Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ៖ លើកកម្ពស់​សុខុមាលភាព​ប្រជាជន និង​រក្សាបាន​នូវ​ផលិតភាព​ជាតិ​ខ្ពស់​ត្រូវ ពង្រឹង​ការងារ​ត្រួតពិនិត្យ​ទំនិញ​

spot_img

​ភ្នំពេញ​៖ ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព​ប្រជាជន និង​រក្សាបាន​នូវ​ផលិតភាព​ជាតិ​ខ្ពស់ ក្រសួង​ពាណិជ្ជកម្ម បាន​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ទំនិញប្រើប្រាស់ និង​ផលិតផល នាំ​ចូល​មក​ក្នុង​ប្រទេស តាមរយៈ​ការកសាង និង​ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​គ្រប់គ្រង​ហានិភ័យ​នៅ​តាម​ច្រកព្រំដែន ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ទីប្រជុំជន និង​ណែនាំ​អាជីវករ​ឲ្យបាន​យល់​ពី​សារសំខាន់​នៃ សុវត្ថិភាព​ម្ហូបអាហារ​។​

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ ព្រឹក ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា សន្និបាត​ប្រចាំឆ្នាំ​ដែល​ក្រសួង​ពាណិជ្ជកម្ម បាន​និង កំពុង​រៀបចំ​នា​ពេល​នេះ គឺ​សំដៅ​ឆ្លុះបញ្ចាំង​លទ្ធផល​នៃ​ការបំពេញ​ការងារ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លងទៅ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​នៅ​ឆ្នាំ​បន្ទាប់ ដោយ​បាន​អញ្ជើញ​មន្ត្រីរាជការ​មកពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស និង​តំណាង​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ឲ្យមក​ចូលរួម​ចែករំលែក​បទពិសោធន៍​ការងារ និង​ទទួលយក​អនុសាសន៍ និង​ផែនការ​ថ្មីៗ សំដៅ​បំពេញការងារ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឲ្យទទួល​បាន​ជោគជ័យ​ថែមទៀត ស្រប​តាម​គោលដៅ​ដែល​បាន​កំណត់​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ត្រួសៗ​អំពី​សមិទ្ធិផល​សំខាន់ៗ ដែល​ក្រសួង​ពាណិជ្ជកម្ម សម្រេចបាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ រួមមាន​៖ ​ក្រសួង​បាន​ចូលរួម​អនុវត្ត​យ៉ាង​ពេញទំហឹង នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា តាមរយៈ​ការបង្កើន​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការអភិវឌ្ឍ​វិស័យ​ឯកជន ការផ្តល់សេវា សាធារណៈ​ឲ្យ​កៀក​នឹង​ដៃ​ប្រជាជន និង​ការបង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​។

​អនុវត្តន៍​កម្មវិធី​កំណែទម្រង់រដ្ឋបាល ហិរញ្ញវត្ថុ ការផ្តល់សេវា​សាធារណៈ ការពង្រឹង​យន្តការ​ការងារ និង​ការធ្វើ​ប្រតិភូកម្ម​ជូន​ថ្នាក់ក្រោម​ជាតិ​។ ក្រសួង​បាន​រៀបចំ​ម៉ា​ទ្រិ​ចតាម​ដាន​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​របស់​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​ឲ្យ​ប្រាកដថា មន្ត្រីរាជការ​ពិតជា​បាន​អនុវត្ត​កាតព្វកិច្ច ផែនការ និង​សកម្មភាព​ច្បាស់លាស់​ក្នុង​ការងារ​ប្រចាំថ្ងៃ របស់ខ្លួន​។

​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​បរិយាកាស​អាជីវកម្ម ក្រសួង​បាន​ដាក់ឲ្យ​ដំណើរការ​នូវ​ការចុះបញ្ជី​ក្រុមហ៊ុ​ន​/​សហគ្រាស ការ​ចេញ​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ ការទូទាត់​កម្រៃ​សេវា ការស្នើ​សុំ​ម៉ាក​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម សំដៅ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​មិន​ផ្លូវការ​ផ្សេងៗ​។​

​ក្រសួង​បាន​ធ្វើ​ប្រតិភូកម្ម ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​អនុញ្ញាត​ឲ្យ​មន្ទីរពាណិ​ជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន មាន​សិទ្ធ​ចេញ​លិខិតអនុញ្ញាត​ឲ្យ​នាំ​ចូលអង្ករ​ពី​បរទេស អនុញ្ញាត​ឲ្យ​មន្ទីរពាណិ​ជ្ជកម្ម​រាជធានី​-​ខេត្ត ចេញ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​លោហធាតុ​ត្បូងថ្ម​មាន​តម្លៃ​ជា​គ្រឿងអលង្ការ​គ្រប់​ប្រភេទ និង​ធ្វើ​ប្រតិភូកម្ម​ជូន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទម្រង់ D ក្នុង​ការនាំ​ចេញ​កសិផល​។​

ក្នុង​គោលនយោបាយ​គាំទ្រ​វិស័យ​ឯកជន ក្រសួង​ពាណិជ្ជកម្ម បាន​និង​កំពុង​បន្ត​ជំរុញ​ការកសាង​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ដែល​ជា​តម្រូវការ​របស់​ធុរជន និង​វិនិយោគិន​។ ច្បាប់ និង​អនុក្រឹត្យ​មួយចំនួន​ទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល និង​ពី​រដ្ឋសភាជាតិ និង​មួយចំនួនទៀត​កំពុង​ទទួល​ការពិនិត្យ​ផ្តល់​ធាតុ​ចូល​បន្ថែម​ពី​ក្រុម​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួង​យុត្តិធម៌​។​

ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ពាណិជ្ជកម្ម បាន​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា​ទីផ្សារ​ដែល​មាន​ស្រាប់ និង​ពង្រីក​ទីផ្សារ​ថ្មីៗ បន្ថែម តាមរយៈ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ឲ្យខិត​ខំ​បង្កើត​គំនិត​ច្នៃប្រឌិត ផលិត​នូវ​ទំនិញ​ថ្មីៗ សម្រាប់​បម្រើ​ទីផ្សា​រទាំង​ក្នុងប្រទេស និង​ជំរុញ​ការនាំចេញ​។ ក្រសួង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​បាន​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​នៅ​តាម​រាជធានី​-​ខេត្ត ក្នុង​គោលបំណង​បំផុស​ប្រជាជន​កម្ពុជា​ឲ្យ​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​។ លទ្ធផល​ដែល​ទទួលបាន​មកវិញ គឺ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​កំណើន​ជា​រៀងរាល់ឆ្នាំ នា​ទស្សវត្សរ៍​ចុងក្រោយ​នេះ​។

​ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព​ប្រជាជន និង​រក្សាបាន​នូវ​ផលិតភាព​ជាតិ​ខ្ពស់ ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ជា​សេនាធិការ បាន​ពង្រឹង​ការងារ​ត្រួតពិនិត្យ​ទំនិញប្រើប្រាស់ និង​ផលិតផល នាំ​ចូល​មក​ក្នុង​ប្រទេស តាមរយៈ​ការកសាង និង​ដាក់​ឲ្យ​ដំណើរការប្រព័​ន្ធ​គ្រប់គ្រង​ហានិភ័យ​នៅ​តាម​ច្រកព្រំដែន ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ទីប្រជុំជន និង​ណែនាំ​អាជីវករ​ឲ្យបាន​យល់​ពី​សារសំខាន់​នៃ សុវត្ថិភាព​ម្ហូបអាហារ ព្រមទាំង​ដាក់ឲ្យ​ដំណើរកា​រមន្ទី​រ​ពិសោធន៍​ចល័ត​ទី​២ និង​មន្ទីរពិសោធន៍​ខ្នាត​តូច​មួយ​ចំនួន​នៅ តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ ដើម្បី​បម្រើ​ដល់​ការត្រួតពិនិត្យ​ទំនិញ និង​ផលិតផល​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស៕ ដោយ​៖​កូឡាប​

spot_img
×