Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ចិន​នៅ​អា​មេ​រិច​ខឹងសម្បារ​យ៉ាងខ្លាំង ក្រោយពេល​អា​មេ​រិច​ស្នើ​ឲ្យ​ចិន​រម្លឹក​ខួប ៣០​ឆ្នាំ​ នៃ​ការបង្ក្រាប​យោធា​លើ​ក្រុម​និស្សិត​កាលពី ៣០​ឆ្នាំមុន​

spot_img

​ស្ថានទូត​ចិន​នៅក្នុង​សហរដ្ឋ​អា​មេ​រិច បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​នៅ​ថ្ងៃ​អង្គារ​នេះ ចំពោះ​សេចក្តី​ក្តីប្រកាស​របស់​អាមេរិច​លើ​ខួប​គម្រប់ ៣០​ឆ្នាំ នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​ទៅលើក្រុម​និស្សិត​របស់​ខ្លួន​នៅ​ទីលាន Tiananmen​។​

​នៅថ្ងៃនេះ កាលពី ៣០​ឆ្នាំមុន រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ការសម្រេចចិត្ត​បង្ក្រាប​ទៅលើ​ក្រុម​និស្សិត​ដែល​ដឹកនាំ​ការតវ៉ា ដើម្បី​ឲ្យមាន​ប្រជាធិបតេ​យ្យ​នៅក្នុង​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ចិន​មិន​ដែល​បាន​​បញ្ចេញ​តួលេខ នៃ​ចំនួន​អ្នក​ស្លាប់ និង​របួស នៃ​ការបង្ក្រាប​របស់​ខ្លួន​ឡើយ ប៉ុន្តែ​មាន​ការប៉ាន់ប្រមាណ​ថា មាន​និស្សិត​រាប់ពាន់នាក់ រហូត​ដល់​មុឺន​នាក់ បាន​ស្លាប់​នៅ​ក្នុង​ការបង្ក្រាប​យោធា​នោះ​។​

​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​ស្នើ​ឲ្យ​រដ្ឋ​ភិ​បាល​ក្រុង​ប៉េកាំង​ធ្វើការ​ប្រារព្ធ​ខួប​នៃ​ការបង្ក្រាប​នោះ ដោយ​ធ្វើ​ការដោះលែង​អ្នកទោស​ទាំងអស់ ដែល​បាន​តស៊ូ​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​។​

​ទោះយ៉ាងណា ស្ថានទូត​ចិន​បាន​ចេញ​សេចក្តីប្រកាស ដោយ​បាន​បញ្ជាក់ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo ធ្វើឡើង​ដោយ​ការ​លំអៀង និង​ក្រអឺតក្រទម និង​បាន​ជ្រៀត​ជ្រែង​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​ស្ថានទូត​ចិន​និយាយថា “​សិទ្ធិមនុស្ស​ចិន​គឺ​ស្ថិត​ក្នុង​ពេលវេលា​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​”​។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ មុន​ពេល​ខួប​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​ចូលមក ទីក្រុង​ប៉េកាំង​តែ​តែ​ធ្វើ​ការដាក់កំហិត​ទៅលើ​ប្រជាជន​ខ្លួន ដោយ​មិន​ឲ្យមាន​ការជួបជុំ ឬ​ធ្វើ​ខួប​រំលឹក​ជា​សាធារណៈ​នៅក្នុង​ប្រទេស​ចិន​ឡើយ​។​

​រដ្ឋាភិបាល​ចិន​ធ្លាប់បាន​ប្រកាសថា ការសម្រេចចិត្ត​បង្ក្រាប​លើ​ក្រុម​និស្សិត​ដែល​ដឹកនាំ​ការតវ៉ា​នៅ​ពេល​នោះ គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ channelnewsasia​

spot_img
×