Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​ដី​សាលារៀន​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​ត្រូវគេ​ឃុបឃិត​ចែកគ្នា កាន់កាប់​ជា​ឡូ​តិ៍ៗ យ៉ាង​អនាធិបតេយ្យ​ដែរ​

spot_img

​ព្រះសីហនុ ៖ ខណៈ​បច្ចុប្បន្ននេះ តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ កំពុង​មានការ​ឡើងថ្លៃ ហើយ​មតិ​មហាជន​បាន​លើកឡើងថា ដី​នៅ​សាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ កំពុង​ត្រូវបាន​គេ​ឃុបឃិត​គ្នា រំលោភ​ចែកជា​ឡូ​តិ៍ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ប្រភព​បាន​បញ្ជាក់ថា ប្រហែលជា​មានការ​ឃុបឃិត​គ្នា​រវាង​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា នាយក​សាលា រួមជាមួយ​លោកគ្រូ អ្នកគ្រូ ទើប​ធ្វើ​ឲ្យ​មានការ​បែងចែក​ដី​ឡូ​តិ៍​របស់​សាលា ដែលជា​ដី​របស់​រដ្ឋ ដោយមាន​ការសង់​ផ្ទះ និង​បែង​ចែកជា​ឡូ​តិ៍​យ៉ាង​អនាធិបតេយ្យ​ដូចនេះ​។ នេះ​បើតាម​ការចុះផ្សាយ​លើ​វេ​ប​សាយ​របស់លោក​វីល្លាម​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់យោបល់​កាលពី​ថ្ងៃទី ៥ ខែមិថុនា​។​

​ជុំវិញ​ករណី​លោកគ្រូ អ្នកគ្រូ ចាប់ដី​សាលាបឋមសិក្សា ហ៊ុន សែន​ខាងលើនេះ លោកនាយក​សាលា បាន​ឲ្យ​ដឹងថា គឺ​លោក​ពុំមាន​ការឃុបឃិត​នោះឡើយ ហើយ​លោក​ក៏បាន​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់នោះ បញ្ឈប់​សកម្មភាព ព្រោះថា ដី​នេះ​ជា​ដី​របស់​រដ្ឋ មិនអាច​អោយទៅ​បុគ្គល​ណា​បានឡើយ ហើយ​លោក​ក៏បាន​ធ្វើ​របាយការណ៍​ជូនទៅ​មន្ទីរអប់រំ​យុវជន និង​កីឡា ក៏ដូចជា​អាជ្ញាធរ​ក្រុង​ខេត្ត ដើម្បី​ជូនជ្រាប​ផងដែរ​។​

​លោក កែវ ឡាយ ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ ក៏បាន​លើកឡើងថា ជុំវិញ​ករណី​លោកគ្រូ អ្នកគ្រូ​ចំនួន​៤២​នាក់ បានស្នើ​សុំ​មក​មន្ទីរ សុំ​ដី​របស់​សាលា​នោះ គឺ​លោក​មិន​អនុញ្ញាត​នោះទេ ព្រោះ​ដី​នេះ​ជា​ដី​របស់​សាលា និង​ជា​ដី​របស់​រដ្ឋ ហើយ​លោក​ក៏បាន​បដិសេធ ជុំវិញ​បញ្ហា​ការ​លើកឡើងថា មានការ​ឃុបឃិត​ពី​មន្ទីរអប់រំ ជាមួយនឹង​លោកគ្រូ អ្នកគ្រូ ក្នុង​ការចែក​ដី​របស់​រដ្ឋ​នោះដែរ ហើយ​ជុំវិញ​បញ្ហា​នេះដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ចុះមក​ពិនិត្យ​ទីតាំង​ជាក់ស្ដែង និង​ពន្យល់​ណែនាំ​ទៅដល់​លោកគ្រូ អ្នកគ្រូ​ដែលមាន​បំណង​ស្នើសុំ​ចង់បាន​ដី​របស់​សាលា​នោះ ក៏​លោក​អភិបាល​មិន​អនុញ្ញាត​ដែរ ព្រោះ​ដី​នេះ​ជា​ដី​ជាប់​អាំងទែ​របស់​រដ្ឋ​។​

​ទោះបី​មានការ​បដិសេធ​ក្នុងការ​ស្នើសុំ​របស់លោក​គ្រូ អ្នកគ្រូ​ទាំង​៤២​នាក់ ពី​នាយក​សាលា​រហូតដល់​អាជ្ញាធរខេត្ត​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញថា ដី​នៅ​ទីតាំង​ដែល​កំពុង​តែមាន​ការរំលោភ​នេះ កំពុងតែ​បន្តធ្វើ​សកម្មភាព ដូចជា​ការកសាង​ផ្ទះ និង​បែង​ចែកជា​ឡូ​តិ៍ៗ កំពុងតែបន្ត​សកម្មភាព​របស់ខ្លួន ដោយ​មិន​មានការ​ខ្លាចញញើត​ជាមួយនឹង​សមត្ថកិច្ច ក៏ដូចជា​អាជ្ញាធរ​នោះឡើយ​។​

​ដូចនេះ​ជុំវិញ​បញ្ហា​ការរំលោភបំពាន​ដី​របស់​សាលា​នេះ បើ​អាជ្ញាធរ​នៅតែ​បណ្ដែតបណ្ដោយ​មិនមាន​ការដោះស្រាយ​នោះទេ ធ្វើ​ឲ្យ​មតិ​មហាជន​ក៏ដូចជា​លោកគ្រូ អ្នកគ្រូ ដែល​នៅ​សាលា​ផ្សេងៗ​ទៀត ក៏​អាច​នឹងមាន​ការកើតឡើង​ក្នុងការ​រំលោភបំពាន​ដី​របស់​សាលា ដូច​សាលាបឋមសិក្សា ហ៊ុន សែន​ក្រុង​នេះដែរ ព្រោះថា​ដី​របស់​សាលា គឺមាន​ទីធ្លា​ធំ​ទូលាយ​ស្ទើរតែ​គ្រប់​ទីកន្លែង ដូចនេះ​បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច មិនមាន​វិធានការ​ទប់ស្កាត់​នោះទេ នឹង​ជួប​បញ្ហា​នៅ​សាលា​ផ្សេងៗ​ទៀត​ជាក់​ជាមិនខាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×