Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ពង្រឹង​វិធានការ​ច្បាប់ ចុះ​រុះរើ​សំណង់​សង់​រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​អនុវត្ត​ច្បាប់ ទៅ​លើ​ម្ចាស់​សំណង់ ដែល​សង់​មិន​រៀបរយ ឬ​សង់​គ្មាន​សណ្តាប់ធ្នាប់ នាំឲ្យ​ប៉ះពាល់​ដល់​ដី​ចំណី​ផ្លូវ​សាធារណៈ​។​

​សកម្មភាព​នេះ អាជ្ញាធរ​ជំនាញ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចាប់ផ្តើម​ជា​បន្តបន្ទាប់ និង​បន្ត​រហូត​មកដល់​ថ្ងៃទី​៤ ខែ​មិថុនា​ឆ្នាំ​២០១៩ ដោយ​ក្រុមការងារ​ចំរុះ​ខាងលើនេះ ដឹកនាំ​ដោយលោក លី ចិត្ត​និយម ប្រធាន​សេដ្ឋកិច្ច នៃ​សាលាខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​ជំនាញ​ទាំងអស់នេះ បាន​ចុះ​ពិនិត្យ​រាល់​ការសាងសង់​សំណង់​នានា ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ធានា​ថា​សំណង់​ទាំងអស់ ដែល​បាន​សង់​មាន​របៀបរៀបរយ​ល្អ​។​

​ទាក់ទិន​បញ្ហា​នេះ បើ​តាម​ការសង្កេត​ផ្ទាល់ ជា​រៀង​រាល់​ថ្ងៃនេះ ជាពិសេស​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ គឺ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ចុះ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​មួយចំនួន ដែល​បាន​សាងសង់​សំណង់​រំលោភ​លើ​ចំណីផ្លូវ​ចំនួន ៣​ទីតាំង ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​លោក លី ចិត្ត​និយម បាន​ព្រមាន​ថា សំណង់​ដែល​បាន​សង់​រំលោភ​ចំណីផ្លូវ ត្រូវតែ​រុះរើ​ចេញ​វិញ បើ​មិន​រុះរើ​ទេ​ក្រុមការងារ នឹង​ចាត់វិធានការ​តាម​នីតិវិធី​។​

​លោក​បន្ត​ទៀត​ថា រដ្ឋបាល​ខេត្ត​សូម​លើកទឹកចិត្ត ចំពោះ​អ្មកវិនិយោគ​ទុនទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ស្រប​ច្បាប់​។​

​ទន្ទឹមនេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក​សូម​អំពាវនាវ​ដល់​ម្ចាស់​ការដ្ឋាន​សំណង់់​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់ ដើម្បី​ចៀងវាង​ការខូចខាត​បាត់បង់​ផលប្រយោជន៍​នៅ​ពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អនុវត្ត​តាម​ច្បាប់​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាព​សំណង់​នៅ​ក្រុងព្រះសីហនុ សព្វថ្ងៃនេះ មាន​សភាព​រីកដុះដាល​ខ្លាំង​គួរឲ្យកត់សំគាល់​។ ហើយ​ថា តាមរយៈ​ការវិនិយោគ​លើ​វិស័យ​សំណង់​នេះ​បាន​ធ្វើឲ្យ​ខេត្តព្រះសីហនុ មានការ​ប្រែ​មុខមាត់​ថ្មី​។ រីឯ​ជីវភាព​ប្រជាជន​ក៏​បាន​ប្រសើរឡើង​ជា​លំដាប់ គួរ​ជាទី​មោទនៈ​។​

​យ៉ាងនេះក្តី ក៏​នៅ​មាន​ម្ចាស់​សំណង់​មួយចំនួន​តូច នៅ​មិនទាន់​បាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​សំណង់​នៅ​ឡើយ​ទេ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​បញ្ជាក់ថា បញ្ហា​ប្រឈម​ខ្លះៗ ដែល​កំពុងតែ​កើតមាន​នៅ​មូលដ្ឋាន​នេះ​ក្រុងព្រះសីហនុ គឺ​មន្ត្រី​ជំនាញ​កំពុង​តាម​ណែនាំ និង​មាន​វិធានការ​រដ្ឋបាល​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​៕ ដែន សីមា​

spot_img
×