Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ​

spot_img

​ភ្នំពេញ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើកឡើង​ថា​ ​ការ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា ។ ចំណែកឯ​ការចុះ​ធ្វើ​អធិការកិច្ច មិនមែន​ការ​វែក​រក​កំហុស​ដើម្បី​រិះគន់​គន់​រាជរដ្ឋាភិបាល​នោះ​ទេ​។​

​លោក ចាប សុថា​រិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អធិការកិច្ច​បឋម ស្តីពី មូលដ្ឋានគ្រឹះ នៃ​ការងារ​អធិការកិច្ច ជំនាន់​ទី​២ វគ្គ​២ កំរិត​១ ក្នុង​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ៩​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ​ឧសភា ឆ្នាំ ២០១៩ នៅ​ទីស្តីក្រ​សួង ។​

​បើ​តាម​ប្រសាសន៍​របស់ លោក ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បានឲ្យដឹងថា ៖ វិទ្យាស្ថាន​ជាតិ​អធិការកិច្ច បាន​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អធិការកិច្ច​បឋម ស្តីពី មូលដ្ឋានគ្រឹះ នៃ​ការងារ​អធិការកិច្ច ជំនាន់​ទី​២ វគ្គ​២ កំរិត​១ ក្នុង​ឆ្នាំ​២០១៩ នៅ​ទីស្តីក្រ​សួង​។ អ្នកនាំពាក្យ​បានឲ្យដឹង​ទៀត​ថាៈ វគ្គ​បណ្តុះបណ្តាល​បឋម​នេះ បាន​ធ្វើឡើង​រយៈពេល​១​សប្តាហ៍ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា​តទៅ ។​

​បើ​តាម​សុន្ទរកថា របស់ លោក សោម បូរ៉ាន់ នាយក​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច បានដឹង​ឲ្យ​ថា ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ជំរុញ​ឲ្យមាន​ការបើក​វគ្គ​បណ្តុះបណ្តា​ល​វិស័យ​អធិការកិច្ច ដែល​សំរាប់​ឆ្នាំ​២០១៩​នេះ វិទ្យាស្ថាន​បាន​បើក​វគ្គ​ចំនួន​៣​លើក​រួចមកហើយ និង​មាន​សិក្ខាកាម​មកពី​គ្រប់​អគ្គនាយកដ្ឋាន និង​តាម​មន្ទីរ​គ្រប់​រាជធានី​-​ខេត្ត ចំណុះឲ្យ​ក្រសួង​មានចំនួន​១២៥​នាក់ ដោយ​បាន​ផ្តល់​ជា​វិញ្ញាបនប័ត្រ​ជូន​សិក្ខាកាម​គ្រប់រូប តាម​សមត្ថភាព​នៃ​ការកំណត់​និទ្ទេស​ផងដែរ ។​

​លោក ចាប សុថា​រិទ្ធ បញ្ជាក់ថា វិស័យ​អធិការកិច្ច ជា​វិស័យ​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ត្រួតពិនិត្យ ការ​គ្រប់​រដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ប្រកប​ដោយ​អនុលោមភាព តាមរយៈ ការ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ សំដៅ​បង្ការ ទប់ស្កាត់ កែលំអ និង​មាន​វិធានការ ដើម្បី​ប្រឆាំង​អំពើពុករលួយ ការរំលោភ​ដោយ​អំណាច និង​បាតុភាព​អសកម្ម​នានា ។ ចំណែកឯ​ការចុះ​ធ្វើ​អធិការកិច្ច មិនមែន​ការ​វែក​រក​កំហុស​ដើម្បី​រិះគន់​គន់​រាជរដ្ឋាភិបាល​នោះ​ទេ គឺ​យើង​មាន​តួនាទី​ធ្វើ​ជា​សេនាធិការ ដើម្បី​ចូលរួម​បំពេញ​បំ​បន្ថែម​សំរាប់​ឈានទៅ​សម្រេច យុទ្ធសាស្ត្រ​ចតុ​កាណ​របស់​រាជរដ្ឋាភិបាល ដែល​មាន​អធិការកិច្ច​ល្អ​ជា​ស្នូល ។ ដោយ​ពិនិត្យឃើញ​អំពី សារៈសំខាន់​ទាំងនេះហើយ ទើប​ថ្នាក់ដឹកនាំ​ក្រសួង សម្រេច​ឲ្យ​បង្កើត​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​ឡើង ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​អធិការកិច្ច ។​

​ឯកឧត្តម ចាប សុថា​រិទ្ធ បញ្ជាក់ថា តាម​ចក្ខុវិស័យ​របស់​លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​ផែនការ​ទិសដៅ​ច្បាស់លាស់ ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​មន្ត្រី​យើង​ឲ្យ​កាន់តែ​មាន​គុណភាព តាមរយៈ​នៃ​ការបណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច ឲ្យបាន​គ្រប់​កំរិត ចាប់ពី​បឋម មធ្យម និង​ឧត្តមសិក្សា ស្រប​តាម​ភារកិច្ច​ធំៗ​ពីរ​ជា​សំខាន់ ក្នុងចំណោម​ភារកិច្ច​មួយ​ចំនួន​ផ្សេង​ទៀត រួមមាន​៖ ទី​១ ផ្តល់​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ កងកំលាំងប្រដាប់អាវុធ និស្សិត​ក្នុង​វិស័យ​អធិការកិច្ច និង​វិស័យ​ពាក់ព័ន្ធ ។ ទី​២ សិក្សា​ស្រាវជ្រាវ ផ្សព្វផ្សាយ​ឯកសារ​ពាក់ព័ន្ធ ក្នុង​វិស័យ​អធិការកិច្ច និង​វិស័យ​ពាក់​ពាក់ព័ន្ធ ។​

​ឯកឧត្តម ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ​របស់​ក្រសួង ក៏​បាន​ប្រាប់ឲ្យដឹង​នៅ​ក្រោយ​ពិធី​បើក​វគ្គ​ថា ៖ វិទ្យាស្ថាន​ជាតិ​អធិការកិច្ច បាន​រៀបចំ​ឲ្យមាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ពេញលេញ​នៅ​ដើមឆ្នាំ​២០១៨ បន្ទាប់ពី​បាន​បង្កើតឡើង​ដោយ​អនុក្រិត្យ​លេខ​០៣ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥ ស្តីពី​ការរៀបចំ និង​ការប្រព្រិត្តទៅ​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឺទ្ធសភា និង​អធិការកិច្ច និង​អនុវត្ត​ការងារ​អនុលោម​តាម​ប្រកាស​លេខ​០៨៣ ទ​រព​អ​.​ប្រក ចុះ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ស្តីពី​ការប្រព្រិត្តទៅ​របស់​វិទ្យាស្ថាន​ជាតិអ​ធិ​ការ​កិច្ច​។ អ្នកនាំពាក្យ​រូប​នេះ​បន្តថា បើ​ទោះ​ជា​វិទ្យាស្ថាន​ទើបតែ​បង្កើតឡើង​ក្តី តែ​យើង​បាន​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូរ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់ សំរាប់​មន្ត្រី​ជំនាញ​នូវ​គ្រប់​កំរិត ទាំង​នៅក្នុង និង​ក្រៅប្រទេស​ប្រកបដោយ​គុណភាព ហើយ​ធនធាន​ទាំងនេះ​កំពុង​បំរើ​ការងារ​នៅក្នុង​អង្គភាព​របស់​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធិភាព ៕​ ដោយ​៖​កូឡាប

spot_img
×