Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងនាំគណៈប្រតិភូនៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ធ្វើទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកម្ចាត់មីន

spot_img

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មាន ប្រសាសន៍ថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ អមជាមួយនឹងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ដែលនឹងប្រព្រឹត្ត ទៅនៅសណ្ឋាគារសុខា-សៀមរាប ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ  ក្នុងនាមជាម្ចាស់ផ្ទះ យើងមានគម្រោង និង បានត្រៀមរៀបចំអញ្ជើញប្រតិភូនៃកិច្ចប្រជុំនោះ ទៅបំពេញទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដើម្បីបានសិក្សាស្វែងយល់ អំពីអ្វីដែលបានតម្កល់និងបង្កប់ទុកនៅទីនោះ ។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពេលដែលទស្សនកិច្ច នៅសារមន្ទីរសកម្មភាពកម្ចាត់​មីនខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញនូវក្ដីរំពឹងទុកថា  តាមរយៈនៃដំណើរទស្សនកិច្ចរបស់ប្រតិភូចូលរួមនៃអង្គសន្និសីទកំពូលសារព័ត៌មានអាស៊ីនោះ  គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជាដែលជាម្ចាស់ផ្ទះនៃអង្គសន្និសីទ ក្នុងការបញ្ជូនព័ត៌មានផ្សេងៗ ទៅកាន់តំបន់អាស៊ីទាំងមូល និងពិភពលោក  ដែលទាំងនេះ គឺជាលទ្ធផលនៃការសិក្សាស្វែងយល់ ចេញពីការបើកបង្ហាញរបស់សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន អំពីប្រវត្តិសាស្រ្តសង្គ្រាម និង ភស្តុតាងនៃការតាមឆក់យកជីវិតប្រជាជនកម្ពុជា ការផ្តល់ភាពពិការឲ្យប្រជាជនកម្ពុជា ដោយកាកសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្រ្គាម  ហើយតាមរយៈសារមន្ទីរមួយនេះ ក៏បានបង្ហាញឲ្យឃើញផងដែរ អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយអនុវត្តសកម្មភាពបោសសម្អាតកាក សំណល់សង្គ្រាម ប្រែក្លាយផ្ទៃដីចំការមីន និងគ្រាប់មិនទាន់ផ្ទុះ ទៅជាផ្ទៃដីបង្កបង្កើនផល សម្រាប់ប្រជាជនកម្ពុជា ។

បើតាមប្រសាសន៍របស់លោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាពីអតីតកាល មានដូចជា ៖  ប្រវត្តិសាស្រ្តសង្គ្រាម យុទ្ធសាស្រ្តនិងកលយុគសង្គ្រាម ប្រវត្តិនៃសកម្មភាពបោសសម្អាតគ្រាប់មីន និង គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ដែលបានទម្លាក់មកលើដីកម្ពុជានិងកប់ក្រោមដីក្នុងសម័យសង្គ្រាម អស់រយៈ កាលអស់ជិត៤ទសវត្សរ៍ ព្រមទាំងប្រវត្តិនៃការកសាងសន្តិភាព ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ក្រោយពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ ។

លោក ហេង រតនា មានប្រសាសន៍ទៀតថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ ត្រូវបានបង្កើតឡើងប្រមាណជាង២ឆ្នាំកន្លងមកនេះ ហើយក៏ជាសារមន្ទីរប្រវត្តិសាស្រ្តដំបូងនិងធំជាងគេបង្អស់ក្នុងវិស័យ​បោស​សម្អាតមីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមការគ្រប់គ្រងដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ( Cambodia Nine Action Center )  ដែលហៅកាត់ថា ស៊ីម៉ាក់ ( CMAC ) ដែលជាស្ថាប័នរបស់ជាតិ ៕ ដោយ៖កូឡាប

spot_img
×