Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងភៅកម្ពុជាដណ្តើមបានជ័យលាភី ពានមាស ១ និងមេដាយគ្រប់កម្រិតចំនួន ២៧ ក្នុងការប្រកួតប្រជែង មុខម្ហូបអាហារអាសុីឆ្នើមឆ្នាំ២០១៩ នៅប្រទេសថៃ

spot_img

ភ្នំពេញ ៖ សមាគមចុងភៅកម្ពុជា បាននាំយកម្ហូបខ្មែរ និងចុងភៅកម្ពុជាចំនួន៣២រូប ទៅចូលរួមប្រកួតក្នុង កម្មវិធីប្រកួតប្រជែងមុខម្ហូបអាហាអាសុីឆ្នើម (Best Asian Gourmet Challenge) ឆ្នាំ២០១៩  រយៈពេល ០១សប្តាហ៍ ពីថ្ងៃទី ២៦ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដោយទទួលបានជ័យលាភី ពានមាស ១ និងមេដាយគ្រប់កម្រឹតថ្នាក់ ចំនួន២៧ ក្នុងនោះរួមមាន ៖

១- ពានមាសជ័យលាភីចំនួន ០១

២- មេដោយមាសចំនួន ០៣

៣- មេដាយប្រាក់ចំនួន ០៦

៤- មេដាយសំរឹទ្ធចំនួន ១៧ សម្រាប់បុគ្គលចំនួន ២៧ បន្ថែមទៀត

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូចូលរួមការប្រកួតនេះ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែងអាហារអាស៊ីឆ្នាំ២០១៩នេះ បានចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផលនារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ បណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានចុងភៅមកពីប្រទេសថៃ កម្ពុជា  ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន៣០ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ សរុបចុងភៅចូលរួមទាំងអស់ មានប្រមាណជិត ១៤០០នាក់។

សូមបញ្ជាក់ថា រសជាតិម្ហូបខ្មែរចំនួន ១០មុខ ដែលចូលរួមប្រកួត រួមមាន៖

១- ញាំក្រូចថ្លុងបង្គារ

២- សាច់គោអាំងទឹកប្រហុក

៣- សម្លរប្រហើរ

៤- អាម៉ុកត្រី

៥- ការីសាច់មាន់

៦- ឆាកង្កែបម្រេចកំពត

៧- ខប៉េងប៉ោះ

៨- គ្រំបំពងជ្រក់ស្វាយ

៩- បាយសម្រូបសណ្តែកខ្មៅ

១០-ស្ខ្យារល្ពៅ

សមាគមចុងភៅកម្ពុជាបាននាំមកនូវកិត្តិយស មុខមាត់ និងកិត្យានុភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ទេពកោសល្យនៃការផ្សំគ្រឿងចំអិនម្ហូប មិនគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ  ក៏ប៉ុន្តែអ្វីដែលជាមោទនភាព សម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ។

សមាគមចុងភៅកម្ពុជាបានបង្កើតឡើងនៅក្រុងសៀមរាបក្នុងឆ្នាំ២០១៣ ។ ឆ្នាំ២០១៩នេះ គឺជាលើកទី៧ហើយ ដែលសមាគមចុងភៅកម្ពុជាបាន បញ្ជូនក្រុមចុងភៅឆ្នើមៗ របស់ខ្លួនចេញទៅប្រកួតប្រជែងធ្វើម្ហូប ក្នុងកម្មវិធីធំៗខ្នាតអន្តរជាតិនៅក្រៅប្រទេស។  ជាការកត់សម្គាល់ទៅលើលទ្ធផលនៃការប្រកួតនេះ រាល់លើកដែលសមាគមចុងភៅកម្ពុជាដណ្តើមបាន គឺក្រៅពីមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាច្រើននោះ ជ័យលាភីពានមាស គឺសមាគមចុងភៅកម្ពុជា ទទួលបានចំនួន២លើក គឺឆ្នាំ២០១៤ ទទួលបានពានមាសក្នុងកម្មវិធីប្រកួតធ្វើម្ហូប (រសជាតិអាហារទន្លេមេគង្គ) នៅទីក្រុងបាងកក ប្រទេសថៃ  និងលើកទី២ គឺពានជ័យលាភីប្រកួតធ្វើម្ហូបអាស៊ី ឆ្នាំ២០១៩នេះ៕ ដោយ៖កូឡាប

spot_img
×