Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣

spot_img

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បានចាប់ផ្តើម​ពី​ម៉ោង​៧និង០០​នាទី រហូតដល់​ម៉ោង​៣​រសៀល​ថ្ងៃ​។​ការិយាល័យ​បោះឆ្នោត​២០៣​ការិយាល័យ​នៅ​ទូទាំងប្រទេស​។​

​លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប និង​ជា​តំណាង​ប្រធាន គ​.​ជ​.​ប អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរការ​បោ​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​លេខ ០០១៣ វិទ្យាល័យ​ព្រះ​យុគន្ធរ ស្ថិតនៅ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សេចក្តីជូនដំណឹង​ពី គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គ​.​ជ​.​ប នឹង​សរុប​ព្រឹត្តិការណ៍​ទូទៅ​នៃ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​សារព័ត៌មាន​ជាន់​ទី​១ នៃ​ទីស្តីការ គ​.​ជ​.​ប ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជា​ការបោះឆ្នោត​មួយ​ខុសពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​ប្រកាន់យក​លក្ខណៈ​សកល​។ ដោយឡែក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ធ្វើឡើង​ដោយ​ការបោះឆ្នោត​អសកល​សម្ងាត់ និង​មិន​ចំពោះ​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ រាល់ ៥​ឆ្នាំ​ម្តង (​កាលបរិច្ឆេទ​ជាក់ស្តែង កំណត់ដោយ​នាយករដ្ឋមន្ត្រី តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​)​។​

​ការបែងចែក​អាសនៈ​តម្រូវ​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​ត្រូវ​បែងចែក​អាសនៈ​តាម​រូបមន្ត​មធ្យមភាគ​ខ្ពស់បំផុត ដែល​ផ្អែក​តាម​ចំនួន​អាសនៈ និង​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​មណ្ឌល​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ចាប់ផ្តើម​ពី​ម៉ោង ៧និង០០ នាទី​ព្រឹក រហូតដល់​ម៉ោង ១៥និង០០​រសៀល​។​

បេក្ខភាព​ក្រុមប្រឹក្សា​ដែល​ឈរឈ្មោះ​បោះឆ្នោត ត្រូវមាន​សញ្ជាតិ​ខែ្មរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ២៥​ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត​។ មាន​សិទ្ធិ​បោះឆ្នោត និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​លក្ខខណ្ឌ ដែល​បាន​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ បេក្ខភាព ត្រូវ​បញ្ចូល​ឈ្មោះ​របស់ខ្លួន​ទៅក្នុង​បញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ណាមួយ ដែល​គណបក្សនយោបាយ​នោះបាន​ចុះបញ្ជី​ត្រឹមត្រូវ តាម​លក្ខខណ្ឌ​ដូច​មានចែង ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​នៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ដោយឡែក​អ្នក​ដែលមាន​សិទ្ធិ​ទៅ​បោះឆ្នោត គឺជា​សមាជិក​ប្រឹក្សា​ឃុំ​/​សង្កាត់​ទាំងអស់​ក្នុង​តំណែង និង​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​

​យោងតាម គ​.​ជ​.​ប បានឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​៧ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​សញ្ជាតិ​កម្ពុជា​។​

​សម្រាប់​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​មាន​ចំនួន​សរុប ៤,១១៤​អាសនៈ​។ ក្នុងនោះ​អាសនៈ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត (២៥) មាន​ចំនួន ៥៥៩​អាសនៈ​, ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ចំនួន​២០៣ មាន​អាសនៈ​ចំនួន ៣,៥៥៥​អាសនៈ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹង​ផងដែរ​ថា បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​មកពី​គណបក្សនយោបាយ​ទាំង​៧ មាន​ចំនួន​សរុប ២១,៦៩២​នាក់ នារី ៧,២៧៨​នាក់​។ ក្នុងនោះ​ពេញសិទ្ធិ​មាន​ចំនួន ១០,៦៩៨​នាក់ នារី ៣,២២០​នាក់ និង​បម្រុង ១០,៩៩៤​នាក់ នារី ៤,០៥៨​នាក់​។​

​ដោយឡែក​អង្គ​បោះឆ្នោត​ដែលជា​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ (១,៦៤៦​ឃុំ​/​សង្កាត់​) មាន​ចំនួន​សរុប ១១,៥៧២​នាក់ នារី ២,៣៨២​។​

គ​.​ជ​.​ប បានឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​សង្កេតការណ៍​ដំណើរការ​បោះឆ្នោត​ពី​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៩ មាន​សមាជិក​រហូតដល់​ប្រមាណ ១,០១០​នាក់​៕​ ដោយ ៖ កូឡាប

spot_img
×