Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្តបាត់ដំបង យកចិត្តទុកដាក់​ជួយ​សម្រួល​ធុរកិច្ច​សហគ្រាស​ធុន​តូច និង​តូច​បំផុត​

spot_img

(​បាត់ដំបង​) ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​កាំកុងត្រូល នៅក្នុង​ខេត្តបាត់ដំបង យកចិត្តទុកដាក់​ជួយ​សម្រួល​ធុរកិច្ច​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​កំណើន​សេដ្ឋកិច្ចជាតិ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​លើកសំណើ​នេះ​ឡើង នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដែល​រៀបចំឡើង​នៅក្នុង​សាលប្រជុំ​របស់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​របស់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម និង​ចែករំលែក​ព័ត៌មាន​អំពី​សភាពការណ៍​វិវឌ្ឍន៍​ថ្មីៗ ទាក់ទង​វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ពន្យល់​អំពី​ច្បាប់​វិនិយោគ​កម្ពុជា ជាមួយ​តួនាទី និង​ភារកិច្ច​ស្នូល​របស់​មន្ទីរ​ពាណិជ្ជ​កម្ម នៅតាម​បណ្តា​រាជធានី​ខេត្ត ក្នុងការ​ចូលរួម​ពង្រឹង​វិស័យ​សហគ្រាស​ធុន​តូច និង​តូច​បំផុត តាមរយៈ​ការផ្តល់​សេវាសាធារណៈ​, ការពិគ្រោះ​យោបល់​, ការជួយ​សម្របសម្រួល​, ការស្វែងរក​ទីផ្សារ​, និង​ការធ្វើអន្តរាគមន៍​នៅពេល​តម្លៃ​មានការ​ធ្លាក់ចុះ ជាដើម​។

«​នៅក្រោម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) យើង​មិន​អនុញ្ញាតឱ្យ​វិនិយោគិន​បរទេស ចូលមក​ក្រសោប​យក​ការងារ​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត​បានឡើយ ជាពិសេស​មុខរបរ​ទាក់​ទង​សេវាកម្ម​តូចតាច ព្រោះ​វា​អាច​ប៉ះពាល់​ជីវភាព​ប្រជាជន ហើយ​នេះ​គឺជា​កិច្ច​ការដែល​មន្ទីរ​ពាណិជ្ជ​កម្ម ត្រូវ​ពិនិត្យ​មុននឹង​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​អ្នកវិនិយោគ​ទាំងនោះ​» លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​។​

​ទន្ទឹមគ្នា​នោះដែរ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់ អំពី​វិធានការណ៍​ចាំបាច់​មួយចំនួន ដែល​ក្រសួងពាណិជ្ជកម្ម​គ្រោង​អនុវត្តន៍ ដើម្បី​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល និង​ផលិតកម្ម​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត ដូចជា ការបង្កើត​គម្រោង​សាកល្បង ដោយ​ប្រើប្រាស់​ថវិកាជាតិ និង​ថវិកា​ជំនួយ​ប្រទេស​ចិន នៅក្រោម​ក្របខណ្ឌ​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដើម្បី​សាងសង់​សៃ​ឡូ (​ឡស​ម្ងួ​ត​) និង​ទិញ​កសិផល​ពី​ប្រជាកសិករ ទៅតាម​តម្លៃ​ទីផ្សារ​, ការអនុវត្តន៍​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ផលិតផល និង​ត​ភ្ជាប់​ផលិតកម្ម ជាមួយ​ទីផ្សារ​ចាស់ និង​ថ្មី ព្រមទាំង​ការបង្កើត​ក្រុមការងារ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ពាក់ព័ន្ធ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម នៅ​ថ្នាក់ក្រោម​ជាតិ​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៅតាម​មន្ទីរ​ពាណិជ្ជកម្ម​ទាំងអស់ ប្រឹងប្រែង​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ម៉ត់ចត់​បំផុត ដើម្បី​បង្កើន​ផលិតភាព​សម្រាប់​ផលិតផល​នៅក្នុង​ខេត្ត និង​ធ្វើ​ការតភ្ជាប់​ផលិតកម្ម​ទាំងនោះ​ទៅនឹង​ទីផ្សារ សំដៅ​ធានាបាន​នូវ​ស្ថិរភាព​សង្វាក់​ផលិតកម្ម និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ខិតខំ​ប្រឹងប្រែង​សិក្សា​មុខជំនាញ​សំខាន់ៗ​មួយចំនួន​ដូចជា ភាសា​អង់គ្លេស​, កុំព្យូទ័រ​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​នយោបាយ ជាដើម ដើម្បី​ទទួលបាន​ការតែងតាំង​មុខតំណែង​កាន់តែ​ខ្ពស់ ជាមួយ​ឱកាស​ចេញទៅ​បន្ត​ការសិក្សា ឬ​បំពេញការងារ​ជា​អនុព័ន្ធពាណិជ្ជកម្ម នៅតាម​បណ្តា​ស្ថានទូត​នានា​របស់​កម្ពុជា នៅក្រៅ​ប្រទេស​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×