Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្រូវការ​ទឹកស្អាត​នៅ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​កោះ​ដាច់ រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូកា​-​កូ​ឡា បន្ត​ដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី ជូន​ប្រើប្រាស់​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូកា​-​កូ​ឡា បានរួម​គ្នា​បន្ត​ធ្វើការ​ឆ្លើយតប​នឹង​ការ​គ្រោះរាំងស្ងួត​នៅក្នុង​ប្រទេស​កម្ពុជា តាម រយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី ១​គ្រឿង​ទៀត ដែល​មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុន​សែន​កោះដាច់ ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​អាច​ផ្តល់​នូវ​ទឹកស្អាត សម្រាប់​ទទួល ទាន ដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ប្រមាណ​ជាង ១១០០​នាក់ ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​ជុំវិញ​នោះ​ផង​ដែរ​។​

នៅក្នុង​ពិធី​សម្ពោធ មាន​ការចូលរួម​ជា​អធិបតី​ពី​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង លោក រស់ សោភា នាយក​ផ្នែក​ច្បាប់ និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូកា​-​កូ​ឡា​។​

លោក រស់ សោភា បាន​មានប្រសាសន៍ថា​៖ «​ការប្តេជ្ញាចិត្ត​របស់​យើង មិន​បញ្ឈប់​នៅត្រឹមតែ​ការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត​ថ្មី​ក្នុង​ថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​នឹង​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​អង្គការ Planet Water ដើម្បី​អនុវត្ត​កម្មវិធី​អប់រំ​សុខភាព ការប្រើប្រាស់​ទឹក​ស្អាត​ប្រកបដោយ​ប្រសិទ្ធភាព ការថែរក្សា​អនាម័យ​បរិស្ថាន ការអប់រំ​បណ្តុះបណ្តាល​ប្រជា​សហគមន៍​អំពី​ការថែរក្សា​ការពារ​ប៉ម​ចម្រោះ​ទឹក​នេះ រួម​ទាំង​ការ​ធ្វើ​លំហែ​ទាំ​រយៈពេល ៥​ឆ្នាំ​។ អង្គការ Planet Water នឹង​ធ្វើ​ការត្រួតពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ធ្វើ​លំហែ​ទាំ​ប្រព័ន្ធ​ចម្រោះ​ទឹក​ជាប្រចាំ ទៅតាម​កាលវិភាគ​កំណត់​”​។ លោក រស់ សោភា បាន​បន្តទៀតថា «​ក្រុម​ហ៊ុន កូកា​-​កូ​ឡា មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ក្នុង​ការបង្កើត​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ដែល​បាន​កំពុងតែ​នាំយក​ទឹកស្អាត​មកកាន់​សាលារៀន និង​សហគមន៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​»​។​

​លោក​នួន ផា​រ័ត្ន អភិបាលរង បានបញ្ជាក់​ថា​៖ ការសម្រេច​បំពាក់​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត​នេះ​ឡើង គឺជា​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​ដែនដី ដើម្បី​លើកកម្ពស់​សុខភាព​សិស្សានុសិស្ស តាមរយៈ​មាន​ទឹក​ស្អាត​បរិភោគ​គ្រប់គ្រាន់ ធានា​ឲ្យ​សិស្ស​មាន​សុខភាព​ល្អ​ហើយ​ទៅ​សាលា រៀន​បាន​ទៀងទាត់​។ លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​និង​ពង្រីក​ការផ្តល់​ប្រព័ន្ធ​ទឹក​ស្អាត​នេះ​ទៅ សាលារៀន​ផ្សេងៗ​ទៀត ដើម្បី​ជា​គុណប្រយោជន៍​របស់​សិស្សានុសិស្ស​ធានា​ឲ្យ​ពួកគេ​មាន សុខភាព​ល្អ​បរិបូរណ៍​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ជាតិ​នា​ពេល​ខាង មុខ​។ លោករ​ស់ សោភា តំណាង​ក្រុមហ៊ុន​កូកាកូឡា​បានឲ្យដឹងថា ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត ថ្មី​នេះ​បាន​បន្សុទ្ធ​ទឹក​អោយមាន​ភាព​ស្អាត​១០០​ភាគរយ ហើយ​តាម​ការពិសោធន៍​នៅក្នុង​ឡា​បូ ក៏​បាន​បញ្ជាក់​ពី​ភាព​ស្អាត​និង​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា ក្រោម​កិច្ចសហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​កម្មវិធី​លើកកម្ពស់​សុខភាព ការប្រើប្រាស់​ទឹក​ស្អាត និង​ការថែរក្សា​អនាម័យ​បរិស្ថាន​នៅ​តា​សាលារៀន​នានា​មួយ ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​លើកកម្ពស់ សុខុមាលភាព​សាធារណៈ​ពិសេស​សិស្សានុសិស្ស​។​

សូមបញ្ជាក់​ថា​៖ នេះ​គឺជា​ប៉ម​ចម្រោះ​ទឹកស្អាត​ទី​៤ ដែល​បាន​តម្លើង​ដោយ​ក្រុមហ៊ុន កូកា​-​កូ​ឡា ជាមួយនឹង​ស្ថាប័ន ដៃគូ​នៅក្នុង​ឆ្នាំ​២០១៩​នេះ បន្ថែម​លើ​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៨​ផ្សេងទៀត ដែល​ក្រុមហ៊ុន​បាន​តម្លើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ Planet Water ដែល​មាន​ការ​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត នៅតាម​បណ្ដា​សហគមន៍​នានា​នៃ​ប្រទេស​កម្ពុជា ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះ​ទឹកស្អាត​សម្រាប់​ទទួល​ទាន​។​

​ក្រុមហ៊ុន​កូកា​-​កូឡា​បានឱ្យដឹងថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៣​ទៀត នឹង​ត្រូវ​តម្លើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ២០១៩​នេះ ហើយ​ប៉ម​ចម្រោះ​ទឹកស្អាត​ជាច្រើន​ទៀត នឹង​មាន​វត្តមាន​នៅក្នុង​ឆ្នាំ​បន្ទាប់ៗ​ទៀត​។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូកា​-​កូ​ឡា បានឱ្យដឹង​ទៀត​ថា ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ១៨ ដែល​ក្រុមហ៊ុន​បាន​តម្លើង​នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ បាន​ផ្តល់​ទឹកស្អាត​ចំនួន ៤៤,៩៩០,២៨៦​លីត្រ សម្រាប់​ប្រជា​សហគមន៍​ប្រមាណ​ជាង ៤០,០០០​នាក់​។ តួលេខ​នេះ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​១,៥ ដង​ក្នុង​ឆ្នាំនេះ តាមរយៈ​ការដំឡើង​ប៉ម​ចម្រោះ​ទឹកស្អាត​ចំនួន ៣​បន្ថែមទៀត​ក្នុង​ឆ្នាំ ២០១៩​នេះ​៕​ ដោយ​៖​កូ​ឡាប

  

spot_img
×