ខេត្តតាកែវ ៖ ជនរងគ្រោះជាម្ចាស់ម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកជាមួយរថយន្តដឹកដីមួយគ្រឿង ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១និង១៥នាទី ស្ថិតនៅលើផ្លូវខេត្តលេខ១២២ ចន្លោះគីឡូម៉ែត្រលេខ៩-១០ ចំណុចភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
ប៉ូលីសអធិការដ្ឋាននគរបាលស្រុកបាទីបានប្រាប់ថា ៖ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យ៉ែត យុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បានបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១០ ពាក់ស្លាកលេខភ្នំពេញ 1BU 4884 ទៅបុកជាមួយនិងរថយន្តដឹកដីមិនស្គាល់អត្តសញ្ញាណដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅបញ្ច្រាស់គ្នាមួយគ្រឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តងទៅ ចំណែករថយន្តដឹកដីបានបើករត់គេចបាត់ស្រមោលក្រោយកើតហេតុ។
ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីបានចុះធ្វើការវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកភាគីរថយន្តដឹកដីសមត្ថកិច្ចនិងបន្តការស្រាវជ្រាវបន្ថែមទៀត ដើម្បីនាំយកមកឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕តាកែវ