Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានីយ​ស្រែអំពិល អាច​នឹងមាន​សំណល់​ជើង​ប្រាសាទបុរាណ​សម័យមុន​អង្គរ​

spot_img

​តាម​ការសន្និដ្ឋាន​ជាបឋម​របស់​ក្រុម​អ្នកស្រាវជ្រាវ​កំណាយ​ស្ថានីយ៍​ស្រែអំពិល របស់​វិទ្យា​វប្បធម៌​និង​វិចិត្រសិល្បៈ នៃ​រាជ បណ្ឌិត្យ សភា កម្ពុជា បានឱ្យដឹងថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ស្រែអំពិល ជាក់ស្តែង បាន​រកឃើញថា​មាន​ភស្ដុតាង​មួយចំនួន ដែល បង្ហាញ​នៅ​ទីតាំង​កំណាយ​មាន រចនាសម្ព័ន្ធ​សំណង់​ឥដ្ឋ​សង់​តម្រៀប​គ្នា​ជា​ជួរៗ មាន​រាង​ចតុកោណកែង​ដែល​តម្រៀប​តាម ទិស កើត​លិច (​ប្រវែង​៤,៥​ម៉ែត្រ​) និង​ទិស​ជើង​ត្បូង (​ប្រវែង​៤​ម៉ែត្រ​)​។

ចំណែក​នៅ​ចំ​កណ្ដាល​មាន​ប្រហោង​ចំហរ ដែល​លក្ខណៈ​នេះ អាច​បញ្ជាក់បាន​ថា​ទីនេះ​អាចជា​អតីត​ប្រាសាទ​ឥដ្ឋ​ដែលជា​ផ្នែក​ខាង​ក្នុងនៃ​ប្រាសាទ​។ រីឯ​ឥដ្ឋ​ដែលមាន​ក្នុង​រចនាសម្ព័ន្ធ​គឺអាច ជា​ជញ្ជាំង​ប្រាសាទ​។ ក្រុម​កំណាយ​ស្រាវជ្រាវ​អាចសន្និដ្ឋាន​ជាបឋម​ថា ទីតាំង​នេះ​គឺជា​ប្រាសាទ​សង់​ពី​ឥដ្ឋ ដែល​បាន​សង់​ឡើង នៅ​កំឡុង​សតវត្សរ៍​ទី​៦-៧​នៃ​គ្រិ​ស្គ​សករាជ ដែល​ស្ថិតនៅក្នុង​សម័យមុន​អង្គរ​។ ចំពោះ​លទ្ធផល​កំណាយ​ទាំងស្រុង​នឹង​បង្ហាញ​ច្បាស់លាស់​បន្ទាប់ពី​បញ្ចប់​ការងារ​កំណាយ​ស្រាវជ្រាវ​។ នេះ​ជាការ​បញ្ជាក់​ពី​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​ការងារ​កំណាយ​ដោយផ្ទាល់​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។ ក្នុងនោះដែរ ក៏មាន​វត្តមាន​របស់​លោក​បណ្ឌិត ផុន កសិកា​, លោក ហឿង សុធារស់ និង​កញ្ញា តា​កេ​ត ស័ក​ដា ដែល​បាន​ចុះទៅ​ពិនិត្យមើល​កំណាយ​ស្រាវជ្រាវ​សង្គ្រោះ​មួយ​ដែល​ដឹកនាំ​អនុវត្ត​ដោយ​លោក ឡេង វិទូ អនុប្រធាននាយកដ្ឋាន​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ស្ថានីយ​ស្រែអំពិល ស្ថិត​ក្នុងភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​សូម​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រុមការងារ​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ធ្វើ​កំណាយ​មួយ​នៅ​ស្ថានីយ៍​ស្រែអំពិល សហការ​ជាមួយ​សាកលវិទ្យាល័យ​ហ្វ្លី​ន​ដឺ​ស នៃ​ប្រទេស​អូស្ត្រាលី​។ ការធ្វើ​កំណាយ​នេះ មាន​គោលបំណង​ដើម្បី​ស្វែងរក​នូវ​ស្លាកស្នាម កត់ត្រា និង​ប្រមូល​ទិន្នន័យ​បែប​បុរាណវត្ថុវិទ្យា​និង​ប្រវត្តិសាស្ត្រ​ឱ្យអស់​ពី​លទ្ធភាព​មុននឹង​ការអភិវឌ្ឍ​ផ្សេងៗ​ចាប់ផ្ដើម​អនុវត្ត​។​

​បើតាម​លោក​បណ្ឌិត ផុន កសិកា អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ដែរថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ស្រែអំពិល​ដែល​កំពុង​អនុវត្ត​នេះ គឺជា​ប្រភេទ​កំណាយ​បុរាណវត្ថុវិទ្យា​សង្គ្រោះ ដោយសារ​នាពេល ខាងមុខ​នឹងមាន​គម្រោង​សាងសង់​សំណង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​មួយ​សង់កាត់​ចំ​ត្រង់ចំណុច​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្រែអំពិល​នេះ​តែម្តង​។ ​អ្វី​ទៅជា​«​កំណាយ​បុរាណវិទ្យា​សង្គ្រោះ​»?

​បើតាម​និយមន័យ​ទូទៅ គឺជា​ការស្រាវជ្រាវ​បែប​បុរាណវត្ថុវិទ្យា​ដើម្បី​ការពារ សង្គ្រោះ​ស្ថានីយ​បុរាណ វត្ថុ​បុរាណ ដោយ​ធ្វើការ​កត់ត្រា​និង​ប្រមូល​ទិន្នន័យ​ពី​ស្ថានីយ​បុរាណ​ដែល​កំពុង​ប្រឈម​ពី​ការប្រែប្រួល​ឬ​បំផ្លាញ​ពី​កត្តា​មនុស្ស​ឬ​ធម្មជាតិ​។ កំណាយ​បុរាណវត្ថុវិទ្យា​សង្គ្រោះ ផ្តោតលើ​ការសិក្សា​បុរាណវត្ថុ​និង​ស្លាកស្នាម​ផ្សេងៗ​ដែល​ស្ថិតនៅក្នុង​ទីតាំង​ស្ថានីយ​បុរាណ​ដែល​ស្ថានភាព​ដើម​នោះ​នឹងត្រូវ​ទទួលរង​នូវ​ការប្រែប្រួល​រូបរាង បាត់​លក្ខណៈ​ដើម (feature) នាពេល​ឆាប់ៗ​ខាងមុខ​ដោយ​ប្រការ​ណាមួយ មានដូចជា​ការអភិវឌ្ឍ​នានា ដូចជា​ការសាងសង់​ឬ​កែលម្អ​ផ្លូវ ការសាងសង់​អគារ​នានា​ដូចជា​ផ្ទះ ការិយាល័យ មណ្ឌល​ឧស្សាហកម្ម​ធំៗ ការបង្ហូរ​ទឹក​តាម​ជ្រលង​ភ្នំ​សម្រាប់​កសាង​អាង​ស្តុក​ទឹកជា​ដើម​។

​អ្នកស្រាវជ្រាវ​បុរាណវត្ថុវិទ្យា​ព្យាយាម​ធ្វើការ​កត់ត្រា​នូវ​រាល់​ទិន្នន័យ​ដែលមាន​នៅ​ស្ថានីយ​ផ្ទាល់ គូស​ផែនទី វាស់វែង​និយាម​ការ ថតរូប អនុវត្ត​នូវ​វិធីសាស្ត្រ​ស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត​ឱ្យអស់​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ឱ្យបាន​រួសរាន់​ទាន់ពេលវេលា​ដែល​អំណោយផល មុន​ពេលដែល​ស្ថានីយ​បុរាណ​នោះ​ត្រូវបាន​កែប្រែ​ឬ​បំផ្លាញ​ទាំងស្រុង​តែម្តង​៕​ ដោយ ៖ កូឡាប

spot_img
×