Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវិនិយោគ​របស់​ជ​ប៉ុន​ទាំងអស់​នៅ​កម្ពុជា រួមចំណែក​ដល់​ការរក្សា​ស្ថិរភាព យូរអង្វែង​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ​សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្ដី​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា បាន​ថ្លែងថា​ការវិនិយោគ​របស់​ជ​ប៉ុន​ទាំងអស់​នៅ​កម្ពុជា នេះ​មិន​ត្រឹមតែ​នាំមក​នូវ​ប្រាក់​ចំណេញ​ដល់​អ្នកវិនិយោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូល​រួមចំណែក​ដល់​ការរក្សា​ស្ថិរភាព​យូរអង្វែង​នៅ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដី​ពី​អនាគត​អាស៊ី​នៅឯ​ប្រទេស​ជប៉ុន នោះ​សម្តេច​តេជោ បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ស្ដីអំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែល​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ប្រទេស​ជប៉ុន មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ និង​មាន​ការចូលរួម​ពី​អ្នកវិនិយោគគិន​សំខាន់ៗ​ជាច្រើន​រូប​ផង​ដែរ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​គន្លឹះ​សំខាន់ៗ ទាក់ទង​នឹង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ថា​៖ សម្តេច​ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ។ សម្តេច​ក៏​បាន​ថ្លែងអំណរគុណ និង​កោត​សរសើរ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន និង​ធនាគារ​មី​ហ្ស៊ូ​ហូ របស់​ប្រទេស​ជប៉ុន​ដែល​បាន​សហការ​រៀបចំ​ឲ្យមាន​កម្មវិធី​នេះ​ឡើង​។ សម្តេច​តេជោ​បន្តថា​ក្នុង​សិក្ខាសាលា​នេះ​គឺ​យើង​នឹង​បាន​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​សក្កា​នុព​ល​វិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​ជ្រាប​ពី​ការដាក់ចេញ​នូវ​វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ន​សំដៅ​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្នុង​រយៈពេល​ពី​រទស្ស​វត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧,៧% ហើយ​បាន​ចាកចេញ​ផុត​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ លើ​ពី​នេះ​នេះ​ទៅទៀត​នៅក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​កម្ពុជា​មានកំណើន​លើស​ពី​ការរំពឹងទុក ពោល​គឺ​បាន​កើន​ឡើង​ក្នុង​អត្រា ៧,២% ធៀប​ទៅនឹង​ការគ្រោងទុក ៧,១% ប្រចាំ​ឆ្នាំ​ដែល​ជា​មូលដ្ឋាន​នៃ​ភាពរឹងមាំ​។ នៅក្នុង​ឆ្នាំ​២០១៩​នេះ យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ដែល​បាន​អោយដឹងថា​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​បន្ត​មាន​កំណើន​ក្នុង​រង្វង់​ជាង ៧% ដែល​ធ្វើអោយ​កម្ពុជា​បន្ត​តំណែង របស់​ខ្លួន​ជា​បន្ត​ទៀត​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត​នៅក្នុង​តំបន់​អាស៊ី​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​។ នេះ​បានបង្ហាញ​ថា​កម្ពុជា​ស្ថិតនៅ​លើ​គន្លង​នៃ​ការឈាន​ទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ តាម​ការគ្រោងទុក​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​ជាតិ​របស់​ខ្លួន​។

​តាងនាម រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​ការដឹងគុណ និង​ការវាយតម្លៃ​ខ្ពស់ ជាថ្មី​ម្តងទៀត​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព ឯកភាព​ជាតិ ព្រម​ទាំង​ការស្តារ និង​អភិវឌ្ឍ​សេដ្ឋ​-​កិច្ច​កម្ពុជា​ឱ្យ​រីក​ចម្រើន​រហូត​មកដល់​សព្វថ្ងៃនេះ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំនួយ​បច្ចេកទេស​នានា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ព្រម​ទាំង​ការវិនិយោគ​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​។

ជាក់ស្តែង នៅ​ថ្ងៃ​ខានស្អែក​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ និង​សម្តេច​តេជោ នឹង​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ផ្តល់​អាហារូបករណ៍ អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​ទំហំ​ទឹកប្រាក់​៣៣៩​លាន​យ៉េន និង​គម្រោង​សង់​ឃ្លាំង​កុងតឺន័រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​យ៉េន​។ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ផ្លូវការ គិត​ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៨ មិត្ត​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិ​ប​តិ្ត​ការផ្លូវការ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ប្រមាណ​ជាង ២,៨​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើ​នឹង​ប្រមាណ ១៥% នៃ​ហិរញ្ញប្បទាន​សរុបរ​បស់ដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់ សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។

ទន្ទឹមនឹងនេះ មិត្ត​ជប៉ុន​បាននិងកំពុង​គាំទ្រ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ដូចជា ការកសាង​ស្ពាន​គី​ហ្សូ​ណា​, ស្ពាន​ត្សឺ​បា​សា​, ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៥, ការអភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការការពារ​ទឹកជំនន់​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៥ បាន និង នឹង​ធ្វើឱ្យ​ផ្លូវ​ទាំងនេះ​ក្លាយជា​ផ្លូវ​យុទ្ធសាស្ត្រ ដ៏​មាន​សារៈសំខាន់​នៃ​របៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​ធំ​ពីរ​នៃ​មហា​អនុ​តំបន់​មេគង្គ គឺ​រវាង​ទីក្រុង​ហូជីមិញ និង​ទីក្រុង​បាងកក​។ រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ក្លាយជា​ទីក្រុង​ប្រមូលផ្តុំ​កណ្តាល​ដ៏​សំខាន់​ស្ថិតនៅតាម​បណ្ដោយ​របៀង​សេដ្ឋកិច្ច​នេះ ហើយ​នឹង​កាន់តែ​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន ជប៉ុន​ទាំង​ធំ ទាំង​តូច មក​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញ​យក​នូវ​ផលប្រយោជន៍​ជា​អតិបរមា​ពី​យុទ្ធសាស្ត្រ​ថៃ​+១ និង​វៀតណាម​+១​។ ស្ពាន​គី​ហ្សូ​ណា និង​ស្ពាន​ត្សឺ​បា​សា​ដែលជា​ស្ពាន​ដ៏​វែង​ជាង​គេ​ឆ្លងកាត់​ទន្លេមេគង្គ​កម្ពុជា​នេះ មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ការដឹកជញ្ជូន​ទំនិញ និង​សម្រួល​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម​-​ឡាវ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ទេសចរណ៍​សម្រាប់​ប្រជាជន​កម្ពុជា​ប្រកប ដោយ​ភាព​ទាក់ទាញ​ផងដែរ​។ លើសពីនេះ រូប​ស្ពាន​ទាំង​ពីរ​ត្រូវបាន​បោះពុម្ព​នៅលើ​ក្រដាសប្រាក់ ៥០០​រៀល​ថ្មី ដែល​នេះ ជា​ករណី​ដ៏​កម្រ​បំផុត​ដែល​ទង់ជាតិ​នៃ​ប្រទេស​មួយ​បាន​ផុស​ឡើង​នៅលើ​ក្រដាសប្រាក់​នៃ​ប្រទេស​មួយទៀត​។ នេះ​សបញ្ជាក់​ពី​សក្ខីភាព​យ៉ាង​ប្រត្យក្ស​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​យើង​ទាំងពីរ​។​លើសពីនេះទៅទៀត ការផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិ​ប​តិ្ត​ការលើ​គម្រោង​អភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​មាន​ទំហំ​ហិរញ្ញប្បទាន រហូត​ដល់​ប្រមាណ​ជា ២៣​ពាន់​លាន​យ៉េន នឹង ជួយ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​កន្លែង​ប្រមូលផ្តុំ​ទំនិញ​ឆ្លងកាត់​នៅក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ការបង្កើន​សមត្ថភាព គ្រប់គ្រង​ទំនិញ​បាន​ដល់​៩០​ម៉ឺន​កុងតឺន័រ​ប្រភេទ ២០​ហ្វីត (TEUs) ក្នុង​មួយ​ឆ្នាំ​ដែល​មាន​សមត្ថភាព​បន្ថែម​លើស​ពី​ពេលបច្ចុប្បន្ន ២​ដង​។ គម្រោង​នេះ​នឹង​អាច​ឱ្យ​នាវា​ដឹក​ទំនិញ​ខ្នាត​ធំ ដែល​ជា​ចរន្ត​នៃ​ការដឹកជញ្ជូន​ទំនិញ​ក្នុង​សមុទ្រ​អន្តរជាតិ ចូល​មក​លើកដាក់​ទំនិញ​ផ្ទាល់​ដល់​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​នឹង​ចូលរួម​ចំណែក កាត់បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ អន្តរជាតិ នាពេល​អនាគត​។ បន្ថែម​ពី​នេះ ការទិញ​ភាគហ៊ុន​ជា​យុទ្ធសាស្ត្រ​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ពី​សំណាក់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) កាន់តែ​បញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន​មក​លើ​អនាគត​កំពង់ផែ ក៏ដូចជា​អនាគត​កម្ពុជា​ទាំងមូល​។​

​ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន ផ្អែក​តាម​ការកត់ត្រារ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គិត​ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន​ជប៉ុន ចំនួន ១៣៧​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេឡិកត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខា​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។ ក្រៅ​ពី​គម្រោង​វិនិ​-​យោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ ក៏​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង ធំ ទាំង​តូច ចំនួន​ប្រមាណ​១.៧០០​ក្រុមហ៊ុន ដែលមាន​សកម្មភាព ក្នុង​វិស័យ ជាច្រើន​ដូចជា​វិស័យ​ធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម​។

​ចំពោះ​វិស័យ​ធនាគារ បច្ចុប្បន្ន​មាន​ធនាគារ​ដែល​មាន​ភាគហ៊ុន​ជប៉ុន​ចំនួន ៦ កំពុង​មាន​ប្រតិបត្តិការ​នៅ​កម្ពុជា ក្នុងនោះ​ធនាគារ​មី​ហ្ស៊ូ​ហូ​ជា​ធនាគារ​ជប៉ុន​លំដាប់​អន្តរជាតិ​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ ចំណែក​វិស័យ​ទេសចរណ៍ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ ជប៉ុន​ប្រមាណ​ជាង​៦​ម៉ឺន​នាក់ ដែល​តួលេខ​នេះ​មាន​ការកើនឡើង​ប្រមាណ ២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ កំណើន​នៃ​ប្រជាជន​កម្ពុជា​មក​ប្រទេស​ជប៉ុន​ក៏​មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផងដែរ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គឺ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​កំណើន​នៃ​ការផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា​មាន​ការកើនឡើង​ប្រមាណ ៣៤%​។

​រាជរដ្ឋាភិបាល នីតិកាល ទី​៦ នៃ​រដ្ឋសភា និង​កំពុង​អនុវត្ត គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល ជា យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី សំដៅ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។ គោលនយោបាយ​នេះ​បានកំណត់​ប្រភេទ​ឧស្សាហកម្ម​អាទិភាព​ចំនួន​៥​រួមមាន​៖

១) ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មីៗ​ដែល​មាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​

២) សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​

៣) ផលិតកម្ម ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក​

៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម បម្រើ​ឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែល​ជា​ឧស្សាហកម្ម​ត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល​

៥) ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

​កន្លង​ទៅ​ថ្មីៗ​នេះ​សម្តេច​តេជោ បាន​ដឹកនាំ​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​លើក​ទី​១៨ ដែល​វេទិកា​នេះ​ផ្ដល់​ឱកាស​ដល់​ផ្នែក​ឯកជន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​។ វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន ត្រូវបាន​ចាត់ទុក​ថា​ជា​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ហើយ​រាល់​ការសម្រេច​ក្នុង​វេទិកា​នេះ ត្រូវបាន​ចាត់ទុក​ជា​កា​រ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​។ ជា​លទ្ធផល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​មុត​ស្រួច​ថ្មីៗ​មួយចំនួន ដែល ចូលរួម​កាត់បន្ថយ ថ្លៃ​ចំណាយ​ធុរកិច្ច​របស់ អ្នកវិនិយោគ សរុប​ប្រមាណ​ជា ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ សំដៅ​ចូលរួម​ធ្វើ​
​ឱ្យ​កាន់តែ​ប្រសើរឡើង នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​។ វិធានកា​រទាំង នោះ រួមមាន​៖

ក​. ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ចំណាយ​ធុរកិច្ច​

១- ការបញ្ចប់​តួនាទី​អចិន្ត្រៃយ៍​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​រក្សា​ទុក​តែ​ភ្នាក់ងារ​គយ​ប៉ុណ្ណោះ​ក្នុង​ការត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ច្រកទ្វារ​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស និង​ទីកន្លែង​ត្រួតពិនិត្យ ទំនិញ នាំចេញ​-​នាំចូល ផ្សេងទៀត​។​

២- ការលុបចោល​ភ្នាក់ងារ​កម្ពុជា​នាវាចរ ហៅ​កាត់​ថា កាំសាប​។​

៣- ដូច​បាន​កំណត់ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ យើង​បាន​ចាប់ផ្តើម​បញ្ចុះ​តម្លៃ​អគ្គិសនី​ជំហាន​ដំបូង​ចំនួន​២​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នក​ប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ និង​សិក្សា​លទ្ធភាព​បញ្ចុះ​ថ្លៃ​ជា​បន្តបន្ទាប់​ទៀត​។ កន្លងទៅ​នេះ​យើង​ក៏​មាន​ការសោកស្តាយ​ចំពោះ​ការរអាក់រអួល​ក្នុង​ការផ្គត់ផ្គង់​ថាមពល​តាម​បរិមាណ និង​គុណភាព​មិន​គ្រប់គ្រាន់​ដោយ​កត្តា​អាកាសធាតុ​មិន​អំណោយផល ធ្វើឱ្យ​ថាមពល​ដែល​មាន​ប្រភព​ពី​វា​រី​អគ្គិសនី​ផលិត​ក្រោម​កម្រិត​ធម្មតា​។ នៅ​ឆ្នាំ​ខាង​មុខ​យើង​នឹង​បន្ថែម​ការផ្គត់ផ្គង់​ក្នុង​បរិមាណ​ប្រមាណ ៥០០​ម៉េ​ហ្គា​វ៉ាត់ ពី​ប្រភព​នានា​រួមទាំង​ថាមពល​ពន្លឺព្រះអាទិត្យ​។​

៤- ការកាត់បន្ថយ ចំនួន​ថ្ងៃ​ឈប់សម្រាក​បុណ្យ និង​ទិវា​ពី ២៨​ថ្ងៃ មក ២១​ថ្ងៃ ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០​តទៅ​។​

៥- ការបញ្ចុះ​ថ្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ចំណត និង​ការមិន​តម្រូវ​ឱ្យ​ស្កែន​កុងតឺន័​ររបស់​ក្រុមហ៊ុន​ដែល​មាន​អនុលោមភាព​ល្អ (Best trader)​។​

ខ​. ក្រប​ខណ្ឌ​ច្បាប់​ស្ដី​ពី​ការវិនិយោគ​នៅ​កម្ពុជា​

​ការបញ្ចប់​សេចក្ដីព្រាង​ច្បាប់​ថ្មី​ស្ដី​ពី​វិនិយោគ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ឱ្យ​បាន​រួចរាល់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ដែល​ច្បាប់​ថ្មី​ទាំង​ពីរ​នេះ​មាន​គោលបំណង​បង្កើន​ទំនើបកម្ម និង​ផលិតកម្ម​នៃ​ឧស្សាហកម្ម​ក្នុងស្រុក ពង្រឹង​ការតភ្ជាប់​ទៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​និង​សកល មាន​លក្ខណៈ​ប្រកួតប្រជែង និង​គាំទ្រ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​។ ជាពិសេស ច្បាប់​ថ្មី​ស្ដី​ពី​វិនិយោគ​នេះ នឹង​ផ្ដល់​ការលើកទឹកចិត្ត​បន្ថែម​ចំពោះ បណ្ដា​សកម្មភាព​មួយ​ចំនួន​លើស​ពី​ច្បាប់​ចាស់​ដូចជា សកម្មភាព ដែល​គាំទ្រ​ដល់​ការផលិត​ជំនួស​ការ​នាំចូល និង​ការចំណាយ​ទៅលើ​សុខុមាលភាព​របស់​កម្ម​ក​រ និយោជិត ដូច​ដែល​ក្រុមហ៊ុន​ជប៉ុន កន្លងមក​បាន​អនុវត្ត ប៉ុន្តែ​មិន​ទទួលបាន​ការលើកទឹកចិត្ត​។​

​ជាមួយគ្នានេះ កម្ពុជា​-​ជប៉ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការ​នៃ​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា​និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។ សង្ឃឹមថា ប្រទេស​យើង​ទាំង​ពីរ​នឹង​អាច​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ​ឱ្យបាន​ឆាប់រហ័ស​នាពេលខាងមុខ​។ កិច្ចព្រមព្រៀង និង​អនុស្សរណៈ​យោគយល់​គ្នា​ទាំងនេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង និង​ទាក់ទាញ​ការវិនិយោគ ព្រមទាំង​គាំទ្រ​ដល់​សកម្មភាព​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​។ ការវិនិយោគ​របស់​ជ​ប៉ុន​ទាំងអស់​នៅ​កម្ពុជា នេះ​មិន​ត្រឹមតែ​នាំមក​នូវ​ប្រាក់​ចំណេញ​ដល់​អ្នកវិនិយោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូល​រួមចំណែក​ដល់​ការរក្សា​ស្ថិរភាព​យូរអង្វែង​នៅ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​តំបន់​។ ក្នុង​គ្រប់​បរិការណ៍​នៃ​ដំណើរ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ខ្លួន​កម្ពុជា​ពិតជា​ត្រូវការ ការវិនិយោគ​ជប៉ុន​បន្ថែម​កាន់តែ​ច្រើន​ទៀត​លើ​គ្រប់​វិស័យ ពិសេស​ការកែច្នៃ​ម្ហូបអាហារ​ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក អេកូ​ទេសចរណ៍ ឧស្សាហកម្ម​ត​ភ្ជាប់​ខ្សែចង្វាក់ ផលិតកម្ម​ក្នុងស្រុក​និង​តំបន់ និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​សម្រាប់​វិស័យ​ឧស្សាហកម្ម​ជា​ដើម​។

សម្តេច​តេជោ សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជា​ពិសេស​អ្នក​វិនិយោគ​ជប៉ុន​ដែល​បានជ្រើសរើស និង​មានបំណង​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការចាប់ផ្ដើម​ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ហើយ​សម្តេច​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន ប្រកប ដោយ​ភាព​អំណោយផល ជាពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​។ រាជរដ្ឋាភិបាល​កម្ពុជា ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការផ្ដល់​កិច្ច​សម្រប​សម្រួលរាល់​នីតិវិធី​រដ្ឋបាល និង​អមដំណើរ​នៅ​តាម​គ្រប់​ដំ​ណា​ក់កាល នៃប្រតិបត្តិ​ការវិនិយោគ​របស់ លោក​អ្នក​នៅ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

    

spot_img
×