Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ដែល​កំពុង​រីកដុះដាល នៅ​ក្រុងព្រះសីហនុ​

spot_img

​ភ្នំពេញ ​៖ ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា គ​.​ស ២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក វ៉ាង យ៉ា​ជុន អនុ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ចិន​។

​នៅក្នុង​ជំនួប​នេះ លោក វ៉ាង យ៉ា​ជុន បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង និង​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង និង ឯកឧត្តម សុង តាវ ជូន​ចំពោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។

​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​របស់លោក វ៉ាង យ៉ា​ជុន នាពេលនេះ គឺ​ដើម្បី​ជំរុញ​នឹង​បន្ត​ការធ្វើការ​រាល់​កិច្ចការ​ទាំងឡាយ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ដែលមាន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង បាន​ចុះហត្ថលេខា​នា​ពេលកន្លងមក​។ លោក​បាន​បញ្ជាក់ថា កម្ពុជា​និង​ចិន​គឺ​ជា​មិត្ត​ដែកថែប ហើយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​នៅពេល​នេះ​ស្ថិតនៅ​លំដាប់​ល្អ​បំផុត​។ ចំពោះ​ឯកសារ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​នៅ​ពេល​កន្លងមក​នៅក្នុង​កិច្ចប្រជុំ​ខ្សែក្រវាត់ និង​ផ្លូវ​នៅ​ប្រទេស​ចិន​នា គឺ​នឹង​ជំរុញ​ទំនាក់​ទំ​ន​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​រឹងមាំ​ថែម​ទៀត ជាពិសេស​គឺ​នាំមក​នូវ​ផលប្រយោជន៍​រួម​សម្រាប់​ប្រជាជន​និង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ និង​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​លោក វ៉ាង យ៉ា​ជុន បាន​ជម្រាបជូន​សម្តេច​តេ​ជោថា នៅពេលដែល​លោក​បាន​ចុះ​ពី​យន្តហោះ​មក​ដល់​រាជធានី​ភ្នំពេញ គឺ​លោក​បាន​សង្កេតឃើញ​រាជធានី​ភ្នំពេញ​មាន​ភាពរស់រវើក​ស្រស់ស្អាត និង​មាន​សក្តានុពល​ជាច្រើន​ផងដែរ​។ ក្នុងពេល​ស្នាក់នៅ​កម្ពុជា លោក​នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​សិក្សា​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ដែល​កំពុង​រីកដុះដាល​យ៉ាង​ខ្លាំង​នៅ​ក្រុងព្រះសីហនុ​។ លោក យ៉ា​ជុន បញ្ជាក់ថា ចិន​នៅ​តែ​បន្ត​ជំរុញ​ការវិនិយោគ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជំរុញ​ការបើក​ទីផ្សារ​សម្រាប់​កម្ពុជា និង​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន និង​បាន​យល់ស្រប​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់ លោក វ៉ាង យ៉ា​ជុន ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ផង ជាមួយនឹង​សក្តានុពល​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ផង ជាពិសេស​ឈរលើ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​នោះ ដែល​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​ទៅ​នឹង​សហគមន៍​មួយ ជោគវាសនា​មួយ ដែល​បាន​ចុះហត្ថលេខា​នៅ​ពេល​កន្លងមក​។ សម្ដេច​តេ​ជោបាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ជា​មិត្ត​ក្នុង​ការជួយ​ជំរុញ​ការវិនិយោគ​ចិន​អោយបាន​កាន់តែ​ច្រើន​មក​កាន់​កម្ពុជា ស្របពេល​នឹង​ការជួយជ្រោមជ្រែង​បើកចំហរ​ទីផ្សារ​កសិផល និង​ផលិតផល​ផ្សេងៗ​ជាច្រើន​ទៀត​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ចិន​នោះ​៕​ ដោយ​៖​កូឡាប​

spot_img
×