Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ឈើ​ប្រមាណ ​៣ ​ម៉ឺន​ដើម ​ត្រូវបាន​ដាំ​ក្នុង​ឧទ្យាន​អង្គរ​ជា​រៀងរាល់ឆ្នាំ​

spot_img

​សៀមរាប ​៖ ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ​ដែល​មាន​ស្រាប់ និង​ដាំ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែលជា​តំបន់​ព្រៃ​ការពារ ដោយ​មូលហេតុ​តំបន់​ខ្លះ​ត្រូវបាន​ទន្ទ្រាន​ពី​ប្រជាជន ភ្លើង​ឆេះ​ព្រៃ និង​ក្រោយ​ពី​កាត់​មែកឈើ​ងាប់​ដែល​អាច​បង្ករ​ហា​នី​ភ័យ​ផ្សេងៗ​ដល់​មនុស្ស សត្វ ប្រាសាទ និង​បរិស្ថាន​។

​លោក ស៊ិន ពិសី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង បរិស្ថាន​បាន​ឱ្យដឹងថា ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ បែង​​ចែក​ជា​បី​សំខាន់ៗ​គឺ តំបន់​ឧទ្យាន​បន្ទាយស្រី តំបន់​ឧទ្យាន​កណ្តាល និង​តំបន់​ឧទ្យាន​រលួស លើ​ផ្ទៃដី​៤០១​គីឡូម៉ែត្រ​ក្រឡា និង​ចែក​ជា​១៤​បុ​ស្តិ៍ ដែល​មាន​បុគ្គលិក​ចំនួន​៨៤​នាក់ ចុះ​យាមល្បាត​ជាប្រចាំ ថែទាំ ព្រមទាំង​ព្យាល​បាល​ដើមឈើ​ពេល​មាន​ជំងឺ លើកលែង​តែ​តំបន់​ប្រាសាទបេង​មាលា ស្ថិតនៅ​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​។​

​លោក​បន្ត​ទៀត​ថា ក្រុម​ភ្នាក់ងារ​គ្រប់គ្រង​ព្រៃឈើ​តែង​មាន​កម្មវិធី​ដាំ​កូន​ឈើ​ជា​រៀងរាល់ឆ្នាំ ហើយ​មួយ​លើកៗ​ជាច្រើនរ​យ​ដើម ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័នរដ្ឋ ស្ថាប័ន​អន្តរជាតិ វិស័យ​ឯកជន សហគមន៍ ព្រះសង្ឃ និង​សិស្សសាលា​ជាដើម បំពេញ​នូវ​ទីតាំង​ដែល​គ្មាន​ព្រៃឈើ សរុប​ប្រមាណ​៣​ម៉ឺន​ដើម​ក្នុង​មួយ​ឆ្នាំៗ​នៅ​ឧទ្យាន​អង្គរ​។​

​លើសពី​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ចែក​កូន​ឈើ​ដល់​ស្ថាប័ន​ផ្សេងៗ ព្រះសង្ឃ និង​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទៅ​ដាំ​ក្នុង​វត្ត ភូមិ ឃុំ មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​បង្កើន​ចំនួន​ព្រៃឈើ បង្កើន​គម្រប​បៃតង​ដល់​បរិស្ថាន​ឱ្យ​មាន​បរិយាកាស​ស្រស់ថ្លា ពិសេស​គឺ​ទាក់ទាញ​ទេសចរ​។​

​លោក ពិសី បញ្ជាក់ថា ព្រៃឈើ​មាន​សារៈសំខាន់​ទាំង​បរិស្ថាន និង​សោភ័ណភាព​សម្រាប់​មនុស្ស​ជាតិ​។ លោក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ដល់​ប្រជាជន​កុំឱ្យ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​ជាង​បំផ្លាញ និង​ពេល​ដុត​ចម្ការ​ត្រូវ​គ្រប់គ្រង​ភ្លើង​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​មាន​គ្រោះថ្នាក់ និង​មាន​ហា​នី​ភ័យ​ដល់​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕​ ដោយ​៖​ បញ្ញា​ស័ក្តិ​

spot_img
×