កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើងជនជាតិបរទេសម្នាក់ បើករថយន្តបុកម៉ូតូ បណ្តាលបុរសម្នាក់រងរបួស នៅលើផ្លូវលំក្នុងភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១៤និង០៥នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរនេះ មានម៉ាកលុច្សស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ 2V.9049 បើកបរដោយឈ្មោះ BAEK JEONGWOON ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ កូរ៉េខាងត្បូង មុខងារជាប្រធានមណ្ឌល ព្រះវិហារយេស៊ូ មានទីតាំងនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរមកពីទិសខាងជើងទៅត្បូង លុះដល់ចំណុចក្នុងភូមិ បានបុកម៉ូតូ ០១គ្រឿង ម៉ាកហុងដា C១២៥ សេរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP.1904 បើកបរដោយឈ្មោះ វ៉ិប ថាញ់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់។
បច្ចុប្បន្នជនបរទេសនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីនៃច្បាប់៕ ដោយ៖កូឡាប