Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកសារ​ចំនួន​ពីរ តម្លៃ​ជាង​៥០០​លាន​យេន នឹង​ត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើ​ទស្សនកិច្ច​ការងារ​របស់សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រទេស​ជប៉ុន​

spot_img

​ភ្នំពេញ ៖ ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ -​ឯ​សារ​ចំនួន​ពីរ ស្តីពី​ការផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស កម្ពុជា ដែល​ក្នុងនោះ​មាន​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម សាងសង់​ស្ថានីយ​កុងតឺន័រ​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ដែល​មាន​ទឹកប្រាក់​២០០​លាន​យ៉េន និង​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែលមាន ទឹកប្រាក់​៣៣៩​លាន​យ៉េន​។ ឯកសារ​ទាំងនេះ នឹង​ត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើ​ទស្សនកិច្ច​ការងារ​ទៅកាន់​ប្រទេស​ជប៉ុន របស់​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នា​ព្រឹក​ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ដឹកនាំ គណៈប្រតិភូ​ចាកចេញ​ពី​កម្ពុជា តាម​ជើង​យន្តហោះ​ពិសេស ដើម្បី​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ជប៉ុន និង​ចូលរួម សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តី​ពី​អនាគត របស់​អាស៊ី និង​ព្រឹត្តិការណ៍​ជាច្រើន​ទៀត នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ឆ្នាំ ២០១៩​។ អញ្ជើញ​ជូន​ដំណើរ​គណៈប្រតិភូ​ជាន់ខ្ពស់ នៅ ឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ និង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។​

​លោក ស្រ៊ី ថា​រង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា គណៈប្រតិភូ ដែល អមដំណើរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ ធុរកិច្ច មួយចំនួន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។ នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​លើ​មូលបទ​របស់​សន្និសីទ «​ការស្វែងរក​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​-​ការ​ជម្នះ​ភាពវឹកវរ​» ព្រមទាំង​ចែករំលែក​ទស្សនវិស័យ លើ​បរិបទ​សកលលោក​បច្ចុប្បន្ន ចក្ខុវិស័យ​នាពេល​អនាគត មាគ៌ា​ឆ្ពោះទៅមុខ និង​ការប្តេជ្ញា​ចិត្ត នឹង​រួមចំណែក​របស់ កម្ពុជា ក្នុង​ការលើកកម្ពស់​ភាពសុ​ខ​ដុម សន្តិភាព និង​វិបុលភាព​រួម​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​ក្នុង​ពិភពលោក​។

បន្ទាប់​ពី​អញ្ជើញ​ចូលរួម​សន្និសីទ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេ ភាគី​ជា​មួយ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន អាបេ ស៊ីន​ហ្សូ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី តំបន់ និង​អន្តរជាតិ ដែល​ជា​ការយកចិត្តទុកដាក់​រួម​។ នា​ឱកាស​នេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​សាក្សី​ក្នុងការ ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយ​ឥត​សំណង​របស់ ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២ ដែល​មាន​ដូចជា ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​-​សាងសង់​ស្ថានីយ​កុងតឺន័រ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន និង​ការអនុវត្ត​គម្រោង អាហារូបករណ៍​អភិវឌ្ឍន៍ ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់​៣៣៩ លាន​យ៉េន​ជប៉ុន​។ ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​ជាមួយ​ឥស្សរជន​ជប៉ុន និង​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម ពី​តំណាង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​។ សម្តេច​តេជោ ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សិក្ខាសាលា ស្តីពី ការវិនិយោគ​នៅ​កម្ពុជា ដែល​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា​(CDC) អង្គ ការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) និង​ធនាគារ​មី​ហ្ស៊ូ​ហូ (Mizuho)​។​

​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​កម្ពុជា​វិញ នារ​សល​ថ្ងៃទី ៣១ ខែ​សភា ឆ្នាំ​២០១៩៕​ ​ដោយ​៖​កូឡាប​

spot_img
×