Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​បេសកជន​ចិន ២០០០​នាក់ មក​ទស្សនា​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ បើ​តាម​ការគ្រោងទុក នា​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា នេះ ភាគី​កម្ពុជា​-​ចិន នឹង​បើក​វេទិកា «Business Matching Between Tour Operators of Cambodia and China» ឬ​ហៅ​ថា វេទិកា​ផ្គូរ​ផ្គង់​ដៃគូ​ធុរកិច្ច​ទេសចរណ៍ រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន (​អ្នកទិញ​) ចំនួន​៥០​ក្រុមហ៊ុន ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា (​អ្នកលក់​) ចំនួន​៥០​ក្រុមហ៊ុន ។​

​ដើម្បី​អបអរសាទរ «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩» រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​បញ្ជូន​គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​របស់​ខ្លួន ដឹកនាំ​ដោយ​លោក ចាង ស៊ុ អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ រួម​ជាមួយ​បេសកជន​ចិន ប្រមាណ ២​ពាន់​នាក់ ឱ្យ​ធ្វើ​ដំណើរ​មក​ទស្សន​កិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២-៨ ខែមិថុនា ហើយ​បេសកជន​ជាច្រើន ក្នុងចំណោម​២​ពាន់​នាក់​នោះ បាន​ធ្វើដំណើរ​មក ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប និង​ភ្នំពេញ​ជា​បណ្តើរៗ​ហើយ​។​

​នា​យប់​ថ្ងៃ​ទី​៤ ខែ​មិថុនា​នេះ គណៈប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន ដឹកនាំ​ដោយ​លោក​ចាង ស៊ុ អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ ដោយ​មាន​ការទទួល​បដិ​សណ្ឋារ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​។​

​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា នេះ លោក ចាង ស៊ុ អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន នឹង​ជួបពិភាក្សា​ជាមួយ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ តំណាង​លោកស្រី​រដ្ឋមន្ត្រី ភឿង សកុណា នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​។​

​ព្រម​ជាមួយគ្នានេះ នា​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា នេះ ភាគី​កម្ពុជា​-​ចិន​ក៏​បាន​នាំមក​នូវ​វេទិកា «Business Matching Between Tour Operators of Cambodia and China» ឬ​ហៅ​ថា វេទិកា​ផ្គូរ​ផ្គង់​ដៃគូ​ធុរកិច្ច​ទេសចរណ៍ រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន (​អ្នកទិញ​) ចំនួន​៥០​ក្រុមហ៊ុន ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​កម្ពុជា (​អ្នកលក់​) ចំនួន​៥០​ក្រុមហ៊ុន ផងដែរ​។​

​ជាងនេះទៀត នៅ​ល្ងាច​ថ្ងៃទី​៥ ខែមិថុនា ដដែល ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា សហការ​ជាមួយ​ភាគី​ចិន នឹង​រៀបចំ​ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា​-​ចិន នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ បន្ទាប់មក​នឹង​មាន ពិធី​លៀង​សាយ​ភោជន៍ ស្វាគមន៍​ជូន​បេសកជន​ចិន​ទាំងអស់ នា​ល្ងាច​ដដែល​នោះ​ផង​ដែរ​។​

​គណៈប្រតិភូ​បេសកជន​ចិន​ទាំង ២០០០​នាក់ ដែល​បាន​មក​ទស្សនា​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​ឱកាស​វិនិយោគ ក្នុង​វិស័យ​ទេសចរណ៍ និង​ជួយ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា ដល់​ប្រជាជន​ចិន ក៏ដូចជា​ទាក់ទាញ​ទេសចរ​ចិន មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែមទៀត​។​

​សូមជម្រាបថា «​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន​» នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន សហការ​ជាមួយ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​ផ្នែក​ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត មានដូចជា​ការជំរុញ​ការផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការសម្ដែង​សិល្បះ​រួម​គ្នា​ជាដើម​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×