Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ប្រហារជីវិត​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ ក្រោយ​កិច្ចប្រជុំ​កំពូល​ជាមួយ​អា​មេ​រិច​បរាជ័យ​

spot_img

​ប្រទេស​កូរ៉េ​ខាងជើង ​បាន​ធ្វើការ​ប្រហារជីវិត​បេសកជន​ពិសេស​របស់​ខ្លួន​គឺ​លោក Kim Hyok Chol និង​មន្ត្រី​ក្រសួងការបរទេស​ជាច្រើន​នាក់​ទៀត ដែល​ទទួលខុសត្រូវ​លើ​កិច្ចចរចារ​ដើម្បី​បើកផ្លូវ​អោយ​មាន​កិច្ចប្រជុំ​កំពូល​លើក​ទី ២​កាលពី​ខែ​កុម្ភៈ​កន្លងទៅនេះ ដោយ​ដាក់​កំហុស​លើ​ពួកគេ​ថា​បាន​ធ្វើឲ្យ​កិច្ចប្រជុំ​កំពូល​នោះ​បរា​ជ័យ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​កាសែត​កូរ៉េខាងត្បូ​ង Chosun Ilbo នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ចំណែក​លោក Kim Yong Chol មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង ដែល​បាន​ចរចារ​លើកចុងក្រោយ​ជាមួយនឹង រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo មុន​ឈានដល់​កិច្ចប្រជុំ​កំពូល​រវាង​ដូណាល់ ត្រាំ និង គីម ជុង​អ៊ុន ត្រូវបាន​គេ​និយាយ​ថា​ទទួលរង​ការពិន័យ និង​ឲ្យទទួល​យក​ការអប់រំ​មនោគមវិជ្ជា​។​

​កាសែត​កូរ៉េខាងត្បូង​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​កូរ៉េខាងជើង​ថា “​លោក Kim Hyok Chol ត្រូវបាន​គេ​ស៊ើបអង្កេត និង​ប្រហារជីវិត​នៅ​ព្រលានយន្តហោះ Mirim ជាមួយនឹង​មន្ត្រី​ក្រសួងការបរទេស​ចំនួន ៤​នាក់​ផ្សេង​ទៀត កាលពី​ខែ​មិនា​”​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ើបការណ៍​អោយ​អា​មេ​រិច​។​

​ចំណែក​លោក Kim Yong Chol ត្រូវបាន​គេ​ដាក់ពិន័យ​ដោយ​បង្ខំ​អោយ​ធ្វើការ​នៅក្នុង​ខេត្ត Japang ក្រោយ​រូបលោក​ត្រូវបាន​ដក​ពី​ដំណែង ខណៈ​ដែល​លោក Kim Song Hye ដែល​បាន​ធ្វើ​កិច្ចការ​ផ្នែក​ចរចារ​ជាមួយនឹង​លោក Kim Hyok Chol ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​ជំរុំ​គុក​នយោបាយ​។​

​កាសែត​កូរ៉េខាងត្បូង​បញ្ជាក់ទៀតថា មន្ត្រី​ម្នាក់​ទៀត​ឈ្មោះ Shin Hye Yong ដែល​អ្នកបកប្រែ​អោយ​មេដឹកនាំ​កូរ៉េ​ខាង​គីម ជុង​អ៊ុន​នៅក្នុង​កិច្ចប្រជុំ​កំពូល នៅ​វៀតណាម ក៏​ត្រូវបាន​គេ​បញ្ជាក់ថា​ត្រូវ​បាន​ឃុំខ្លួន​នៅ​ជំរុំ​គុក​នយោបាយ ដោយសារ​តែ​បកប្រែ​មាន​កំហុស​។

​សូម​រម្លឹក​ផងដែរ​ថា កិច្ចប្រជុំ​កំពូល​លើក​ទី ២​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់។ ក្នុង​កិច្ចប្រជុំ កូរ៉េខាងជើង​ចង់អោយ​អា​មេ​រិច​ដក​ទណ្ឌកម្ម​ខ្លះ​លើ​ខ្លួន ប៉ុន្តែ​ខាង​អា​មេ​រិច​បដិសេធ ដោយ​អោយ​ខាង​កូរ៉េ​ខាងជើង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​សិន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ ៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×