Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី ដាក់​វិធានការ​ក្តៅ បង្ក្រាប​បទល្មើស និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​ទូទាំង​១៤​ខណ្ឌ​

spot_img

ភ្នំពេញ ​៖​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​លោក​ ឃួង ​ស្រេង​ បាន​ដាក់ចេញ​ជា​វិធានការ​ក្តៅ​ក្នុង​ការបង្ក្រាប​បទល្មើស​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​១៤​ខណ្ឌ ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​រស់នៅ​ដោយ​ភាពកក់ក្តៅ​និង​សុខសាន្ត​ក្នុងការ​រស់​ខណៈ​ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ពេញ​បរិបូណ៌​។​

​ការដាក់ចេញ​នូវ​យុទ្ធនាការ​បែបនេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ឆ្នាំ​២០១៩​ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល និង​ប៉េអឹម អាជ្ញាធរ​ដែនដី​ទាំង​១៤​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

លោក​ឃួង ​ស្រេង​ បាន​មានប្រសាសន៍ថា​ ការ​បង្កើតឲ្យមាន​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដាក់ចេញ​ជា​ផែនការ​និង​វិធានការ​ផ្សេង​ទៀត​ក្នុង​ការទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដើម្បី​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឃួង​ស្រេងក៏​បានលើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​រថយន្ត​ធំៗ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ការដោះ ស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ ​ខណៈដែល​រាជធានី​មួយ​នេះ​តែង​ទទួលរង​នូវ​ការកកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ​។​មាន​វិធានការ​ទៅលើ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរ​ដោយ​បើក​គេចវេះ​ពី​ការទទួលខុសត្រូវ​មុខ​ច្បាប់​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​។​ការ​ពិនិត្យ​ទៅលើ​ការកកស្ទះ​ចរាច​រណ៍​ដើម្បី​រក​វិធានការ​ដោះស្រាយ​ធ្វើយ៉ាងណា​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍​​នៅ​តំបន់​ស្មុគស្មាញ​មួយ​ចំនួន​។​

ពាក់ព័ន្ធ​នឹង​ល្មើស​ល្បែងស៊ីសង​នៅក្នុង​រាជធានី​ភ្នំពេញ​លោក ​ឃួង​ ស្រេង ​បាន​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​ លោក​បញ្ជាក់ថា​នៅក្នុង​រាជធានី​ភ្នំពេញ​កើតឡើង​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​នេះ​ជា​បញ្ហា​មួយ​ក្តៅគគុក ដូច្នេះ​ទេ​លោក​អភិបាល​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ​។ ​ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​វា​ជា​ចំណុច​ដែល​ផ្ដើម​ឲ្យមាន​បទល្មើស​ផ្សេងៗ​ធ្វើឲ្យ​បាត់បង់​ស្ថិរភាព​នៅក្នុង​សង្គម​ដូចជា​អំពើ​ឆក់​ប្លន់​លួច​ជាដើម​។​ ចំពោះ​បញ្ហា​គ្រឿងញៀន​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង​បាន​និង​កំពុង​ធ្វើ​ការដោះស្រាយ​ផងដែរ​។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​ ឃួង ​ស្រេង ​ក៏បានដាក់ចេញ​នូវ​វិធានការ​មួយចំនួ​ន​ទៀតដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើមផ្លូវ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​ការ​មាន​វិធានការ​ទៅលើ​ទូក​នេសាទ ​ដែល​ចត​យ៉ាង​អាណាធិបតេយ្យ​នៅ​តាម​ដង​ទន្លេ​ពិសេស​នៅ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ​ដែល​ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​និង​ប៉ះពាល់​នូវ​សោភ័ណភាព​នៅ​រាជធានី​ភ្នំពេញ​។​ការ​មាន​វិធានការ​ទៅលើ​បែរ​ត្រី​មួយចំនួន​នៅ​តាម​បណ្ដោយ​ដង​ទន្លេសាប​។​ដូច្នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​និង​ដាក់ចេញ​ជា​ផែនការឲ្យ​អាជ្ញាធរខ​ណ្ឌ​ដែល​មាន​ដែនដី​របស់​ខ្លួន​នៅ​តាម​បណ្ដោយ​ដង​ទន្លេសាប​នេះ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទន្លេ​របស់​យើង​មាន​សោភ័ណភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​៕​ ដោយ​៖​កូឡាប

spot_img
×