Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​វៀតណាម​ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​ឲ្យសម្រេចបាន ​៥​ ពាន់​លាន​ដុល្លារ ​ដូច​ការគ្រោងទុក​

spot_img

​វៀតណាម ​៖ ​លោក ង្វៀន ស៊ុន​ហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ស្នើសុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ឲ្យបាន​ដល់​ ៥ ​ពាន់​លាន​ដុល្លារ​​ដូច​ជា​គ្រោងទុក​របស់​រដ្ឋាភិបាល ប្រទេស​ទាំងពីរ​ថា​នឹង​សម្រេច​ឲ្យបាន​នៅ​ឆ្នាំ​២០២០​នោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​បែប​នេះ នៅក្នុង​ឱកាស​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋ​សភា​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម​នៅ​វិមាន​រដ្ឋាភិបាល នា​ទីក្រុង​ហាណូយ នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩។ លោក ង្វៀន ស៊ុន​ហ្វុក ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា​នៅក្នុង​ប្រទេស​វៀតណាម ជា​ឱកាស​ល្អ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​មាន​ការរីកចម្រើន​ដូចគ្នា​។ ជាមួយគ្នានេះ លោក​សម្តែង​ក្តីរីករាយ ដែល​បាន​ឃើញ​ទំនាក់ទំនង​រវាង​រដ្ឋ​សភា​ប្រទេស​ទាំង​ពីរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ រឹងមាំ​រីកចម្រើន​ឥតឈប់ឈរ​ ។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​វៀតណាម​នាពេល​នេះ​របស់​សម្តេច និង​គណៈប្រតិភូ គឺជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៦ ដែល​ជា​នីតិកាល​ថ្មី កើតចេញពី​ការ​បោះឆ្នោត​សកល កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​។ ដំណើរ​ទស្សនកិច្ច​តាម​ការអញ្ជើញ​របស់ លោកស្រី ង្វៀន ធី​គីម​ងិន ប្រធាន​រដ្ឋ​សភា​វៀតណាម ទទួលបាន​ផ្លែផ្កា​ជាច្រើន ក្នុង​ការរួមចំណែក​បន្ត​រឹតបន្តឹង​ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ជាពិសេស សំដៅ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​សម្តេច​បាន​ជម្រាប​លោក​នាយករដ្ឋមន្ត្រី​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋសភា​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បន្ត​ពង្រឹងពង្រីក លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ការលើកកម្ពស់​យេនឌ័រ និង​សភា​វ័យក្មេង ព្រមទាំង​កម្រិត​បច្ចេក​ទេស​នៃ​អគ្គលេខាធិការដ្ឋាន​ទាំងពីរ​។ រដ្ឋសភា​ទាំង​ពីរ ជានិច្ច​ជា​កាល​តែង​បាន​សហការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ​។​

​សម្តេច​ប្រធានរដ្ឋសភា និង​លោក​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​ការងារ​បោះបង្គោល​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ សម្រេច​ប្រមាណ ៨៤% ដើម្បី​ប្រែក្លាយ​ជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដើម្បី​ទុក​ជា​មរតក​ដល់​អ្នកជំនាន់ក្រោយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩​។ នៅ​រសៀល​ថ្ងៃ​ទី​២៩​ឧសភា​នេះ សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​បាន​ជួប​សវនាការ​ជាមួយ លោក ជិន ថាញ់​មិន (TRAN THANH MAN) ប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀតណា​ម​ផងដែរ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​រវាង​អង្គការ​មហាជន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​ឲ្យមាន​ការរីកចម្រើន និង​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​។ នៅក្នុង​ជំនួប​សវនាកា​រ​នេះ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​គម្រោង​រៀបចំ​សន្និបាត​រណសិរ្ស​ប្រទេស​កម្ពុជា វៀតណាម ឡាវ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ ផងដែរ​៕​ ដោយ​៖​កូឡាប​

 

spot_img
×