Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជួន ណា​រិន្ទ ​៖ ជនសង្ស័យ​រំលោភ​សម្លាប់​ក្មេងប្រុស​ស្រី​ ២​នាក់ ​នៅ​ខេត្ត​ព្រះសីហនុ ធ្លាប់​ប្រព្រឹត្តិ​បទល្មើស​ចាប់រំលោភ និង​ធ្លាប់​ជាប់ពន្ធនាគារ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញមុខ​ជនសង្ស័យ ក្នុង​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត រស់នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ​។​

​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​កាលពី​រសៀល​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បង្ហាញមុខ​ជនដៃដល់​សម្លាប់​ក្មេងប្រុស​ស្រី​ទាំងពីរ​នាក់ នា​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​រូបលោក​សួរនាំ​ផ្ទាល់ និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​។​

​នៅក្នុង​ស​ន្និសី​ទកាសែត លោក ជួន ណា​រិន្ទ បាន​ដកស្រង់​ចម្លើយសារភាព របស់​ជនដៃដល់​ខាងលើ មក​បញ្ជាក់ថា សកម្មភាព​ល្មើស របស់​ជនសង្ស័យ​ខាងលើនេះ វា​មិនមែនជា​បទល្មើស​លើក​ទី​១​នោះទេ ពោលគឺ​ជនសង្ស័យ​រូបនេះ ធ្លាប់បាន​ប្រព្រឹត្ត​បទល្មើស​បែបនេះ នាពេល​កន្លងទៅ ហើយក៏​ធ្លាប់​ជាប់ពន្ធនាគារ​ថែម​ទៀតផង​។​

​លោកស្នងការ ឲ្យ​ដឹង​បន្តថា នៅក្នុង​អំឡុង​ឆ្នាំ​២០០១-២០០២ ជនល្មើស​រូបនេះ ក៏​ធ្លាប់បាន​ចាប់រំលោភ​គេ នៅ​ស្រុកកំណើតរបស់ខ្លួន​ដែរ ប៉ុន្ដែ​មិនបាន​សម្រេច ហើយ​ក្រោយមក ក៏បាន​រត់គេចខ្លួន​ចេញពី​ស្រុកកំណើត ទៅធ្វើ​ការងារ​ជា​កម្មករសំណង់ នៅ​ម្តុំ​ព្រែកលាប រាជធានី​ភ្នំពេញ​។ បន្តបន្ទាប់​ក្រោយមក​ជននេះ ក៏បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើងរបស់គេ រហូត​ឈានដល់​ម្ចាស់​ប្តឹង​ចាប់​ដាក់ពន្ធនាគារ​។​

​លោក ជួន ណា​រិន្ទ បន្តថា ៖ ក្រោយមកទៀត ពេល​ជននេះ រួច​ទោស​ចេញពី​ពន្ធនាគារ ជនល្មើស​រូបនេះ ក៏បាន​ចេញទៅ​ខេត្តពោធិ៍សាត់ ហើយក៏​បាន​ជួប​ប្រពន្ធ​រាល់ថ្ងៃនេះ ដែលជា​ស្ដ្រី​មេម៉ាយ​មានកូន​៥​នាក់​។ បន្ត​បន្ទាប់មក ពួកគេ​ទាំងពីរ​នាក់ ក៏បាន​ចេញដំណើរ​មក​ធ្វើ​សំណង់ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុននឹង​បន្ដធ្វើ​ដំណើរ​ទៅ​រស់នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពីដើមឆ្នាំ​២០១៨​។​

​លោក ជួន ណា​រិន្ទ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ពេល​ទៅ​រស់នៅ​ធ្វើការ​ងារ​នៅ​ក្រុង​បាវិត ជន​ម្នាក់នេះ ក៏បាន​ចាប់រំលោភ​យុវតី​ម្នាក់ អាយុ​ខ្ទង់​ចន្លោះ​ពី ១៤-១៥​ឆ្នាំ មួយ​ករណី​ទៀត រួច​ក៏​រត់គេចខ្លួន​ជាមួយ​ប្រពន្ធ ទៅធ្វើ​ការងារ​ជា​កម្មករសំណង់ នៅ​កន្លែងកើតហេតុ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ងាក​មក​បទល្មើស​ចុងក្រោយ​នេះ លោក ជួន ណា​រិន្ទ បន្តថា មុនពេល​កើតហេតុ​ជនដៃដល់​ខាងលើនេះ បាន​អង្គុយ​ផឹក​ស្រាស នៅផ្ទះ​របស់ខ្លួន​អស់​កន្លះ​លីត្រ រួច​ក៏​ប្រើ​ឲ្យ​ប្រពន្ធ​របស់ខ្លួន ជា​ស្ដ្រី​មេម៉ាយ​កូន ៥​នាក់ ទៅ​ទិញ​ពង​ទា​កូន សម្រាប់​ក្លែម​​ស្រាស​។ ហើយ​ថា ដោយសារតែ​ប្រពន្ធរបស់ខ្លួន ទៅ​ទិញ​ពង​ទា​កូន អូសបន្លាយ​ពេល​យូរពេក ជនសង្ស័យ​រូបនេះ ក៏បាន​បន្ដ​ផឹក​ស្រាស រហូត​អស់​មួយ​លីត្រ​កន្លះ រួច​ក៏​ដើរ​ទៅតាម​ប្រពន្ធ​តាម​ក្រោយ​។ នាឱកាស​នោះ ជនល្មើស​រូបនេះ ក៏​បានឃើញ​ក្មេងស្រី​រងគ្រោះ កំពុង​នៅក្នុង​ផ្ទះ ជាប់​ផ្លូវ​ធ្វើដំណើរ របស់ខ្លួន ហើយ​ស្ងាត់​មិនឃើញ​ឪពុកម្តាយ​នៅ​ជាមួយ ក៏បាន​ចូលទៅ​ចាប់រំលោភ​ទាំង​កម្រោល ហើយក៏​បាន​ប្រើ​ហិង្សា​វាយ​សម្លាប់​បំបិទមាត់​។ ភ្លាមៗ​នោះ កុមា​រាជា​ប្អូន បានឃើញ​ដូច្នេះ ក៏​ស្រែ​ច​យំ ទើប​ជនសង្ស័យ បាន​ទះកំផ្លៀង ៥-៦​ដៃ ហើយ​ទាត់​ផ្ទប់​ជញ្ជាំង​ស្លាប់​មួយ​រំពេច​។ ហើយ​ក្រោយមក ជនល្មើស​រូបនេះ ក៏បាន​នាំ​ប្រពន្ធ​គេចខ្លួន​ទៅកាន់​ស្រុកកំណើត នៅឯ​ស្រុក​មេសាង ខេត្តព្រៃវែង ជាទី​កន្លែង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​សូ​ម​បញ្ជាក់ថា ជនដៃដល់​រំលោភ​សម្លាប់​ខាងលើនេះ​មានឈ្មោះ មាង វិចិត្រ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែលជា​ម្ចាស់​ករណី កាលពី​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​សាកសួរ និង​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ផ្ដន្ទាទោស​តាមច្បាប់​។​

​ជនល្មើស​រូបនេះ ត្រូវបាន​កម្លាំង​នគរបាល ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ស្រុក​មេសាង ខេត្តព្រៃវែង​។​

​សមត្ថកិច្ច​បញ្ជាក់ថា អំពើ​ឃាតកម្ម​ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​។ ចំណែក​កុមារា​រងគ្រោះ​មានឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំកន្លះ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័​ក្ខ មាន​អាយុ​ជិត​១០​ឆ្នាំ​៕ ដែន សីមា​

spot_img
×