Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ​ឬ​លក់ដូរ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទឹកសាប​ក្បាលឆាយ​បានឡើយ​

spot_img

​ភ្នំពេញ ​៖ «​គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ​ឬ​លក់ដូរ​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បានឡើយ​»​។ នេះ​គឺជា​ការគូសបញ្ជាក់​រប​ស់​រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បីឱ្យ​សាធារណជន​បាន​ជ្រាប​និង ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិនបាន​យល់ដឹង​ច្បាស់​ពី​ច្បាប់ សូម​ឈប់​ចាញ់បោក​ជនខិលខូច​បន្ត​ទៀត​។ លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បាន​ស្នើឱ្យ​ជនខិលខូច​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​ខុសច្បាប់​ទាំងឡាយ នៅក្នុង​នោះ​មាន​ការចូល​រុន​រាន ទន្ទ្រាន កាប់ ឆ្ការ​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ និង​បញ្ឈប់​ការយក​ប័ណ្ណកម្មសិទ្ធិ​ដែល​ត្រូវបាន​និរាករណ៍​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាកា​លពី​ឆ្នាំ ១៩៩៩ មក​ទាមទារ​កាន់កាប់​ដីធ្លី​ឡើងវិញ​នៅ​តំបន់​ក្បាលឆាយ​។ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ក៏បាន​ព្រមាន​ទុកជាមុន​ថា​ជន​ទាំងឡាយណា​ដែល​បន្ត​ល្មើសច្បាប់ នឹងត្រូវ ប្រឈមមុខ​ច្បាប់​ជា​ធរមាន​។​

បើតាម​ការបញ្ជា​ក់រប​ស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​ត្រូវបាន​បង្កើតឡើង​ដោយ​ព្រះរាជ​ក្រិ​ត្យ​នៅ​ខែវិច្ឆិកា ឆ្នាំ ១៩៩៣ មាន​ផ្ទៃដី​ចំនួន ២១ ០០០ ហិកតា​។ ចំណែក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​មាន​ផ្ទៃដី ៥ ៥២០ ហិកតា ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០១៦ ក្នុង​គោលបំណង​ដើម្បី​ធានា​ការពារ​និង​ថែទាំ​ធនធាន​ជីវៈចម្រុះ និង​ធនធានធម្មជាតិ និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​រយៈពេល​យូរអង្វែង ក៏ដូចជា​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក ដល់​ការគ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។​

​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​បញ្ជាក់ថា នៅក្រោយ​មក មាន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដោយ​ខុសច្បាប់​លើដី​រដ្ឋ​ទាំងនេះ​ជាពិសេស​នៅ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទឹកសាប​ក្បាលឆាយ រួមទាំង​មាន​ការទិញ​លក់ដូរ​ដី​ធី​ដោយ​ខុសច្បាប់​ពី​ក្រុម​ជនខិលខូច​មួយចំនួន ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៩ ត្រូវបាន​រាជរដ្ឋាភិបាល​និ​រា​ការណ៍​ចោល​នូវ​ប្លង់​កម្មសិទ្ធិ​ទាំងនោះ និង​បាន​ដកហូត​ដី​ទាំងអស់​នោះមក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​មួយចំនួនទៀត​ត្រូវបាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​ដោយ​ស្របតាម​ច្បាប់​។ លោក​បាន បញ្ជាក់ថា​បច្ចុប្បន្ននេះ ខណៈ​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឡើង​ខ្ពស់ មាន​មេក្លោង​មួយចំនួន​បាន​បង្កើត​ក្រុម ជនខិលខូច​ដោយ​ជួល​ប្រជាពលរដ្ឋ​ស្លួ​ត​ត្រង់​ដើម្បី​ចូល​ទន្ទ្រាន​កាន់​កាន់​ដី​រដ្ឋ ឬ​ដី​ដែលមាន​កម្មសិទ្ធិ​ស្របច្បាប់​។ បុគ្គល​មួយចំនួន​ក៏បាន​ព្យាយាម​បំពាន​ច្បាប់​ដោយ​យក​ប័ណ្ណកម្មសិទ្ធិ​ចាស់​នៅក្នុង​តំបន់​ក្បាលឆាយ ដែល​ត្រូវបាន​និរាករណ៍​ដោយ​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ ១៩៩៩ មក​ធ្វើការ​ឈូសឆាយ​ដីព្រៃ និង​ទាមទារ​កាន់កាប់​ដី​នោះ​ឡើងវិញ​។​

​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា នេះ​ជា​បទល្មើស​ដែល​ត្រូវ​ប្រឈមមុខ​ច្បាប់ ហើយ​ពលរដ្ឋ​ទាំងអស់​មិនត្រូវ​ចាញ់បោក​មេខ្យល់ ឬ​ក្រុម​ឈ្មួញ​ទុច្ចរិត ដែល​បោកប្រាស់​នោះទេ​ព្រោះ​ក្រ​សួង​បរិស្ថាន​បដិសេធ​មិន​ទទួលស្គាល់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ ឬ​លិខិត​លក់ដូរ​ដី ដែល​បានមកពី​ការកាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដោយ​ខុសច្បាប់​ឡើយ ទោះជា​មានការ​ទទួលស្គាល់​ពី​ភូមិ​ឃុំ​ឬ​ស្រុក​ក្តី​។​លោក​នេត្រ ភក្ត្រា បាន​ថ្លែងថា ប្រសិនបើ​មិន​ច្បាស់​ថា ដី​ដែល​ខ្លួន​កាន់​កាន់​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​ដែល​ត្រូវបដិសេធ​ការកាន់កាប់ និង​ហាមឃាត់​ការលក់ដូរ និង​មិន​អនុញ្ញាតឱ្យ​មានការ​ឈូស​ឈា​យ​ទេ សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ក្រសួងបរិស្ថាន ដើម្បី​ស្នើ​សុំឱ្យ​មន្ត្រី​ជំនាញ​ក្រសួង​ដំឡើង​ផែនទី ដែលមាន​និយាម​ការច្បាស់​លាស់​ពិនិត្យ​ជាក់ស្តែង​តើ​ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ​ដែល​ត្រូវការពារ​និង​អភិរក្ស​ដែរឬទេ​។ លោក​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​ដែលមាន​ការ សង្ស័យ​នៅ​តំបន់​ផ្សេងៗ​ទៀត​អាច​អញ្ជើញ​មក​សាកសួរ​នៅ​ក្រសួងបរិស្ថាន​បាន​។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា ក៏បាន​ស្នើ​សុំឱ្យ​ស្ថាប័ន​តុលាការ​មេត្តាជួយ​ពិនិត្យ ចំពោះ​សំណុំរឿង​ជម្លោះដីធ្លី​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់ការពារធម្មជាតិ​ផ្សេងទៀត មិនគួរ​កាត់សេចក្តី​លើ​សំណុំ​រឿងនេះ​ទេ ព្រោះ​ជា​សំណុំរឿង​រំលោភ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ លោក​បាន​ថ្លែងថា កន្លងទៅនេះ ក្រុម​ជនខិលខូច​មួយចំនួន បាន​ប្រើ​យុទ្ធសាស្ត្រ «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ដោយ​ការទន្ទ្រាន​កាន់កាប់​ដីធ្លី​ខុសច្បាប់ និង​បាន​អះអាងថា ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ និង​បង្កើតជា​ក្រុម​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត ហើយ​រុញ​សំណុំរឿង​ទៅ​តុលាការ​ដើម្បីឱ្យ​សម្រេចសេចក្តី អ្នក​ដែល​ឈ្នះ​បាន​ដី និង​អ្នកចាញ់​ពេលខ្លះ​បាន​លុយ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងថា ក្រុម​មេក្លោង​ខិលខូច​មួយចំនួន​បាន​ជួល​ប្រជាពលរដ្ឋ​ស្លូតត្រង់ ក្នុង​មួយថ្ងៃ ១០ ម៉ឺន​ទៅ ២០ ម៉ឺន​រៀល ដើម្បី​ចូលកាន់​កាប់​ដី​ដែលមាន​កម្មសិទ្ធិ​រួចហើយ និង​ខ្លះ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​កាន់​រានទន្ទ្រាន​ដីព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​ដើម្បី​លក់​ឱ្យ​ខ្លួន​ក្នុង​តម្លៃថោកៗ​។ លោក​នេត្រ​ ​ភក្ត្រា បាន​គូសបញ្ជាក់ថា នៅ​ក្នុងការ​រឹតបន្តឹង​វិធានការ​ច្បាប់​ទប់ស្កាត់​និង​ប​ង្ក្រា​ម​ចលនា​នៃ​ការទន្ទ្រាន​កាន់ កាប់​ដីព្រៃ​របស់​រដ្ឋ​ពី​ក្រុម​ជនខិលខូច ក្រ​សួង​បរិស្ថាន បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កសាង​សំណុំរឿង​និង​ចោទប្រកាន់​ចំពោះ​ជនល្មើស​មួយចំនួន​ក្នុងនោះ​មាន​មេក្លោង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​ចំនួន ២ រូប និង​នៅ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទឹក​សាម​ក្បាលឆាយ​ចំនួន ២ រូប​ដែល​ទើបតែ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​កាលពីដើម​ខែឧសភា​កន្លងទៅនេះ​។ លោក​គូសបញ្ជាក់ថា វិធានការ​ច្បាប់​នឹង​អនុវត្ត​ចំពោះ​ជនល្មើស​ដោយ​មិន​លើកលែង​ឡើយ​៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×