Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិវឌ្ឍន៍ និង​ពង្រីក​កិច្ច​គាំទ្រ វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​៖ ការវាយតម្លៃ​ឯករាជ្យ​នៅក្នុង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​

spot_img

​រាជធានី​ភ្នំពេញ ៖ យោង​តាម​ការវាយតម្លៃ​មួយ​នា​ពេល​ថ្មីៗ​នេះ ដែល​ធ្វើឡើង​ដោយ​នាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ADB នឹង ត្រូវ​ធ្វើការ​វិវឌ្ឍន៍ និង​ពង្រីក​កិច្ច​គាំទ្រ​របស់​ខ្លួន ចំពោះ​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង ទាក់ទាញ​ឱ្យមាន​ការចូលរួម​កាន់​តែ​ច្រើន​ពី​វិស័យ​ឯកជន ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​ដែល​កំពុង​មាន​ចំនួន​កើនឡើង នៅ​តំបន់​ទីក្រុង​។ ការចេញផ្សាយ​នៃ​ការវាយតម្លៃ​ឯករាជ្យ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ភ្នំពេញ​។​

​បើ​ទោះបីជា​កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ក៏​ដោយ ប៉ុន្តែ ការ​ផ្តល់​អាទិភាព​លើ​វិស័យ​កសិកម្ម ដែល​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជម្រុញ​កំណើន​សេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ហាក់ដូចជា​នៅ​មាន​កម្រិត បើ​ធៀប​ទៅ​នឹង​វិស័យ ទេសចរណ៍ និង​ឧស្សាហកម្ម​កាត់ដេរ​។​

​កម្ពុជា​គឺជា​ករណី​សិក្សា​មួយ​ក្នុងចំណោម​ករណី​សិក្សា​ចំនួន​៤ ដែល​រួមមាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង តាជី​គី​ស្ថាន នៅ​ក្នុង​ការវាយតម្លៃ​ទៅលើ​កិច្ច​គាំទ្រ​របស់ ADB ដែល​មាន​ថវិកា​សរុប​ចំនួន ១២,២​ពាន់​លាន ដុល្លារ ដែល​ផ្តល់​សម្រាប់​វិស័យ​កសិកម្ម ធនធានធម្មជាតិ និង​ការអភិវឌ្ឍន៍​ជនបទ ក្នុង​ឆ្នាំ ២០០៥-២០១៧​។ ប្រទេស​ទាំងនេះ​មាន​ចំណែក​ច្រើន​គួរឱ្យ​កត់សម្គាល់​នៅក្នុង​ប្រតិបត្តិការ​តាម​វិស័យ​របស់ ADB​ក្នុងអំឡុងពេល​នៃ​ការវាយតម្លៃ​។​

​លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ បាន​មានប្រសាសន៍​ឱ្យដឹងថា “​នៅក្នុង​កិច្ចខិតខំ​ក្នុងការ​ជម្រុញ​ការចូលរួម​របស់​យើង​នៅក្នុង​វិស័យ​កសិកម្ម គេ​ចាំបាច់​ត្រូវ​ស្វែងរក​មេរៀន​នានា និង រៀនសូត្រ​ពី​បទ​ពិសោធន៍​របស់​គម្រោង​ដែល​បាន​អនុវត្ត​នាពេ​ល​កន្លង​មក​។ មេរៀន​មួយ ដែល​បាន​ធ្វើឱ្យ​សមិទ្ធិ​កម្ម​មាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ គឺជា​ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការដោះ​ស្រាយ​​បរិបទ​ពិបាកៗ​នៅក្នុង វិស័យ​កម្ម ព្រមទាំង​ភាពស្មុគស្មាញ​ក្នុងការ​រចនា​គម្រោង​។​”

​កិច្ចខិតខំ​របស់​ADB​ក្នុង​ការពង្រឹង​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​របស់​កម្ពុជា (​ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រម​ជាមួយ​នឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​) តាមរយៈ​កំណែទម្រង់​គោលនយោបាយ គឺជា​សកម្មភាព​មួយ​ដែល​មាន​សក្តានុពល​។ ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជ​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​ដែល​ធន់​នឹង​អាកាសធាតុ ដែល​កំពុង​បន្ត​អនុវត្ត ត្រូវបាន​រៀបចំឡើង​ដើម្បី​ជួយ​ដល់​កសិករ​ក្នុង​ខេត្ត​បាត់ដំបង កំពង់ធំ និង​ព្រៃវែង ក្នុង​ការបង្កើន​ផលិតកម្ម និង ប្រសិទ្ធ​ផល ព្រមទាំង​ខ្សែសង្វាក់​តម្លៃ​ស្រូវ​-​អង្ករ និង ដោះស្រាយ ឧបសគ្គ​រាំងស្ទះ​ផ្នែក​គោលនយោបាយ សម្រាប់​ខ្សែសង្វាក់​តម្លៃ​ទាំងនេះ​ឱ្យ​បំពេញ​មុខងារ​ដោយ រលូន​។ នេះ​គឺជា ចំណែក​មួយ​នៃ​ក្រុម​គម្រោង​ខ្សែសង្វាក់​តម្លៃ​ដែល​គាំទ្រ​ដោយ​ADB​នៅ​កម្ពុជា និង​បណ្តា​ប្រទេសជិតខាង ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​កសិកម្ម នៅតាម​តំបន់​ដែល​ត្រូវបាន​ជ្រើសរើស តាម​បណ្តោយ​របៀង​ដឹកជញ្ជូន​នៃ​មហា​អនុ​តំបន់​មេគង្គ​។​

​ការវាយតម្លៃ បាន​កត់សម្គាល់​ថា កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ក្នុង​ការស្រាវជ្រាវ​លើ​វិស័យ កសិកម្ម ដែល​ការខ្វះខាត​នេះ​ក៏​កើតមាន​ផងដែរ នៅ​ប្រទេស​មួយចំនួន​ទៀត​នៅ​អាស៊ី​។ មានកា​សម្គាល់​ឃើញថា ការប្រើប្រាស់​ឧបករណ៍​សម្ភារៈ​ហួស​សម័យ នាំឱ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណភាព​នៃ​លទ្ធផល​ស្រាវជ្រាវ​។ ចាប់តាំងពី ឆ្នាំ​២០០០ មក កំណើន​ភាគច្រើន​ក្នុង​ការចំណាយ​លើ​វិស័យ​កសិកម្ម​នៅ​អាស៊ី រួម​ទាំង​ការស្រាវជ្រាវ​អំពី​កសិកម្ម​ផង មានការ​រុញច្រាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ឥណ្ឌា និង​ប្រទេស​ឥណ្ឌូនេស៊ី​។​

ADB​កំពុង​បង្កើន​កិច្ច​គាំទ្រ​របស់​ខ្លួន​ក្នុង​វិស័យ​កសិកម្ម ក្នុង​ពេលវេលា​មួយ​ដ៏​ចាំបាច់​សម្រាប់ វិស័យ​នេះ​។ លោកស្រី Véronique Salze-Lozac h អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់​ADB​មានប្រសាសន៍ ថា “​ការបន្ត​ផ្តោត​កិច្ច​គាំទ្រ​លើ​ផលិតកម្ម​កសិកម្ម និង​សន្តិសុខ​ស្បៀង ព្រមទាំង​ការកសាង និង​កែលម្អ​ហេដ្ឋរចនាសម្ព័ន្ធ គឺ​មិន​គ្រប់គ្រាន់​ឡើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មាន​ការ​វិវឌ្ឍន៍​ឥតឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី​”​។ លោកស្រី​បន្ត​ថា “​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ ផ្តោត​កាន់តែខ្លាំង​ទៅលើ​ខ្សែសង្វាក់​តម្លៃ ហើយ​វិស័យ​ឯកជន​ក៏​កំពុងតែ​មាន​ឥទ្ធិពល និង ការទទួលខុសត្រូវ​កា​ន់​តែ​ខ្លាំង​ផងដែរ ចំពោះ​ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។ កិច្ច​គាំទ្រ​ចំពោះ​វិស័យ​កសិកម្ម​ពី​សំណាក់​រដ្ឋាភិបាល និង ដៃគូ​អភិវឌ្ឍន៍ ត្រូវមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ជាង​នេះ ព្រមទាំង​ត្រូវ​ពិចារណា​លើ​បញ្ហា​ដទៃ​ទៀត បន្ថែម​ពីលើ បញ្ហា​ផលិតកម្ម​។​”

​បណ្តា​ប្រទេស​នៅ​អាស៊ី កំពុង​ជួបប្រទះ​បញ្ហា​ប្រឈម​ស្រដៀង​គ្នា និង សម្រាប់​ជា​ការឆ្លើយតប ភាគរយ​នៃ​ការផ្តល់ ឥណទាន​សម្បទាន​ប្រចាំឆ្នាំ​របស់​ADB បាន​កើនឡើង​ចំនួន ២% ក្នុង​ឆ្នាំ​២០០៧ ទៅ ១២% ក្នុង​ឆ្នាំ​២០១៧​។ ការវាយតម្លៃ​បាន​រកឃើញថា ADB​មាន​សក្តានុពល​ក្នុង​ការរួមចំណែក​ផ្តល់​វិភាគទាន​ច្រើន​គួរឱ្យ​កត់សម្គាល់​ចំពោះ​វិស័យ​នេះ​។ សមិទ្ធិ​កម្ម​របស់​គម្រោង ដែល​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​ADB​កំពុង​មាន​ភាព​រីកចម្រើន ប៉ុន្តែ​លទ្ធផល​កន្លងមក​នៅ​មាន​កម្រិត​ទាប​នៅ ឡើយ​។ ជាទូទៅ កំណើ​ន​នៃ​ការផ្តល់ ឥណទាន​សម្បទាន បាន​គាំទ្រ​ដល់​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ដោយ​ផ្តោត​លើ ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង នឹង​ទឹក​។ បើទោះបី​គេ​នៅ​ត្រូវការ​ឱ្យមាន​កិច្ច​គាំទ្រ​នេះ​ក៏​ដោយ ជាពិសេស​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ គេ​ក៏​ត្រូវការ​គាំទ្រ​ដល់​ខ្សែសង្វាក់​តម្លៃ​កសិកម្ម និង ការអភិវឌ្ឍន៍​វិស័យ​ឯកជន​ផង​ដែរ ខណៈពេល​ដែល​តម្រូវកា​រ​តំបន់​មាន​ការប្រែប្រួល​។​

​គម្រោង​កសិកម្ម​ដែល​បាន​ទទួល​កិច្ច​គាំទ្រ​ពី​ADB នៅ​កម្ពុជា ផ្តោត​ទូលំទូលាយ​លើ​ការកាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍន៍​ជនបទ ដោយ​ផ្តោត​លើ​ការស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ ការលើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គ្រប់គ្រង​ទឹកជំនន់ ការគាំទ្រ​កសិករ​ខ្នាត​តូច និង ការកសាង​ភាព​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ការផ្តោត​យកចិត្តទុកដាក់​នេះ ឆ្លុះបញ្ចាំង​អំពី​សេចក្តីត្រូវការ​បង្កើតឱ្យមាន វឌ្ឍនភាព​បន្ថែមទៀត ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង គាំទ្រ​ដល់​កិច្ចខិតខំ​របស់​កម្ពុជា​ក្នុង​ការកាត់បន្ថយ​វិបត្តិ​អាកាសធាតុ​។

ធនាគារ​អភិវឌ្ឍន៍អាស៊ី ក៏បាន​ផ្តល់​ការវិនិយោគ​គួរឱ្យកត់សម្គាល់​ផងដែរ​សម្រាប់​ជំនួយ​ស្បៀង​សង្គ្រោះបន្ទាន់ ជូន​ដល់ កម្មវិធី​សង្គម​របស់​រដ្ឋាភិបាល ក្នុងអំឡុងពេល​នៃ​វិបត្តិ​តម្លៃ​ស្បៀងអាហារ​ពិភពលោក ឆ្នាំ​២០០៨​។​

​បញ្ហា និង​កត្តា​ប្រឈម​នានា​ដែល​កើតឡើង​ក្នុងប្រទេស​កម្ពុជា មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​បញ្ហា និង​កត្តា​ប្រឈម​ដែល​បាន​រកឃើញ​នៅក្នុង​តំបន់​ផងដែរ​។ បញ្ហា​ប្រឈម​ចម្បងៗ​សម្រាប់​គម្រោង​កសិកម្ម​ដែល​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​ADB​រមែង​តែង​មាន​ឫសគល់​ពី​បញ្ហា​នៅ​ក្នុង​ការ​រចនា​គម្រោង និង និរន្តរភាព ដោយសារ​ស្ថាប័ន​ទន់ខ្សោយ និង ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​សម្រាប់​ប្រតិបត្តិការ និង​ការថែទាំ​។​

​ទោះ​យ៉ាងណាក្តី ក៏​មាន​ចំណុច​វិជ្ជមាន​គួរឱ្យកត់សម្គាល់​ផងដែរ​។ ការងារ​របស់​ADB​នៅ​តំបន់​ទន្លេសាប (​ដែល​កំពុង​ចាប់​ដៃគូ​ជាមួយ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម ដើម្បី​ទាញ​ប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​ពី​ជំនាញ​ឯកទេស​ក្នុងការ​ធ្វើ​ការងារ​ជាមួយ​ជនក្រីក្រ​របស់​មូលនិធិ​នេះ​) កំពុង ផ្តល់​ផល​ជា​វិជ្ជមាន​។ គម្រោង កាត់ បន្ថយ ភាព ក្រីក្រ តាម បឹង ទន្លេសាប និង ការ អភិវឌ្ឍ កសិករ ខ្នាត តូច ដែល​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៩ កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល​ក្នុង​ការបង្កើន​ការអភិវឌ្ឍ​ដែល​មាន​ការ​រុញច្រាន​ពី​សហគមន៍ តាមរយៈ​ការវិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការកែលម្អ​ផលិតភាព ការអភិវឌ្ឍ​សមត្ថភាព និង ការកែលម្អ​លទ្ធភាព​ក្នុង​ការទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​កសិករ​ខ្នាត​តូច​៕​ ដោយ​៖​កូឡាប​

spot_img
×