Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហេង សួរ បង្ហាញ​ពីរ៉ាមីត​នៃ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា ក្នុងសម័យ​បដិវត្ត​ឧស្សាហកម្ម​ទី​៤

spot_img

(​ភ្នំពេញ​)៖ ថ្លែង​បិទ​បញ្ចប់​កិច្ចសន្ទនា​ជាន់ខ្ពស់​ថ្នាក់ជាតិ​ស្តីពី អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា កម្លាំង​ពលកម្ម​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ក្រុម​ធំៗ​រាង​ដូច​ពីរ៉ាមីត ដើម្បី​ឱ្យ​ពួកគេ​អាច​វិវត្ត​ខ្លួន​ឱ្យ​ស្រប​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ដើម្បី​ឆ្លើយតប​ទៅនឹង​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់ប្តូរ​។​

​លោក​បាន​បង្ហាញ​ពីរ៉ាមីត​នៃ​កម្លាំង​ពលកម្ម​សំខាន់ៗ ដោយ​សង្ខេប​យ៉ាង​ដូច្នេះ​ថា​៖

* ផ្នែក​កំពូល​ពីរ៉ាមីត គឺ​ក្រុមមនុស្ស​ដែលជា​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា អ្នកវិទ្យាសាស្ត្រ អ្នកបង្កើត​គ្រឿងយន្ត និង​ឧបករណ៍ប្រើប្រាស់​ជាដើម ដែល​ក្រុម​នេះ​មាន​ចំនួន​តិច​ជាង​ក្រុម​ដទៃ​។ នៅពេល​ក្រុម​នេះ​ផលិត​របស់​អ្វី​មួយ​បាន​ហើយ គឺ​ដល់​វេន​ក្រុមមនុស្ស​ដែល​នៅ​ផ្នែក​កណ្ដាល​នៃ​ពីរ៉ាមីត​ម្ដង​។​

* ផ្នែក​កណ្ដាល​នៃ​ពីរ៉ាមីត គឺជា​ក្រុម​ការងារ​ជំនាញ​ដែល​អាច​ប្រើប្រាស់​ផលិតផល​របស់​អ្នកវិទ្យាសាស្ត្រ​។ ក្រុម​នេះ​អាច​បម្លែ​ង ពី​ការប្រើប្រាស់​ពី​ភាពស្មុគស្មាញ មក​ធ្វើឱ្យមាន​ភាពងាយស្រួល​សម្រាប់​ក្រុម​មួយ​ទៀត​អនុវត្ត​។​

* ផ្នែក​ខាងក្រោម​នៃ​ពីរ៉ាមីត គឺជា​ក្រុម​មនុស្ស​ភាគច្រើន​បំផុត ដែល​ទទួលបាន​ការអប់រំ បណ្ដុះបណ្ដាល​តិចតួច ដូច​ជា​កម្មករ​និយោជិត បុគ្គលិក​ការងារ​ជាដើម​។ ក្រុម​អ្នកទទួលបាន​ការបណ្ដុះ​បណ្ដាល​អំពី​ការប្រើប្រាស់​គ្រឿងយន្ត ឬ​គ្រឿង​អេឡិចត្រូនិច​ណាមួយ​ពី​ក្រុមការងារ​ជំនាញ (​ស្ថិត​ផ្នែក​កណ្ដាល​នៃ​ពីរ៉ាមីត​) ហើយ​ត្រូតែ​ចេះចាំ​ស្ទាត់​ក្នុង​ការប្រើប្រាស់​របស់​ទាំង​នោះ ដើម្បីឱ្យ​ដំណើរការ​ផលិតកម្ម​ប្រព្រឹត្ត​ទៅ​ល្អប្រសើរ​។​

​តាមរយៈ​ការបង្ហាញ​ពីរ៉ាមីត​នេះ​​លោក​ហេង សួរ បានបញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​រួមគ្នា​បង្កើន​ធនធានមនុស្ស​ដែល​នៅ​ស្រទាប់​កណ្ដាល​នៃ​ពីរ៉ាមីត ពីព្រោះ​ឧបករណ៍​អ្វី​ម្យ៉ាង​យើង​អាច​ទិញ​ពី​ប្រទេសក្រៅ​បាន ប៉ុន្តែ​ត្រូវ​តែមាន​អ្នកចេះ​ប្រើប្រាស់​វា ហើយ​អាច​បណ្ដុះបណ្ដាល​បង្រៀន​អ្នកដទៃ​ទៀត​ឱ្យ​ចេះ​ប្រើប្រាស់​បាន​ដែរ​។​

​លោក​រដ្ឋលេខាធិការ បាន​បន្តថា កម្ពុជា​ពុំ​គួរ​រំពឹង​ខ្ពស់​ហួសហេតុ​ពេក ក្នុងការ​ចង់​ប្រែក្លាយ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​ជា​អ្នកវិទ្យាសាស្ត្រ​នោះទេ កម្ពុជា​ត្រូវការ​មនុស្ស​មួយចំនួន​ជា​អ្នកវិទ្យាសាស្ត្រ ជា​អ្នកស្រាវជ្រាវ​បច្ចេកវិទ្យា​ជាដើម ដែល​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​របស់​ខ្លួន ហើយ​ក៏​ត្រូវការ​មនុស្ស​ច្រើន​ជាង​នេះ​បន្តទៀត ដើម្បី​ប្រែក្លាយ​បច្ចេកវិទ្យា​ទៅ​ជា​ការអនុវត្ត​ជាក់ស្ដែង​។​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រៅពីនេះ កម្មករ​និយោជិត​ដែល​មាន​ការងារ​ធ្វើ ត្រូវតែ​ត្រៀមខ្លួន​ត្រឹមតែ​ជា​អ្នកចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ល្អ​មួយ ខ្ញុំ​គិតថា​វា​គ្រប់គ្រាន់​ហើយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល ៥-១០​ឆ្នាំ ចុងក្រោយ​នេះ ហើយ​ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​ដ៏​ល្អ កូនចៅ​របស់​យើង ក្នុង​រយៈពេល​២០​ឆ្នាំ​ទៀត នឹង​ធ្វើ​បាន​ល្អ​ជាង​យើង​»​។​

​សូមជម្រាបថា កិច្ចសន្ទនា​ជាន់ខ្ពស់​ថ្នាក់ជាតិ​ស្តីពី អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​បង្កើត​ជា​វេទិកា​មួយ សម្រាប់​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​ពិភាក្សា​រវាង​អ្នករៀបចំ​គោលនយោបាយ តំណាង​កម្មករ​និយោជិត តំណាង​និយោជក និង​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ការត្រៀមខ្លួន​របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ពិភព​ការងារ​ដែល​កំពុង​ផ្លាស់ប្តូរ​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×