយ​ត្រឹម​ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់ និង ដោយ​មិន​ប៉ះពាល់​ដល់​បណ្តាញ​ចែកចាយ​។​

​គម្រោង​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ នឹង​ជួយ (EDC) ដែល​ជា​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​នៃ​របស់​កម្ពុជា អាច​សាងសង់​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​មាន​កម្លាំង ១០០ មេហ្គា​វ៉ាត់ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ដទៃទៀត រួម​មាន​ជាអាទិ៍ ផ្លូវចេញចូល របង និង​ប្រព័ន្ធ​បង្ហូរទឹក ក្នុង​ខេត្ត​កំពង់ឆ្នាំង​។ គម្រោង​នេះ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី ដែល​ត​ភ្ជាប់​ទៅ​នឹង​បណ្តាញ​ចែកចាយ​ចម្បង​នៅក្បែរ​រាជធានី​ភ្នំពេញ ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​អាច​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្តាញ​ចែកចាយ​ជាតិ បាន​ផង​ដែរ​។​

​រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​នឹង​ក្លាយ​ជា​ចំណែក​មួយ​នៃ​ឧទ្យាន​ជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​មាន​កម្លាំង ១០០ មេហ្គា​វ៉ាត់​នេះ នឹង​ត្រូវ​បាន​ដាក់​ដេញថ្លៃ​ជូន​ក្រុមហ៊ុន​ផលិត​ថាមពល​ឯករាជ្យ (IPP) ជា​ពីរ​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ មាន​គោលបំណង​ផលិត​ថាមពល​ក្នុង​កម្លាំង ៦០ មេហ្គា​វ៉ាត់​។ ការិយាល័យ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​របស់ ADB កំពុង​ដើរ​តួនាទី​ជា​ទីប្រឹក្សា ដើម្បី​ជួយ EDC ក្នុងការ​រចនា និង រៀបចំ​ដំណើរការ​ដេញថ្លៃ​ប្រកួតប្រជែង​ដោយ​បើកចំហរ​។​

ADB ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក​មួយ​ប្រកបដោយ​វិបុលភាព បរិយា​ប័ន្ន មាន​ភាព​ធន់ និង មាន​និរន្តរភាព ហើយ​ស្របពេល​ជាមួយគ្នានេះ​ក៏​ខិតខំ​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​កិច្ចខិតខំ​របស់ខ្លួន ក្នុង​ការលុបបំបាត់​ភាព​ទីទ័លក្រ​ផងដែរ​។ ក្នុង​ឆ្នាំ​២០១៨ ADB បាន​សន្យា​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២១,៦​ពាន់​លាន​ដុល្លារ​។ បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦៦ ធនាគារ​អភិវឌ្ឍន៍អាស៊ី គឺជា​កម្មសិទ្ធិ​របស់​ស​មាជិក​ចំនួន ៦៨ ប្រទេស ក្នុងនោះ មាន​ប្រទេស​ចំនួន ៤៩ នៅក្នុង​តំបន់​៕​ ដោយ​៖​កូឡាប​

spot_img
×