Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចែករំលែក​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​

spot_img

បាងកក​ ៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ស្ថាបនិក​សន្តិភាព បាន​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការ​សហប្រជាជាតិ (UN-ESCAP) លើក​ទី​៧៥ ក្រោម​ប្រធានបទ “​ការផ្តល់​សិទ្ធិ​អំណាច​ជូន​ប្រជាជន និង​ការធានា​នូវ​បរិយា​ប័ន្ន និង​សមភាព​” នា​ថ្ងៃ​ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នៅ ទីក្រុង​បាងកក​។ នេះ​គឺជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដែល​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់ UN-ESCAP ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្នុង​ឆ្នាំ ១៩៥៤​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្នុង​ការបញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការធ្វើ​បរិយា​ប័ន្ន​តាមរយៈ គោល​នយោបាយ​ឈ្នះ​-​ឈ្នះ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ និង គ្រប់​និន្នាការ​នយោបាយ​។ ដោយសារគោល​នយោបាយ​ឈ្នះ​-​ឈ្នះ សង្គ្រាម​ដែល​បាន​អូសបន្លាយ​រយៈពេល​ជាង ៣០​ឆ្នាំ ត្រូវបាន​បញ្ចប់​ទាំងស្រុង​។ គោល​នយោបាយ​ឈ្នះ​-​ឈ្នះ បាន​នាំមក​នូវ​សុខសន្តិភាព ដែល​ជា​បុរេ​លក្ខខណ្ឌដ៏​ចម្បង និង​សំខាន់​បំផុត​សម្រាប់​កសាង​ខឿនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គមជាតិ​។ កម្ពុជា​បាន​កសាង​សេដ្ឋកិច្ច ពី​បាតដៃ​ទទេ ពី​ពំនូក​ផេះ រហូត​ក្លាយជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ក្នុង​ពិភពលោក ដោយ​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០១៨ ហើយ​កំណើន​នេះ​បាន​ធ្វើឲ្យ​ប្រជាជន​ជាច្រើន​លាន​នាក់​បាន​ចាក​ផុត​ពី​ភាពក្រីក្រ​។​

​សន្តិភាព ស្ថិរភាព និង​ការដឹកនាំ​ប្រកបដោយ​ថាមវន្ត​របស់​សម្តេច បាន​នាំមក​នូវ​កំណើនសេដ្ឋកិច្ច ឱកាស និង​ភាពរុងរឿង​ដល់​ប្រជាជន​កម្ពុជា​។ ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ដ៏​មុតមាំ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺជា​និមិត្តសញ្ញា​នៃ​សន្តិភាព ស្ថិរភាព នៃ​ប្រទេស​កម្ពុជា​បែប​ទំនើប ដែល​ជា​មេដែក​ក្នុង​ការទាក់ទាញ​វិនិយោគ​និង​ភ្ញៀវ​ទេសចរណ៍​ពី​គ្រប់ទិសទី​។​

​ឆាកជីវិត​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្សារភ្ជាប់​ទៅនឹង​មាតុភូមិ​របស់​សម្តេច​។ ភាពក្រីក្រ​បាន​បង្រៀន​ស​ម្តេច​អំពី​តម្លៃ​នៃ​ជីវិត អាណានិគម​ន៍​និយម​បាន​បង្រៀន​សម្តេច​អំពី​ការ​ឲ្យ​តម្លៃ​ចំពោះ​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន សង្គ្រាម​ស៊ីវិល​បាន​បង្រៀន​សម្តេច​ក្នុង​ការ​ឲ្យ​តម្លៃ​ដល់​សន្តិភាព​ជាតិ​មាតុភូមិ​។ “​ឆាកជីវិត​របស់​សម្តេច ពិតជា​មាន​ភាព​អស្ចារ្យ ហើយ​សម្តេច​ពិតជា​អ្នកដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ ជា​អ្នកបង្កើត​សន្តិភាព និង​ជា​អ្នក​ស្ថាបនា​ជាតិ ពិតប្រាកដ​”​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានបង្ហាញ​គន្លឹះ​គោលនយោបាយ​អភិវឌ្ឍន៍​ចំនួន​៣ របស់​កម្ពុជា ក្នុង​ការសម្រេច​គោលដៅ «​គ្មាន​នរណា​ម្នាក់​ត្រូវបាន​បំភ្លេចចោល​»​។​

​គន្លឹះ​គោលនយោបាយ​អភិវឌ្ឍន៍​ចំនួន​៣ ចំណុច​សំខាន់ៗ ដែល​មានប្រសាសន៍​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ រួមមាន​៖ ១ -​ការដាក់ចេញ​នូវ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ដើម្បី​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការធានា​ឲ្យមាន​សុវត្ថិភា​ព ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​បង្កើន​សុខុមាលភាព​របស់​ប្រជាជន និង​ពង្រឹង​សាមគ្គីភាព​ក្នុងសង្គម​។ ២-​ការផ្តល់​សេវា​ថែទាំ​សុខភាព ដែល​មាន​គុណភាព និង​មាន​តម្លៃ​សមរម្យ តាមរយៈ​មូលនិធិ​សមធម៌​សុខាភិបាល ដែល​បាន​ផ្តល់​សេវា​ថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន​ក្រីក្រ ព្រម​ទាំង​ការផ្តល់​នូវ​ជំនួយ​ឧបត្ថម្ភ​ជា​សាច់ប្រាក់ ដល់​ស្ត្រី​សម្រាលកូន ក៏ដូចជា​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ក្រីក្រ និង​៣-​ការដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តី​ពី​មនុស្ស​វ័យចាស់​២០១៧-២០៣០ ដែល​សំដៅ​គាំទ្រ និង​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​វ័យចាស់ ដោយ​យកចិត្តទុកដាក់​លើ​ការប្រែប្រួល នៃ​កត្តា​ប្រជាសាស្ត្រ ជាមួយនឹង​ចក្ខុវិស័យ​នៃ​ការធានា​ថា មនុស្ស​វ័យចាស់​អាច​ចូលរួម​ដោយ​សេរី និង​មាន​សេចក្តីថ្លៃថ្នូរ នៅក្នុង​គ្រួសារ​, សហគមន៍​, សកម្មភាព​សេដ្ឋ​កិ​ច​, សកម្មភាព​សាសនា និង​សកម្មភាព​នយោបាយ តាម​បំណងប្រាថ្នា​របស់​ពួកគាត់ ហើយ​ប្រជាជន​វ័យក្មេង ក៏​ត្រូវតែ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ដែល​អាច​អនុញ្ញាតឲ្យ​ពួកគេ​រស់នៅ​ប្រកប​ដោយ​ផលិតភាព​, សុខភាព​ល្អ មាន​ភាព​សកម្ម និង​មាន​សេចក្តីថ្លៃថ្នូរ នៅ​ពេល​ពួកគេ​ឈាន​ដល់​វ័យ​ចំណាស់​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានបញ្ជាក់​ថា បទពិសោធន៍​របស់​កម្ពុជា បានបញ្ជាក់​ច្បាស់​ថា សន្ដិភាព និង​ស្ថិរភាព គឺជា​មូលដ្ឋាន​គ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ ហើយ​បញ្ច្រាស​មក​វិញ ការអភិវឌ្ឍ​ប្រកបដោយ​បរិយា​ប័ន្ន និង​សមធម៌ គឺ​លក្ខខណ្ឌ​ដ៏​ចាំបាច់​សម្រាប់​ពង្រឹង និង​ធានា​នូវ​សុខសន្ដិភាព និង​ស្ថិរភាព​សង្គម​។ ឈរ​លើ​មូលដ្ឋាន​នៃ​បទពិសោធន៍​នេះ ប្រជាជាតិ​កម្ពុជា​ទាំងមូល ផ្ដល់​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​ការខិតខំ​បន្ដ ថែរក្សា​សន្ដិភាព និង​ស្ថិរភាព ព្រមទាំង​ការជំរុញ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​បរិយា​ប័ន្ន ដែល​បច្ចុប្បន្ន​នេះ​កំពុង​ហុច​ផ្លែផ្កា​យ៉ាង​ពិតប្រាកដ ជា​ប្រយោជន៍​ជូន​ដល់​ពលរដ្ឋ​កម្ពុជា នៅ​គ្រប់​ច្រកល្ហក​ក្នុង​ផ្ទៃ​ប្រទេស​៕​ ដោយ​៖​កូឡាប​

spot_img
×