Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​ការិនី​កម្ពុជា​១៤​នាក់ ទៅ​បម្រើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ហុងកុង តាម​កិច្ចព្រមព្រៀង​អនុស្សរណៈ​

spot_img

​ភ្នំពេញ​៖​ កម្ពុជា​បាន​បញ្ជូន​ពល​ការិនី​ចំនួន ១៤​នាក់ ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។ ពល​ការិនី​ទាំង​១៤​នាក់ ត្រូវ​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ជាមួយ​ការ​អមដំណើរ​ពី​មន្ត្រីរាជការ នៃ​ក្រសួង​ការងារ​។​

​បើ​តាម​លោក ងុ​យ រិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា ការបញ្ជូន​ពល​ការិនី​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ស្ថិត​ក្នុង​ជំហាន​ដំបូង បន្ទាប់​ពី​ចុះ​អនុស្សរណៈ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ឲ្យបាន​១​ពាន់​នាក់ នៅ​ឆ្នាំ​២០១៨ កាលពីពេល​កន្លង​ទៅ​រួច​មក ភាគី​។

​លោក ងុ​យ រិទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្តថា មុន​ការចេញដំណើរ​នេះ ពល​ការិនី​កម្ពុជា​ទាំងអស់ បានទទួល​ការបណ្ដុះបណ្ដាល​ពី​ជំនាញ​ការងារ ផ្នែក​ជំនួយការ​មេផ្ទះ ភាសា និង​របៀបរបប​មួយចំនួន រយៈពេល​៣​ខែ ដើម្បី​តម្រង់​ទិស​បណ្ដើរៗ​ពី​ជីវភាព​រស់នៅ នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នោះ​។ អាណត្តិ​ការងារ​ជំនួយការ​មេផ្ទះ​នៅ​ហុងកុង មាន​រយៈពេល​២​ឆ្នាំ ប៉ុន្តែ​ដល់​ពេល​បញ្ចប់​អាណត្តិ​ការងារ បើសិន​មាន​ការព្រមព្រៀង​ពី​និយោជក​ទៀត ពល​ការិនី​អាច​បន្ត​អាណត្តិ​ការងារ​ទៀត​បាន​។ ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ទទួល​បាន​ចាប់​ពី ៥៧០​ដុល្លារ​ឡើង​ទៅ រួម​ទាំង​អត្ថប្រយោជន៍​មួយចំនួនទៀត ដូចជា លក្ខខណ្ឌ​ការងារ និង​ការធានារ៉ាប់រង​ផ្សេងៗ​ល្អប្រសើរ ទាំង​ផ្នែក​សុខភាព ការ​ឈប់សម្រាក និង​ការការពារ​សិទ្ធិ​ប្រយោជន៍ ពោល​ដូច​ទៅ​នឹង​កម្មករ​-​កម្មការិនី​ហុងកុង និង​ពលករ​-​ពល​ការិនី​ជនជាតិ​ដទៃ​ផងដែរ​។ កម្ពុជា​បញ្ជូន​ពល​ការិនី​ជា​បន្តបន្ទាប់​ទៀត ដោយ​អាស្រ័យ​លើ​ការជ្រើសរើស​ការបណ្ដុះបណ្ដាល និង​តម្រូវការ​ជាក់ស្ដែង​របស់​និយោជ​កនៅ​ហុងកុង​។ បើ​តាម​ការគ្រោងទុក​នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ហុងកុង បញ្ជូន​ពល​ការិនី​កម្ពុជា​ទៅ​ហុងកុង ឲ្យបាន​១​ពាន់​នាក់​តាម​តម្រូវការ​ទីផ្សារ​ការងារ​នៅ​ហុងកុង​មាន​ច្រើន​ជាង​នេះ ប៉ុន្តែ​កម្ពុជា​មិន​អាច​ផ្ដល់​កម្លាំង​ពលកម្ម​ទៅបាន​ច្រើន​ជាង​នេះ​ទេ ព្រោះ​ត្រូវការ​ចំណាយ​ពេលវេលា ក្នុង​ការជ្រើសរើស បណ្ដុះបណ្ដាល​ទៅតាម​ស្ដង់ដារ និង​ការងារ​ពាក់ព័ន្ធ​នានា​។​

​សូមជម្រាបថា លោក Law Chi Kwong រដ្ឋលេខាធិការ​នៃ​ការិយាល័យ​ទទួលបន្ទុក​វិស័យ​ការងារ និង​សុខុមាលភាព​ហុងកុង ធ្លាប់​បាន​បញ្ជាក់ថា នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ពល​ការិនី​កម្ពុជា​នឹង​ទទួលបាន​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ដូច​ទៅ​នឹង​ពលករ​ជនជាតិ​ហុងកុង​ដែរ ដូចជា ការ​ឈប់សម្រាក​មួយថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ឈប់សម្រាក​ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ៧​ថ្ងៃ​ទៅ​១៤​ថ្ងៃ ក្នុង​មួយ​ឆ្នាំ ការ​គាំពារ​ពេល​មាន​ផ្ទៃពោះ (​ការឈប់​សម្រាកលំហែ​មាតុ​ភាព​) ចំនួន​១០​សប្ដាហ៍ ការធានារ​រ៉ាប់រង​ពេល​មាន​ជំងឺ និង​បន្ថែម​ប្រាក់​លើកទឹកចិត្ត​សម្រាប់​ពលករ​ដែល​បម្រើ​ការងារ​យូរ​ឆ្នាំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×