Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ បង្ក​វិបត្តិ​ជាច្រើន​ដល់​សង្គម បង្ក​ឲ្យ​មនុស្ស​ស្លាប់​និង​ខាតបង់​ថវិកា​យ៉ាង​ច្រើន​

spot_img

​ភ្នំពេញ ​៖ ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ ​បង្ក​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន ​ដោយ​ទាំង​អ្នក​ជក់​និង​អ្នកស្រូប​ផ្សែង​បារី​ពី​គេ​ដូច​ជា​ ជំងឺមហារីក​សួត​ជំងឺ​ផ្លូវដង្ហើម ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ ដាច់​សរសៃឈាម​ខួរក្បាល​ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ ដែល​ស្រូប​ផ្សែង​បារី​ពី​គេ​បណ្តាល​ឲ្យ​កូន​កើត​មុន​ពេល​កំណត់​កើត​មក​មិន​ប្រក្រតី​ឬ​កើត​មក​ស្លាប់​ជាដើម ។ រៀងរាល់​ឆ្នាំ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ ១៦៣ លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការព្យាបាល​ជំងឺ​នឹង​ការបាត់បង់​កម្លាំង​ពលកម្ម​។ ជាងនេះទៅទៀត​ទឹកប្រាក់​ដែល​ប្រជាជន​កម្ពុជា​បាន​ចំណាយ​ទៅលើ​ការទិញ​បារី​ជក់​ប្រមាណ​ជា ២០១ លាន​ដុល្លារ​អាមេរិក​។​

​លោកស្រី​ កែវ ​សុខ​ពិសី​ អភិបាលរង​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នៅក្នុង​សិក្ខា​សិលា​ស្ដីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ​ឧសភា​ឆ្នាំ 2019 នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ ។ លោកស្រី​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​បើ​យោង​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​គឺមាន​គោលបំណង​ការពារ​សុខភាព​សាធារណៈ ​ហើយ​មាន​វិសាលភាព​គ្របដណ្ដប់​លើ​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ដែល​ផលិត​នៅ​ក្នុងស្រុក​ឬ​នាំចូល​ពី​បរទេស​និង​ចែកចាយ​លក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បច្ចុប្បន្ន​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​នៃ​ផលិតផល​ថ្នាំជក់​កំពុង​បង្ក​ជា​កង្វល់​ដ៏​ធំ​នៅ​ទូទាំង​ពិភពលោក​។

​លោកស្រី​បាន​បន្តថា​ សិក្ខាសាលា​នេះ​មាន​គោលបំណង​សំខាន់​ស្នើ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ផ្សព្វផ្សាយ​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ឲ្យ​កាន់តែ​ទូលំទូលាយ​និង​ស៊ីជម្រៅ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​គ្រឹះស្ថាន​សិក្សា​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បីឲ្យ​ស្រទាប់​យុវជន​របស់​យើង​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​បាន​យល់ដឹង​និង​ជួយ​ទប់ស្កាត់​ផល​ប៉ះពាល់​សុខភាព​ជំងឺ​ឈឺ​ថ្កាត់​ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ដូចជា​ការជក់បារី​ឬ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​ជាដើម​។​

​លោកស្រី​បាន​បន្ថែមថា កា​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​រាជធានី​ភ្នំពេញ ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដួចផ្ដើម​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នេះ​តាំងពី​ឆ្នាំ ២០១៣ មកម្ល៉េះ ​ហើយ​បាន​បង្កើត​ក្រុមការងារ​គ្មាន​ផ្សែង​បារី​ថ្នាក់​រាជធានី​ថ្នាក់​។​ហើយ​រដ្ឋបាល​ខណ្ឌ​ក៏​បាន​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​និង​បាន​ណែនាំ​ឲ្យ​សង្កាត់​ទាំងអស់ឲ្យ​ដាក់បញ្ចូល​ការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ទៅក្នុង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​របស់​សង្កាត់​ប្រចាំ​ឆ្នាំ​ផង​ដែរ​។

លោកស្រី​បាន​លើកឡើង​ថា ​ការសង្កេត​អំពី​ការអនុវត្ត​ច្បាប់ស្តី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​យើង​ឃើញ​ថា​ពួកគាត់​មាន​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​ការហាមឃាត់​ការជក់បារី​នៅ​ទី​កន្លែង​ធ្វើការ​និង​កន្លែង​សាធារណៈ​ហើយ​មាន​បិទ​ស្លាក​សញ្ញា​ហាម​ជក់បារី​ក៏​មាន​កាន់តែ​ច្រើនឡើង​ផងដែរ​។ ជាក់ស្ដែង​យើង​ពិនិត្យ​ឃើញ​លើ​កញ្ចប់​បារី​ភាគច្រើន​មាន​ដាក់​សារ​ព្រមាន​ជា​រូបភាព​ហើយ​ការផ្សាយពាណិជ្ជកម្ម​បារី​តាមរយៈ​ផ្ទាំង​រូបភាព​តូច​និង​ទូ​តាំង​បារី​ក៏​មាន​ការថយចុះ​។ ប៉ុន្តែ​ភាព​វិជ្ជមាន​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ព្រោះ​ថា​សុខភាព​ប្រជាពលរដ្ឋ​យើង​នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ដរាបណា​នៅតែ​មាន​ការបំពានច្បាប់​ពី​ឧស្សាហកម្ម​ថ្នាំជក់​ដោយ​នៅ​តែ​មាន​ការ​លក់​បារី​ដោយ​គ្មាន​ការ​ដាក់​សារ​ព្រមាន​សុខភាព​ការផ្សាយ​ពាណិជ្ជកម្ម​បារី​លួចលាក់​តាម​ទម្រង់​ផ្សេងៗ​ការជក់បារី​នៅ​កន្លែងធ្វើការ​នឹង​ទីតាំង​សាធារណៈ​ដែល​កត្តា​ទាំង​នេះ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់។

ដូចនេះ​ដើម្បី​ពង្រឹង​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ថ្នាំជក់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អង្គការសហប្រជាជាតិ​និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្មារតី​អាស៊ាន​គ្មាន​ផ្សែង​បារី​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​បន្ត​ខិតខំ​យកចិត្តទុកដាក់​ទប់ស្កាត់​រាល់​មធ្យោបាយ​ផ្សព្វផ្សាយ​ដោយ​មាន​និន្នាការ​ទាក់ទាញ​អតិថិជន​ឲ្យប្រើ​ប្រាស់​ផលិតផល​ថ្នាំជក់​សំដៅ​ការពារ​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​រាជធានី​ភ្នំពេញ​ជាពិសេស​យុវវ័យ​ជំនាន់​ក្រោយ​ឱ្យ​រួច​ចាក​ផុត​ពី​ការបំផ្លាញ​សុខភាព​សេដ្ឋកិច្ច​សង្គម​បរិស្ឋាន​និង​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​នូវ​រាល់​ទម្រង់​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​ក្លាយជា​ទីក្រុង​គ្មាន​ផ្សែង​បារី​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅ​គ្រឹះស្ថាន​សិក្សា​គឺជា​វិធានការ​មួយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បណ្ដាល​មកពី​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ហើយក៏​ជា​ការអនុលោម​តាម​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​និង​អនុក្រឹត្យ​ស្ដីពី​ការហាមឃាត់​ថ្នាំជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ​ដែល​បាន​ហាមឃាត់​មិន​ឲ្យ​ជក់បារី​នៅ​ក្នុង​បរិស្ថាន​គ្រឹះស្ថានសិក្សា​។​

​ពាក់ព័ន្ធ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​គ្រឹះស្ថាន​សិក្សា​ត្រូវបាន​លោក​មុំ​គង់​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា និង​ជា​សមាជិក​អនុគណៈកម្មការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាម​ការជក់​ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​កន្លែង​សាធារណៈ​គឺ​ការហាមឃាត់​ការជក់បារី​ក្នុង​អាគារ​នៃ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ​ហាម​ជក់បារី​ខាងក្នុង​ជា​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​អាច​ជក់​បាន​ក្រៅ​ពី​អគា​​រ​​ចំណាយ ៥ ម៉ែត្រ ​ពី​ច្រកចេញ​ចូល​ហាម​ជក់បារី​ក្នុង​បរិវេណ​នៃ​គ្រឹះស្ថាន​សិក្សា​ឬ​ស្ថាន​សុខាភិបាល​ទារកដ្ឋាន​សូន​កុមា​សួន​សាធារណៈ​គ្រឹះស្ថាន​សាសនា​សារមន្ទីរ​រមណី​យដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រក​ន្លែ​ង​ហាត់ប្រាណ​ស្ឋានីយ​ប្រេង​នឹង​កន្លែ​ងងាយ​ឆាប់ៗ​។ លោក​បាន​បន្ត​ថា​តួនាទី​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​គ្រឹះស្ថាន​ត្រូវ​បិទ​សញ្ញា​ហាមឃាត់​នៅ​កន្លែង​មើលឃើញ​ច្បាស់​ហើយ​ប្រសិនបើ​ខកខាន​មិន​បាន​បិទ​សញ្ញា​ហាមឃាត់​នឹង​ត្រូវ​ពិន័យ 5 ម៉ឺន​រៀល​។

​លោក​បាន​បន្ត​ថា​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ជំពូក ៤ បានចែង​ថា​ហាម​ការលក់​ឬ​ចែកចាយ​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ប៉ុន្តែ​ក្នុង​ករណី​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១ លាន​រៀល​។ ហាមឃាត់​គ្រប់​ទម្រង់​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​តាម​គ្រប់​រូបភាព​តាម​គ្រប់​មធ្យោបាយ​និង​គ្រប់​ទីកន្លែង ប៉ុន្តែ​ក្នុង​ករណី​ល្មើស​ត្រូវ​ទទួល​ទោសពិន័យ ៨​លាន ទៅ ៤០​លានរៀល​។ បើ​តាម​ច្បាប់ គឺ​ហាម​ទទួលយក​ការឧបត្ថម្ភ​ជា​ផលិតផល​ថ្នាំជក់​ឬ​ជា​សម្ភារៈ​ដែល​បង្ហាញ​ពី​ឈ្មោះ ឬ​សញ្ញា​សម្គាល់​ផលិតផល​ថ្នាំជក់​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​យ៉ិល​ដារ៉ាវុធ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ពាក់ព័ន្ធ​នឹង​វិធាន​ការត្រួតពិនិត្យ​ថ្នាំជក់​និង​សង្គ្រោះ​ជីវិត​អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​វិធានការ​សំខាន់ៗ​ចំនួន ៤ ក្នុងនោះ​គឺ​ការ​តម្លើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ បំរាម​ជក់បារី​នៅ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ និង​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​។​

​សូម​បញ្ចាក់​ថា​ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ផលិតផល​ថ្នាំជក់​គឺ​មនុស្សពេញវ័យ​កម្ពុជា​បាន​ចំណាយ​សរុប​ប្រមាណ​ជាង២០០ លាន​ដុល្លារ​ លើ​ការទិញ​ថ្នាំជក់​ក្នុង​មួយ​ឆ្នាំ​។ ​ប៉ុន្តែ​ការចំណាយ​ទៅ​លើ​ការព្យាបាល​ដែល​បង្កឡើង​ដោយ​ការប្រើប្រាស់​ថ្នាំជក់​មាន​ទំហំ​ធំ​ជាង​ការចំណាយ​ទៅលើ​ការទិញ​បារី​ជក់​ឆ្ងាយ​ណាស់​។​

​ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​មួយ​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​ជា​ជំងឺ​បង្ក​ដោយ​ការប្រើប្រាស់​ថ្នាំជក់​និង​បារី​អ្នកស្លាប់​ភាគច្រើន​គឺជា​អ្នក​ដែល​មិន​ជក់​ថ្នាំជក់​ដែ​ល​គ្រោះថ្នាក់​អាច​ជី​វាំង​បាន​ប្រសិនបើ​យើង​មាន​បរិស្ថាន​គ្មាន​ផ្សែង​បារី​និង​ថ្នាំជក់​៕​ ដោយ​៖​កូឡាប​

    

spot_img
×