Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ​ពិនិត្យ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញនំ​ប្រភេទកូនក្មេងក្លែងបន្លំ​ម៉ាក ក្រុង​សៀមរាប ហើយ​ចាប់ខ្លួន​ម្ចាស់​ទីតាំង ដោយ​ចោទប្រកាន់​ពី​បទ​ក្លែងបន្លំ​

spot_img

សៀមរាប ​៖ ដោយមាន​ពាក្យបណ្តឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ដើម ដែល​ផលិត​នំ​កូនក្មេង ផ្តាច់មុខ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ត្រូវ​ចុះ​បញ្ជី​ការត្រឹមត្រូវ ទើប​កម្លាំង​ចម្រុះ បាន​ចុះ​ឆែកឆេរ រក​ទំនិញ ដែល​ជា​ប្រភេទ​នំ​កូនក្មេង បាន​លួច​ផលិត​ក្លែងបន្លំ​ម៉ាក​យកមក ធ្វើ​ចរាចរ​នៅ​ខេត្តសៀមរាប​។

​នៅវេលា​ម៉ោង​១១ និង ១៥​នាទី នា​ថ្ងៃ​ទី​៣០ ខែ ឧសភា ឆ្នាំ ២០១៩ កម្លាំង​គណៈកម្មការ​ចម្រុះ មាន​នគរបាល​សេដ្ឋកិច្ច មកពី​ក្រសួង ,​មន្ត្រី​ទីចាត់ការ​អន្តរ​វិស័យ រដ្ឋបាល​សាលាខេត្ត​សៀមរាប កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត , មន្ត្រី​កម្ម​កុងត្រូល , មន្ត្រី​រ៉ែ និង ថាមពល រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រាវ ដឹកនាំ​សម្របសម្រួល ដោយ​លោក ថេង សំណាង ព្រះ​រាជ្ញ​អាជ្ញារង អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​អនុវត្ត ការត្រួតពិនិត្យ​ឃ្លាំង​ស្តុប​ទំនិញ​មួយកន្លែង ស្ថិតនៅ​ក្នុង​បុរី សៀង ណាំ ផ្ទះ​លេខ​១១៤ ផ្លូវ​លេខ​១២ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ ផុក ឆៃ ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ និង ប្រពន្ធ​ឈ្មោះ អ៊ឹង ជូ អាយុ ៣៨​ឆ្នាំ​។

​ក្នុង​សកម្មភាព​ប្រតិបត្តិការ​ចុះ​ឆែកឆេរ នៅក្នុង​ទីតាំង ឃ្លាំង​ស្តុប​ទំនិញ របស់​កម្លាំង​សមត្ថកិច្ច​នា​ឱកាស​នោះ បាន​រកឃើញ​នូវ​មុខទំនិញ នំ​កូនក្មេង​ក្លែងបន្លំ​ម៉ាក រួម​ទាំង​សម្បក​វេចខ្ចប់ ដែល​មាន​បោះ​ស្លាក​យីហោ​រួច ព្រមទាំង​ម៉ាស៊ីន​អ៊ុត និង វាយ​កាលបរិច្ឆេទ​ទៀតផង​។ ក្នុងនោះដែរ​កម្លាំង​សមត្ថកិច្ច ក៏​បាន​រកឃើញ​នូវ​មុខទំនិញ​ធ្វើ​នំ ពាក់កណ្តាល​នៃ​ការផលិត​ផងដែរ​។ ក្នុងនោះ​រកឃើញ ទី​១.​នំ​Stick Biscuit កញ្ចប់​ពណ៌​ក្រហម លឿង ចំនួន ៤​ពាន់​៤៨០​កញ្ចប់ ,​ទី​២.​សំបក​វេច​ខ្ចប់ Good Taste (​លឿង ខៀវ​) ចំនួន​០៨​គីឡូក្រាម ,​ទី​៣​សំបក​វេច​ខ្ចប់ Good Taste (​លឿង បៃតង​) ចំនួន​១៨​គីឡូក្រាម ,​ទី​៤.​នំ​សរសៃ​មឹក (​មិនទាន់​វេច​ខ្ចប់​) ១១​គីឡូក្រាម ,​ទី​៥. មី​សេះ​ក្រហម ៤៨​កេស ស្មើ​២​ពាន់​៤០០​កញ្ចប់​គ្មាន​ការ​បរិច្ឆេទ ,​ទី​៦.​នំ​ពាក់កណ្តាល​ការផលិត ស្មើ ៥៧៨​គីឡូក្រាម ,​ទី​៧ សម្បក​វេច​ខ្ចប់ Showka ពណ៌​លឿង ១៤​គីឡូក្រាម និង ទី​៨ នំកង​បំពង់​មឹក​រួច ដែល​មិន​ទាន់​វេច​ខ្ចប់ ចំនួន ២៣​ការុង​ធំ ។

​ក្រោយ​ពី​កិច្ច​ប្រតិ​ប​ត្ត​ការចុះ​ឆែកឆេរ និង រកឃើញ​វត្ថុតាង​រួចមក កម្លាំង​ជំនាញ​ក៏​បាន​ចោទ​ពី​បទល្មើស កម្មសិទ្ធិបញ្ញា ដែល​ក្រុមហ៊ុន បាន​ចុះបញ្ជី​ការត្រឹមត្រូវ ហើយ​ត្រូវបាន​នាំ​ខ្លួន​ឈ្មោះ ផុក ឆៃ ជា​ម្ចាស់​ទីតាំង​ឃ្លាំង​ស្តុប​ទំនិញ​នោះ យក​ទៅ​សួរនាំ​នៅ​ស្នងការ​នគរបាល​ខេត្ត ព្រម​ទាំង​បិទ​ទីតាំង​ផ្ទះល្វែង​ទាំងពីរ​ខាងលើ​ជា​បណ្តោះអាសន្ន​ផងដែរ ។​

​តាម​ព័ត៌មាន​មិនទាន់​ច្បាស់ការ បានឲ្យដឹងថា បញ្ហា​ផលិតផល​នំ​កូន​ក្មេង​ទាំងនេះ គឺ​បាន​ពាក់ព័ន្ធ​ទៅនឹង​ក្រុមហ៊ុន ក្រៅ​ស្រុក ក្នុងនោះ​វត្ថុធាតុដើម​ពាក់កណ្តាល ផលិត​ដែល​ម្ចាស់​ទីតាំង យក​មក​ផលិត​នោះ បាន​ទិញ​មកពី​ប្រទេស​ជិតខាង និង សម្បក​វេច​ខ្ចប់ ក៏​បាន​ទិញ​មកពី​ប្រទេស​ជិតខាង​យើង ទាំង​ពីរ​ផង​ដែរ ៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×