Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​កម្ពុជា​-​វៀតណាម ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ទ្វេភាគី និង​ពហុភាគី​

spot_img

​វៀតណាម ​៖ ​ក្នុង​ថ្ងៃទី​១​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជួប​សវនាការ និង​ពិភាក្សា​ការងារ​ជាមួយ លោកជំទាវ ង្វៀន ធី​គីម​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​វៀតណាម នៅ​វិមាន​រដ្ឋសភា​វៀតណាម ដើម្បី​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​ទាំង​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជម្រាប​ប្រធានរដ្ឋសភា​វៀតណាម​ថា រដ្ឋសភា​កម្ពុជា​នៅក្នុង​នីតិកាល​ទី​៦​បាន​កំពុង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា​តាមរយៈ​សកម្មភាព​ចូលរួម​ក្នុង​វេទិកាសភា​អន្តរជាតិ​នានា សំដៅ​រួមចំណែក​លើកកម្ពស់​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​ក្របខណ្ឌ​តំបន់ និង​សកលលោក​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប លើក​ទី​១១​។​

សម្តេច​បាន​មានប្រសាសន៍​បន្តថា រដ្ឋសភា​កម្ពុជា​បាន​ពង្រីក​បន្ថែមទៀត​នូវ​ក្រុម​មិត្តភាព​សភា​កម្ពុជា​ជាមួយ​បណ្តា​សភា​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ និង​សកលលោក តាម​ការស្នើសុំ​ពីស​ភា​ប្រទេស​ជា​មិត្តភាព និង​ភាពចាំបាច់​របស់​រដ្ឋសភា​កម្ពុជា​ខ្លួនឯង​។ រដ្ឋសភា​កម្ពុជា​បាន​បង្កើត​ក្រុម​សភាជាតិ​កម្ពុជា នៃ​អ្នកនយោបាយ​សភា​ស្ដ្រី តាំងពី​ឆ្នាំ​២០១៥ សម្រាប់​ជា​សេនាធិការ​របស់​រដ្ឋសភា ក្នុង​គោលដៅ​អនុវត្ដ​គោលនយោបាយ​លើកកម្ពស់​សមភាព​យេ​ឌ័​រ និង​ផ្ដល់​ភាព​អង់អាច​ដល់​ស្ដ្រី ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​សកម្មភាព​សង្គម​គ្រ​ប់ក​ម្រិ​ត​។

​ចំពោះ​ទំនាក់ទំនង​រវាង​រដ្ឋ​សភា​កម្ពុជា និង​វៀតណាម សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​សភា ទាំង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ និង​មន្ត្រី​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។ រដ្ឋសភា​កម្ពុជា​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​វេទិកា​អន្តរ​សភា​។​

​លោកជំទាវ ង្វៀន ធី​គីម​ងិន បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា និង​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​ជំរុញ​ទំនាក់ទំនង​ប្រទេស និង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី​យូរលង់ និង​ជា​ប្រពៃណី​ស្រាប់​នេះ ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។ លោកជំទាវ បាន​គូសបញ្ជាក់ថា ក្នុងការ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​ផលប្រយោជន៍​សកល ក៏ដូចជា​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ លោកជំទាវ​នឹង​លៃលក​ពេលវេលា​ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) លើក​ទី​១១ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២០​ខាងមុខ​នោះ​។​

​លោកជំទាវ​បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ដែរ​ថា នៅក្នុង​ឆ្នាំ​២០២០​នោះ ប្រទេស​វៀតណាម​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​(​អាយ​ប៉ា​)​ផងដែរ​។ លោកជំទាវ ង្វៀន ធី​គីម​ងិន បាន​ស្នើសុំ​រដ្ឋសភា​កម្ពុ​ជា​គាំទ្រ និង​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នេះដែរ​។ នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​ប្រទេស​ទាំងពីរ លោកជំទាវ​ប្រធានរដ្ឋសភា សំណូមពរ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជំរុញ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​សមាជិក​រដ្ឋសភា​វ័យក្មេង និង​សមាជិក​រដ្ឋសភា​ស្ត្រី រួម​និង​ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍​រវាង​គណៈកម្មការ​ជំនាញ​គ្រប់​វិស័យ និង​នៅក្នុង​កម្រិត​អគ្គលេខាធិការដ្ឋាន​ផងដែរ ពិសេស​ការបន្ត​ជំរុញ​ដល់​ដំណើរ​ការរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​រវាង​គណៈកម្មការ​សេដ្ឋកិច្ច គណៈកម្មការ​កិច្ចការបរទេស និង​គណៈកម្មការ​ការពា​រ​ជាតិ រវាង​រដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម ឲ្យ​បាន​ទៀងទាត់​ដើម្បី​គាំទ្រ និង​ជំរុញ​ដល់​ការអភិវឌ្ឍ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដែល​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម​បាន​បង្កើតឡើង​នោះ​។​

​ប្រធានរដ្ឋសភា​វៀតណាម បានស្នើ​សុំ​ភាគី​កម្ពុជា​ជួយ​សម្រួល​ដល់​ការងារ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​វៀតណាម​វិញ​។​

​លោកជំទាវ ង្វៀន ធី​គីម​ងិន បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​រដ្ឋសភារ​បស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ការដឹកនាំ​រាជរដ្ឋាភិបាល របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រទេស​និង​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​សមិទ្ធផល​ថ្មីៗ​បន្តបន្ទាប់​ទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អបអរសាទរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រេចបាន ក្នុង​ការកសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​រីកចម្រើន ជឿន​លឿន​យ៉ាង​ឆាប់រហ័ស ស្របតាម​ទិសដៅ នៃ​មហាសន្និបាត​លើក​ទី​១២ របស់​បក្ស​កុំម្មុយនីស្ត​វៀតណាម​។ សម្តេច​បាន​អរគុណ​ដល់​ការគាំទ្រ​របស់​ប្រទេស​វៀតណាម​ចំពោះ​កម្ពុជា ពិសេស​រដ្ឋសភា​កម្ពុជា រាប់​តាំងពី​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ជំនួយ​អគារ​រដ្ឋបាល​ក្នុង​ទឹកប្រាក់ ២៥​លាន​ដុល្លារ​ដែល​នឹង​លេច​ជា​រូបរាង​នៅពេល​ខាងមុខនេះ​។​

​បន្ទាប់មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកជំទាវ ង្វៀន ធី​គីម​ងិន បាន​ចុះហត្ថលេខា​លើ​ឯកសារ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ និង​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា និង​វៀតណាម ដែល​ចុះហត្ថលេខា​ដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង ឯកឧត្តម ង្វៀន ហា​ញ់​ហ្វុ​ក ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀតណាម​ផងដែរ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×